របាំគោះត្រឡោក ដែលមានឈ្មោះដើមថា «របាំកណ្តូបសេះ» គឺជាទម្រង់សិល្បៈប្រជាប្រិយខ្មែរមួយប្រភេទដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរនៅតាមជនបទ ជាពិសេសនៅ ខេត្តស្វាយរៀង។របាំគោះត្រឡោកមានប្រភពចេញពី ល្បែងប្រជាប្រិយ ឬជាទម្រង់នៃការកម្សាន្តដែលប្រជាកសិករខ្មែរបានបង្កើតឡើងដោយឯកឯងតាំងពីយូរលង់ណាស់មកហើយ ក្នុងតំបន់មួយចំនួនដូចជា ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រទេសកម្ពុជាសម្បូរទៅដោយដើមដូង ដែលជាធនធានកសិកម្មសំខាន់ អ្នកស្រុកបានយក ត្រឡោកដូង ដែលជាវត្ថុធាតុសាមញ្ញមាននៅតាមផ្ទះ មកប្រើប្រាស់ជាឧបករណ៍សម្រាប់លេងល្បែង ឬបញ្ចេញកាយវិការត្រាប់តាមសត្វ ឬសកម្មភាពបរបាញ់និងកសិកម្ម។ ត្រឡោកបានក្លាយជាឧបករណ៍តន្រ្តីបណ្តោះអាសន្នសម្រាប់ការកម្សាន្តសប្បាយបន្ទាប់ពីការងារនឿយហត់ របាំនេះត្រូវបានប្រជាពលរដ្ឋនិយមយកមកសម្តែងនៅក្នុង ពិធីអាពាហ៍ពិពាហ៍ មង្គលការកូនប្រុសស្រី ជាពិសេសនៅក្នុង ពិធីហែកូនកំលោះ។យោងតាមជំនឿខ្មែរ ការរាំគោះត្រឡោកក្នុងពិធីមង្គលការ គឺជាការបង្កើត សិរីសួស្តី និងតំណាងឱ្យ ភោគផលកសិកម្ម និង ការចងសម្ព័ន្ធរវាងភេទស្រី និងភេទប្រុស (ត្រឡោកញីឈ្មោល) ដែលជាប្រភពនៃកំណើត និងការលូតលាស់។

ទោះបីជាមានវត្តមានយូរអង្វែងនៅក្នុងសហគមន៍ក៏ដោយ ក៏របាំនេះមិនទាន់មានលក្ខណៈស្តង់ដារ ឬត្រូវបានគេទទួលស្គាល់ជាផ្លូវការក្នុងកម្រិតជាតិនៅឡើយទេ រហូតដល់ពាក់កណ្តាលសតវត្សរ៍ទី ២០។

• អំឡុងឆ្នាំ ១៩៦៥ ក្រុមអ្នកស្រាវជ្រាវមកពី អភិរក្សមន្ទីរជាតិនៃទស្សនីយភាព និង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចុះទៅដល់មូលដ្ឋាន (ខេត្តស្វាយរៀង) ដើម្បីសិក្សា និងរៀនសូត្រពីក្បាច់រាំដើមរបស់ប្រជាជន។ ពួកគេបានអញ្ជើញគ្រូដើមម្នាក់ដែលចេះចាំរបាំនេះឈ្មោះ លោកគ្រូ វ៉ាត (ជាគ្រូបង្រៀននៅសាលាបឋមសិក្សាមួយក្នុងខេត្តស្វាយរៀង) ឱ្យមកជួយបង្រៀនក្បាច់រាំនៅទីក្រុងភ្នំពេញ។

បន្ទាប់ពីការសិក្សា និងចងក្រងរួចរាល់ អ្នកជំនាញបាន ដំឡើង របាំនេះឱ្យមានទ្រង់ទ្រាយជាសិល្បៈទស្សនីយភាពសម័យថ្មី ដោយបន្ថែមការរៀបចំចលនា លំនាំភ្លេង និងសម្លៀកបំពាក់ឱ្យកាន់តែមានរបៀបរៀបរយ។របាំគោះត្រឡោកត្រូវបានដំឡើងហើយចាប់ផ្តើម ប្រើប្រាស់ជាផ្លូវការ ដោយបានសម្តែងជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនាចាប់ពីឆ្នាំ ១៩៦៦ ជារៀងរហូតមក។

អ្វីដែលធ្វើឱ្យរបាំគោះត្រឡោកមានភាពលេចធ្លោជាងរបាំដទៃ គឺការប្រើប្រាស់សម្ភារៈដ៏សាមញ្ញ និងលក្ខណៈសម្គាល់មួយចំនួនដូចជា៖

តួអង្គរបាំម្នាក់ៗត្រូវកាន់ ត្រឡោកដូងពីរចំហៀង ដែលបានចិតសំអាតរួចរាល់ ដោយត្រឡោកនីមួយៗត្រូវបានចោះរន្ធតូចមួយនៅចំកណ្តាលដើម្បីឱ្យមានសម្លេងរងំពិរោះនៅពេលគោះអ្នករាំប្រើត្រឡោកទាំងនេះសម្រាប់ គោះបុកគ្នា តាមចង្វាក់ភ្លេង។ ការគោះអាចធ្វើនៅកន្លែងផ្សេងៗនៃរាងកាយ ដូចជាគោះពីលើក្បាល គោះលើស្មា គោះលើកែងដៃ គោះលើភ្លៅ គោះលើជង្គង់ ឬគោះផ្ទប់នឹងដី ដែលបង្កើតបានជាចង្វាក់ភ្លេងដ៏រស់រវើក និងគួរឱ្យទាក់ទាញ។

 

របាំនេះសម្តែងដោយ ទាំងបុរស ទាំងនារី ជាក្រុម ឬជាគូ ដោយមានចំនួនចាប់ពី ៨ នាក់ឡើងទៅ។បុរសស្លៀកខោខ្លី ឬខោចែវធម្មតា អាវកឬអាវយឺត ឯងចង ក្រមា កាត់ឆៀងនៅលើខ្លួន ចំណែកឯស្លៀកសំពត់ហូល ឬផាមួង និងអាវប៉ាក់ ឬអាវប្រពៃណីជនបទ គ្រប់តួសម្តែងស្លៀកពាក់បែបអ្នកស្រែចំការ សាមញ្ញ តែមានពណ៌ស្រស់ឆើតឆាយ។

បើងាកមកមើលចង្វាក់ភ្លេងសម្រាប់របាំគោះត្រឡោកជាទូទៅប្រើប្រាស់ វង់ភ្លេងប្រពៃណី មានដូចជាស្គរ ដំបង ដុល ត្រែ កញ្ឆែត ខ្លុយ និងឧបករណ៍គោះចង្វាក់ដទៃទៀត។ចង្វាក់ភ្លេងមានលក្ខណៈ លឿន រស់រវើក និងស្វាហាប់ ដើម្បីជំរុញឱ្យអ្នករាំធ្វើចលនាលោត កាច់រាង ឱនអោន និងបង្វិលខ្លួនទៅតាមសំឡេងត្រឡោកដែលគោះបុកគ្នា។

របាំគោះត្រឡោកមិនមែនគ្រាន់តែជាការកម្សាន្តនោះទេ តែវាជាការឆ្លុះបញ្ចាំងពី ជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅជនបទ៖

ចលនារាំមួយចំនួនបានត្រាប់តាមសកម្មភាពកសិកម្ម ឬសកម្មភាពបរបាញ់ដែលត្រូវការភាពរហ័សរហួន របាំគូស្វាមីភរិយា ឬរបាំរវាងបុរសនិងនារីបង្ហាញពីការ លេងសើច ការល្បួងលួងលោម ឬការបង្ហាញក្តីស្រឡាញ់តាមរបៀបកំប្លុកកំប្លែង។ ភាពស៊ីគ្នាគ្នានៃការគោះត្រឡោករបស់អ្នករាំច្រើននាក់បង្ហាញពី ការរួបរួម សាមគ្គីភាព និងភាពចុះសម្រុងគ្នាក្នុងសហគមន៍ពេលខ្លះរបាំនេះក៏ត្រូវបានសម្តែងក្នុងឱកាសពិធីបុណ្យប្រពៃណី ឬការបន់ស្រន់សុំសេចក្តីសុខចម្រើន និងភោគផលល្អផងដែរ។

 

 

អត្ថបទ៖ ជួន សុធា