ទីក្រុងប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទទួលជួបពិភាក្សាជាមួយមេដឹកនាំគណបក្សប្រឆាំងដ៏ធំរបស់តៃវ៉ាន់ កាលពីថ្ងៃសុក្រ ក្នុងជំនួបដ៏កម្រមួយដែលភាគីទាំងពីរបានសង្កត់ធ្ងន់លើ "សន្តិភាពឆ្លងច្រកសមុទ្រ"។ លោកស្រី ចេង លីវុន (Hung Hsiu-chu) គឺជាមេដឹកនាំជាន់ខ្ពស់ដំបូងគេនៃគណបក្សគួមីនតាង ដែលបានធ្វើទស្សនកិច្ចនៅចិនក្នុងរយៈពេលជិតមួយទសវត្សរ៍ ខណៈដែលទីក្រុងប៉េកាំងបានកាត់ផ្ដាច់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ តាំងពីឆ្នាំ២០១៦ បន្ទាប់ពីលោកស្រី សៃ អ៉ីងវិន មកពីបក្សកាន់អំណាច (DPP) ឡើងកាន់តំណែង។
ក្នុងជំនួបនៅវិមានប្រជាជន លោក ស៊ី ជីនពីង បានថ្លែងថា យើងជួបគ្នាថ្ងៃនេះ ដើម្បីការពារសន្តិភាព និងស្ថិរភាពនៃមាតុភូមិរួម និងដើម្បីផ្តល់អនាគតដ៏ស្រស់បំព្រងដល់មនុស្សជំនាន់ក្រោយ។ លោកបានបញ្ជាក់ថា ចិនត្រៀមខ្លួនជានិច្ចក្នុងការសន្ទនាជាមួយគ្រប់ភាគី រួមទាំងគណបក្ស KMT ផងដែរ ឱ្យតែភាគីទាំងនោះឈរលើគោលការណ៍ "ប្រឆាំងឯករាជ្យភាពតៃវ៉ាន់"។

ជាការឆ្លើយតប លោកស្រី ចេង បានលើកឡើងថា ការស្តារវិបុលភាពនៃប្រជាជាតិចិនឡើងវិញ គឺជាបំណងប្រាថ្នារួមនៃប្រជាជនទាំងសងខាងច្រកសមុទ្រ និងជាការរួមចំណែកដល់សន្តិភាពពិភពលោក។ ក្រោយជំនួបបិទទ្វារ លោកស្រី ចេង បានសង្កត់ធ្ងន់ទៅកាន់អ្នកសារព័ត៌មានថា ការរក្សា "កុងសង់ស៊ីសឆ្នាំ១៩៩២" (ការយល់ដឹងថាមានចិនតែមួយ ប៉ុន្តែបកស្រាយផ្សេងគ្នា) គឺជាមធ្យោបាយតែមួយគត់ដើម្បីជៀសវាងសង្គ្រាម និងសោកនាដកម្ម។
យ៉ាងណាមិញ គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចនៅតៃវ៉ាន់ បានរិះគន់ដំណើរទស្សនកិច្ចនេះយ៉ាងខ្លាំង ដោយចោទប្រកាន់លោកស្រីថាជា "អ្នកសង្កេតការណ៍" ឱ្យទីក្រុងប៉េកាំង និងបានច្រានចោលកុងសង់ស៊ីសឆ្នាំ១៩៩២ ដោយលើកហេតុផលថា វាធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់កោះតៃវ៉ាន់។ ខណៈដែលគណបក្ស KMT រក្សាទំនាក់ទំនងល្អជាមួយចិន ទីក្រុងប៉េកាំងបានបដិសេធដាច់អហង្ការមិនធ្វើការចរចាជាមួយប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្ន លោក ឡៃ ឈីងតេ (Lai Ching-te) ឡើយ ដោយបានដាក់ស្លាកសញ្ញារូបលោកថាជា "អ្នកបំបែកខ្លួន" និងជា "អ្នកបង្កបញ្ហា"។ ទោះបីជាលោក ឡៃ បានប្តេជ្ញារក្សាស្ថានភាពដើម (Status Quo) ក៏ដោយ ប៉ុន្តែប្រជាជនតៃវ៉ាន់ភាគច្រើននៅតែមានទស្សនៈចម្រុះ៖ ពួកគេចង់រក្សាអធិបតេយ្យភាពខ្លួនឯងផង និងចង់រក្សាសន្តិភាពដោយមិនប្រកាសឯករាជ្យជាផ្លូវការដើម្បីជៀសវាងការឈ្លានពានពីចិនផងដែរ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖BBC