ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសុក្រ ទី១០ ខែមេសា ថា ប្រទេសចិន និងកូរ៉េខាងជើង បានព្រមព្រៀងគ្នាក្នុងការបង្កើនទំនាក់ទំនង និងការសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធលើកិច្ចការតំបន់ និងអន្តរជាតិសំខាន់ៗ។ ការសម្រេចនេះធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un)។

លោក វ៉ាង យី បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅទីក្រុងព្យុងយ៉ាង ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ដែលមានគោលបំណងចម្បងក្នុងកការជំរុញទំនាក់ទំនងទ្វេភាគីឡើងវិញ បន្ទាប់ពីការផ្លាស់ប្តូររវាងប្រទេសទាំងពីរត្រូវបានបង្កកដោយសារវិបត្តិជំងឺកូវីដ-១៩។ ទស្សនកិច្ចនេះក៏កើតឡើងចំពេលដែលលោក គីម ជុងអ៊ុន កំពុងបង្កើនទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយទីក្រុងមូស្គូផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោក វ៉ាង យី បានប្រាប់លោក គីម ថា៖ «ប្រឈមមុខនឹងស្ថានភាពអន្តរជាតិដ៏ច្របូកច្របល់ និងស្មុគស្មាញ ចិន និងកូរ៉េខាងជើង ចាំបាច់ត្រូវពង្រឹងការប្រាស្រ័យទាក់ទង និងការសម្របសម្រួលបន្ថែមទៀតលើបញ្ហាសំខាន់ៗទាំងក្នុងតំបន់ និងសកលលោក»។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) នៅថ្ងៃសៅរ៍នេះ លោក គីម ជុងអ៊ុន ក៏បានសង្កត់ធ្ងន់អំពីតម្រូវការក្នុងការបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់កម្រិត។ លោកបានបន្ថែមថា ការពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ គឺជាកត្តាសារៈសំខាន់បំផុតក្នុងការការពារផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។

ក្រៅពីជំនួបជាមួយលោក គីម រដ្ឋមន្ត្រីការបរទេសចិនរូបនេះ ក៏បានជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសន្យាថានឹង «បន្តរក្សាសន្ទុះវិជ្ជមាន» ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន។

ទស្សនកិច្ចរបស់លោក វ៉ាង យី ធ្វើឡើងនៅមុនពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងបំពេញទស្សនកិច្ចនៅប្រទេសចិននាខែក្រោយ។ លោក ត្រាំ ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តកិច្ចចរចាជាមួយលោក គីម ជុងអ៊ុន ឡើងវិញផងដែរ ដែលធ្វើឱ្យសកម្មភាពការទូតរវាងចិន និងកូរ៉េខាងជើងនាពេលនេះ កាន់តែមានសារៈសំខាន់ក្នុងតុល្យភាពអំណាចតំបន់។

 

 

 

 

ប្រែសម្រួលដោយ៖ ​សុធា

ប្រភព៖ Reuters