វ៉ាស៊ីនតោន៖ មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង មើលឃើញថា ឱកាសនៃការជួបពិភាក្សារវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឆ្នាំនេះ មានកម្រិតទាប ខណៈទីក្រុងព្យុងយ៉ាងមិនទាន់បង្ហាញសញ្ញាច្បាស់លាស់ថា ខ្លួនចង់រៀបចំកិច្ចប្រជុំកំពូលជាមួយទីក្រុងវ៉ាស៊ីនតោននៅឡើយ។ នេះបើយោងតាមប្រភពចំនួន ៥ ដែលដឹងពីបញ្ហានេះ។

លោក ត្រាំ ដែលជាប្រធានាធិបតីអាមេរិកដំបូងគេ និងតែមួយគត់ដែលបានជួបមេដឹកនាំកូរ៉េខាងជើងក្នុងប្រវត្តិសាស្ត្រ បានបង្ហាញបំណងចង់បន្តការចរចាជាមួយលោក គីម។ ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងជើងហាក់មិនសូវចាប់អារម្មណ៍លើកិច្ចការទូតដែលមានគោលបំណងទប់ស្កាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។ ប្រភពដដែលបានឱ្យដឹងថា សហរដ្ឋអាមេរិកមិនទាន់ទទួលបានការឆ្លើយតបពីកូរ៉េខាងជើងចំពោះការរៀបចំជំនួបរវាងមេដឹកនាំទាំងពីរឡើយ ខណៈពេលវេលានៅសល់មិនច្រើន មុនពេលកិច្ចប្រជុំកំពូលថ្នាក់តំបន់នៅប្រទេសចិននាពេលខាងមុខ ដែលធ្លាប់ត្រូវបានគេរំពឹងថា អាចជាឱកាសសម្រាប់ជំនួបនេះ។

កាលពីខែសីហា លោក ត្រាំ បាននិយាយថា លោកមានគម្រោងជួបលោក គីម នៅចុងឆ្នាំនេះ ហើយមេដឹកនាំកូរ៉េខាងជើងក៏បានឆ្លើយតបចំពោះការបង្ហាញបំណងរបស់លោកដែរ។ ក្រោយមក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានប្រាប់សមាជិកសភាថា មានឱកាសប្រមាណ ៥០ ភាគរយដែលមេដឹកនាំទាំងពីរអាចជួបគ្នានៅក្រៅកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងសិនជិន ប្រទេសចិន។

ទោះជាយ៉ាងណា កាលពីថ្ងៃចន្ទ លោក ត្រាំ បានបន្ថយការរំពឹងទុកចំពោះលទ្ធភាពនៃជំនួបនេះ។ លោកបានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា លោកមានទំនាក់ទំនងល្អជាមួយលោក គីម ប៉ុន្តែលោកមិនប្រាកដថា មានភាគីណាមួយបានស្នើសុំឱ្យរៀបចំជំនួបនោះទេ។ មន្ត្រីកូរ៉េខាងត្បូងម្នាក់ដែលដឹងពីបញ្ហានេះបាននិយាយថា ទីក្រុងព្យុងយ៉ាងមិនបានបង្ហាញសកម្មភាពណាមួយដែលបញ្ជាក់ថា ខ្លួនកំពុងត្រៀមរៀបចំជំនួបជាមួយលោក ត្រាំ នោះឡើយ។ ចំណែកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំទីក្រុងវ៉ាស៊ីនតោន លោកស្រី Kang Kyung-wha ក៏បានថ្លែងកាលពីសប្តាហ៍មុនថា មិនទាន់មានវឌ្ឍនភាពជាក់ស្តែងណាមួយឆ្ពោះទៅរកកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរដែរ។

ចំណែកមន្ត្រីសេតវិមានម្នាក់បានបញ្ជាក់ថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកូរ៉េខាងជើងមិនបានផ្លាស់ប្តូរទេ ហើយលោក ត្រាំ នៅតែបើកចំហចំពោះការចរចាជាមួយលោក គីម ដោយមិនទាមទារលក្ខខណ្ឌជាមុន។ ទោះយ៉ាងណា មិនទាន់មានកិច្ចប្រជុំណាមួយត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។ កាលពីខែមុន មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា លោក ត្រាំ ត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាជាមួយលោក គីម ប៉ុន្តែការសម្រេចចិត្តស្ថិតនៅក្នុងដៃរបស់កូរ៉េខាងជើងជាចម្បង។

ទោះជាយ៉ាងណា លោក Ankit Panda អ្នកជំនាញជាន់ខ្ពស់ផ្នែកគោលនយោបាយនុយក្លេអ៊ែរនៅមូលនិធិ Carnegie Endowment for International Peace បានវាយតម្លៃថា ឱកាសនៃជំនួបរវាងលោក ត្រាំ និងលោក គីម នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក មានតិចជាង ១០ ភាគរយ។ លោកបានពន្យល់ថា ប្រសិនបើលោក ត្រាំ ពិតជាចង់ជួបលោក គីម មែន កូរ៉េខាងជើងអាចកំពុងរង់ចាំសញ្ញាជាក់ស្តែង និងមានទម្ងន់នយោបាយពីសហរដ្ឋអាមេរិក មុនពេលយល់ព្រមចូលតុចរចា។ ការពង្រីកសមយុទ្ធយោធារួមរវាងអាមេរិក និងកូរ៉េខាងត្បូងនាពេលថ្មីៗនេះ ក៏មិនមែនជាសញ្ញាគ្រប់គ្រាន់សម្រាប់ទីក្រុងព្យុងយ៉ាងដែរ។

សហរដ្ឋអាមេរិកក៏ធ្លាប់ស្វែងរកជំនួយពីប្រទេសចិន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើង ដើម្បីជួយសម្របសម្រួលការចរចា។ ប៉ុន្តែទោះបីជាលោក ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង គ្រោងបន្តកិច្ចពិភាក្សាក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់ក៏ដោយ ក៏មិនទាន់មានសញ្ញាបង្ហាញថា ការពិភាក្សានេះអាចនាំទៅរកការបោះជំហានថ្មីជាមួយទីក្រុងព្យុងយ៉ាងដែរ។

ជំនួបរវាងលោក ត្រាំ និងលោក គីម កាលពីឆ្នាំ២០១៨ និង២០១៩ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ប៉ុន្តែមិនបាននាំឱ្យមានលទ្ធផលជាក់ស្តែងសំខាន់ៗក្នុងការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងឡើយ។ បច្ចុប្បន្ន កូរ៉េទាំងពីរនៅតែស្ថិតក្នុងស្ថានភាពបច្ចេកទេសនៃសង្គ្រាម ព្រោះសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់ដោយបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពទេ។

សហរដ្ឋអាមេរិកមានទាហានប្រមាណ ២៨.៥០០ នាក់ឈរជើងនៅកូរ៉េខាងត្បូង ដើម្បីជួយការពារប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង ដែលបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិក។ មន្ត្រីកូរ៉េខាងត្បូង ដោយយោងតាមការប៉ាន់ប្រមាណរបស់ក្រុមស្រាវជ្រាវឯកជន បានលើកឡើងថា កូរ៉េខាងជើងអាចមានក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះពី ៨០ ទៅ ១២០ គ្រាប់។

ទាក់ទងនឹងលទ្ធភាពនៃជំនួបនេះ លោកស្រី Michelle Steel ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកូរ៉េខាងត្បូង បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃពុធថា លោកស្រីមិនដឹងថា មេដឹកនាំទាំងពីរនឹងជួបគ្នានៅពេលណានោះទេ។ ប៉ុន្តែប្រសិនបើជំនួបនេះអាចកើតឡើងមែន វាទំនងជានឹងត្រូវប្រកាសជាផ្លូវការក្នុងរយៈពេលខ្លី មុនពេលជំនួបចាប់ផ្តើម។សរុបមក ទោះបីលោក ត្រាំ នៅតែបង្ហាញឆន្ទៈក្នុងការចរចាជាមួយលោក គីម ក៏ដោយ ក៏ការខ្វះការឆ្លើយតបពីកូរ៉េខាងជើង និងការមិនទាន់មានការរៀបចំជាក់ស្តែង ធ្វើឱ្យឱកាសនៃជំនួបរវាងមេដឹកនាំទាំងពីរនៅឆ្នាំនេះនៅមានកម្រិតទាប។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters