(កាល់ហ្គារី)៖ ទាហានកាណាដាចំនួន ៤នាក់បានស្លាប់ និងមនុស្ស ៣៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីភ្លើងឆេះស្មៅបានរាលដាលយ៉ាងលឿននៅក្នុងតំបន់ហ្វឹកហ្វឺននៃមូលដ្ឋានទ័ព CFB Wainwright ក្នុងខេត្ត Alberta ប្រទេសកាណាដា។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី១៧ ខែតុលា ដោយសារខ្យល់បក់ខ្លាំងបានធ្វើឱ្យភ្លើងរីករាលដាលយ៉ាងឆាប់រហ័ស ខណៈទាហានកំពុងធ្វើសមយុទ្ធ។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោកឧត្តមសេនីយ៍ត្រី Wade Rutland មេបញ្ជាការកងពលធំកាណាដាទី១ ដែលមានមូលដ្ឋាននៅទីក្រុង Edmonton បានឱ្យដឹងថា ភ្លើងបានចាប់ផ្តើមនៅវេលាប្រហែលម៉ោង ៤រសៀល តាមម៉ោងក្នុងតំបន់ ហើយបានរីករាលដាលយ៉ាងលឿន ដោយសារខ្យល់បក់ខ្លាំង។ លោកបានពិពណ៌នាថា ស្ថានការណ៍នេះមានលក្ខណៈមិនធម្មតា និងកើតឡើងយ៉ាងឆាប់រហ័ស ដោយអណ្តាតភ្លើងអាចរាលដាលបានចម្ងាយប្រហែល ១គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ៣០ ទៅ ៦០វិនាទីប៉ុណ្ណោះ។

លោក Rutland បានបញ្ជាក់ថា ល្បឿនខ្យល់បានកើនឡើងរហូតដល់ ៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈមុនពេលភ្លើងឆេះ ខ្យល់មានល្បឿនក្រោម ៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ លោកបានសម្តែងការភ្ញាក់ផ្អើលចំពោះភាពលឿននៃការរីករាលដាលរបស់ភ្លើង ដោយថា លោកមិនធ្លាប់ជួបប្រទះហេតុការណ៍បែបនេះពីមុនមកទេ។
មន្ត្រីបានកំណត់អត្តសញ្ញាណទាហានដែលបានស្លាប់ទាំង ៤នាក់ រួមមាន ពលបាលឯក Morgan Wong, ពលបាលឯក Shaun Farrell, ពលបាលឯក Aidan Goulding និងពលបាលឯក Hayden Lykkemark។ ក្នុងចំណោមអ្នករងរបួស មនុស្ស ១៩នាក់ត្រូវបានរាយការណ៍ថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈអ្នកជំងឺកំពុងទទួលការព្យាបាលនៅទីក្រុង Edmonton, Wainwright, Calgary និង Red Deer។
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានពិពណ៌នាហេតុការណ៍នេះថា ជាសោកនាដកម្មដ៏ធ្ងន់ធ្ងរមួយសម្រាប់កងកម្លាំងប្រដាប់អាវុធកាណាដានៅក្នុងប្រទេស។ លោកបានថ្លែងថា ប្រជាជាតិទាំងមូលកំពុងកាន់ទុក្ខចំពោះការបាត់បង់សមាជិកកងកម្លាំងប្រដាប់អាវុធ និងបានបញ្ជាឱ្យបង្ហូតទង់ជាតិនៅលើអគារសហព័ន្ធទូទាំងប្រទេសត្រឹមពាក់កណ្តាលដង ដើម្បីគោរពដល់ជនរងគ្រោះ។
ចំណែកនាយករដ្ឋមន្ត្រីខេត្ត Alberta លោកស្រី Danielle Smith បានឱ្យដឹងថា អ្នករងរបួសជាច្រើននាក់អាចត្រូវការការថែទាំវេជ្ជសាស្ត្រឯកទេស និងការតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេលពីមួយសប្តាហ៍ទៅពីរខែខាងមុខ។

នៅពេលភ្លើងចាប់ផ្តើមឆេះ ទាហានចំនួន ៨៥នាក់មកពីកងវរសេនាតូចទី៣ នៃកងពលថ្មើរជើងស្រាល Princess Patricia's Canadian Light Infantry កំពុងចូលរួមក្នុងការហ្វឹកហ្វឺនប្រយុទ្ធកម្រិតខ្ពស់ ដោយប្រើគ្រាប់រំសេវពិតនៅក្នុងតំបន់វាលស្មៅនៃមូលដ្ឋាន។ ទាហានទាំងនេះកំពុងត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយទៅកាន់ប្រទេសឡាតវី ជាទីតាំងដែលកងកម្លាំងកាណាដាកំពុងចូលរួមក្នុងប្រតិបត្តិការយោធាអន្តរជាតិដ៏ធំបំផុតរបស់ខ្លួន។
លោក Rutland បានបញ្ជាក់ថា មូលហេតុពិតប្រាកដនៃការឆាបឆេះនៅតែស្ថិតក្រោមការស៊ើបអង្កេត ហើយលោកមិនទាន់អាចបញ្ជាក់ថា តើអ្វីជាប្រភពបង្កឱ្យមានភ្លើងឆេះស្មៅនោះទេ។ ទោះជាយ៉ាងណា មន្ត្រីមិនជឿថា ហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ននៅក្នុងតំបន់មានជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះឡើយ ហើយក៏បានច្រានចោលលទ្ធភាពនៃការជ្រៀតជ្រែកពីខាងក្រៅផងដែរ។
ក្រោយកើតហេតុ ក្រុមពន្លត់អគ្គិភ័យយោធា និងស៊ីវិលបានប្រឹងប្រែងពន្លត់ភ្លើងពេញមួយយប់ ទោះបីស្ថិតក្នុងស្ថានភាពលំបាកខ្លាំងក៏ដោយ។ ក្រុមសង្គ្រោះបន្ទាន់ជាច្រើនត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ រួមទាំងក្រុមអ្នកបច្ចេកទេសស្វែងរក និងជួយសង្គ្រោះរបស់យោធា ដែលបានប្រើប្រាស់ឆ័ត្រយោងចូលទៅកាន់តំបន់នោះ។ អាជ្ញាធរសុខាភិបាលនៅទីក្រុង Edmonton ក៏បានប្រកាសអំពីស្ថានភាពគ្រោះថ្នាក់ដែលមានអ្នករងគ្រោះច្រើន ដើម្បីសម្របសម្រួលការឆ្លើយតបផ្នែកវេជ្ជសាស្ត្រ និងការទទួលអ្នកជំងឺដែលត្រូវបានបញ្ជូនចេញពីមូលដ្ឋាន Wainwright។
យោងតាមអាជ្ញាធរមូលដ្ឋាន ភ្លើងបានរាលដាលឆ្លងកាត់របងមូលដ្ឋានទ័ពទៅកាន់តំបន់ជិតខាង ប៉ុន្តែមិនមានការបញ្ជាឱ្យប្រជាពលរដ្ឋជម្លៀសចេញពីលំនៅឋាននៅឡើយទេ។ អាជ្ញាធរបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ភ្លើងមិនត្រូវបានរំពឹងថានឹងរាលដាលហួសពីព្រំដែនដែលបានកំណត់នាពេលនោះទេ។
គួរបញ្ជាក់ថា មូលដ្ឋានទ័ព CFB Wainwright គឺជាមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាដ៏សំខាន់របស់កាណាដា ដែលប្រើសម្រាប់ការហ្វឹកហ្វឺន និងសមយុទ្ធរបស់កងទ័ព។ យោងតាមទិន្នន័យជំរឿនឆ្នាំ២០២១ មូលដ្ឋាននេះមានបុគ្គលិកយោធា និងស៊ីវិលប្រមាណ ១.៣១០នាក់ឈរជើងនៅទីនោះ។ លោក Carney បានបញ្ជាក់ថា អ្នកដែលរងផលប៉ះពាល់ដោយអគ្គិភ័យនេះ មកពីមូលដ្ឋានយោធានានាទូទាំងប្រទេសកាណាដា។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters