[ឥណ្ឌា]៖ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូមួយ នៅទីក្រុងកុលកាតា (Kolkata) រដ្ឋ West Bengal ភាគខាងកើតប្រទេសឥណ្ឌា បានកើនឡើងដល់ ១៩នាក់ ខណៈមនុស្ស ២៥នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមការបញ្ជាក់របស់លោក Suvendu Adhikari ប្រធានរដ្ឋ West Bengal កាលពីថ្ងៃអាទិត្យ។

កាសែត The Hindu បានរាយការណ៍ថា ក្នុងចំណោមអ្នកស្លាប់ មានកុមារ ៤នាក់ និងស្ត្រី ១៣នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅច្រកចេញនៃព្រះពន្លាដែលរៀបចំឡើងសម្រាប់ពិធីបុណ្យ ខណៈមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នានៅទីនោះ។ តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា មនុស្សជាច្រើនបានចូលទៅកាន់ទីតាំងនេះ ដើម្បីជ្រកភ្លៀង។

យោងតាមការដកស្រង់សម្តីលោក Adhikari ដោយកាសែត The Hindu ការភ័យស្លន់ស្លោបានផ្ទុះឡើងក្នុងចំណោមហ្វូងមនុស្ស បន្ទាប់ពីមានការប្រកាសមួយដែលបង្កឱ្យមានការភាន់ច្រឡំ។ ទន្ទឹមនឹងនេះ ទស្សនាវដ្តី India Today បានដកស្រង់សម្តីមន្ត្រីប៉ូលិសម្នាក់ថា មានវីដេអូមួយដែលពាក់ព័ន្ធនឹងការព្រមានអំពីការដួលរលំនៃព្រះពន្លា។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា មនុស្សមួយចំនួន រួមទាំងអ្នករៀបចំពិធីបុណ្យ និងបុគ្គលិកក្រុមហ៊ុនសន្តិសុខឯកជន ត្រូវបានឃុំខ្លួនជាផ្នែកមួយនៃការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុ និងអ្នកទទួលខុសត្រូវចំពោះសោកនាដកម្មនេះ។

គួរបញ្ជាក់ថា ពិធីបុណ្យ Durga Puja ដែលជាពិធីគោរពបូជាទេពធីតា Durga របស់សាសនាហិណ្ឌូ ត្រូវបានប្រារព្ធឡើងនៅរដ្ឋ West Bengal ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែតុលា។ ឧបទ្ទវហេតុរត់ជាន់គ្នាបានកើតឡើងជាបន្តបន្ទាប់នៅក្នុងពិធីបុណ្យសាសនា និងព្រឹត្តិការណ៍ទ្រង់ទ្រាយធំផ្សេងៗនៅប្រទេសឥណ្ឌា។ កាលពីខែមករា ឆ្នាំ២០២៥ មនុស្សយ៉ាងហោចណាស់ ៣០នាក់បានស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នាមួយនៅពិធីបុណ្យធម្មយាត្រា Maha Kumbh Mela ក្នុងទីក្រុង Prayagraj ភាគខាងជើងប្រទេសឥណ្ឌា ដែលជាព្រឹត្តិការណ៍ធម្មយាត្រាសាសនាដ៏ធំបំផុតមួយនៅលើពិភពលោក។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Yahoo News