កូរ៉េខាងត្បូង៖ Nayeon សមាជិកក្រុមចម្រៀង K-pop ដ៏ល្បី TWICE បានធ្វើឱ្យអ្នកគាំទ្ររាប់ម៉ឺននាក់ភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសលើឆាកជាមួយតារាចម្រៀងអាមេរិក Charlie Puth និងច្រៀងរួមគ្នានូវបទល្បី «We Don't Talk Anymore» ក្នុងការប្រគុំតន្ត្រីនៅប្រទេសកូរ៉េខាងត្បូង។
ការប្រគុំតន្ត្រីដែលមានឈ្មោះថា «Charlie Puth – Whatever's Clever! World Tour in Seoul»បានធ្វើឡើងនៅកីឡដ្ឋាន Goyang ក្នុងខេត្ត Gyeonggi។ នេះជាការប្រគុំតន្ត្រីនៅកីឡដ្ឋានលើកដំបូងរបស់ Charlie Puth នៅប្រទេសកូរ៉េខាងត្បូង និងជាការប្រគុំតន្ត្រីទោលលើកដំបូងរបស់លោកនៅទីនោះ ចាប់តាំងពីការសម្តែងនៅ Gocheok Sky Dome ក្នុងឆ្នាំ២០២៤។ ការប្រគុំតន្ត្រីនេះមានអ្នកគាំទ្រចូលរួមយ៉ាងច្រើនកុះករ ប្រមាណ ៣៨,០០០ នាក់។

ក្នុងអំឡុងពេលសម្តែង Charlie Puth បានប្រាប់អ្នកគាំទ្រថា លោកបានរៀបចំការសម្តែងពិសេសមួយសម្រាប់ពួកគេ មុននឹងណែនាំភ្ញៀវកិត្តិយសដែលធ្វើឱ្យសំឡេងហ៊ោកញ្ជ្រៀវពេញកីឡដ្ឋាន នៅពេល Nayeon បង្ហាញខ្លួនលើឆាក។
Nayeon បានចូលរួមច្រៀងបទ «We Don't Talk Anymore» ជាមួយ Charlie Puth ដោយទទួលច្រៀងផ្នែកសំឡេងដែលដើមឡើយច្រៀងដោយ Selena Gomez។ អ្នកទាំងពីរបានច្រៀងឆ្លើយឆ្លងគ្នា សម្លឹងមើលគ្នាដោយភាពរួសរាយរាក់ទាក់ និងរាំជាមួយគ្នាបន្តិចបន្តួច ធ្វើឱ្យបរិយាកាសនៃការប្រគុំតន្ត្រីកាន់តែពិសេស។ នៅពេលការសម្តែងបញ្ចប់ អ្នកទាំងពីរបានឱបគ្នា ខណៈ Nayeon បានថ្លែងអំណរគុណដល់ Charlie Puth និងអ្នកគាំទ្រដែលបានចូលរួមទស្សនា។

ក្រោយការសម្តែងនេះ នៅថ្ងៃទី១២ ខែតុលា Charlie Puth ក៏បានបង្ហោះរូបថតជាច្រើនសន្លឹកពីការប្រគុំតន្ត្រីលើបណ្តាញសង្គម រួមទាំងរូបថតដែលលោក និង Nayeon ឈរគ្រវីដៃស្វាគមន៍អ្នកគាំទ្រជាមួយគ្នា។ លោកបានដាក់ស្លាកគណនីរបស់ Nayeon ដើម្បីថ្លែងអំណរគុណចំពោះការចូលរួមសម្តែងរបស់នាង ព្រមទាំងថ្លែងអំណរគុណដល់អ្នកគាំទ្រប្រមាណ ៤០,០០០ នាក់ដែលបានមកគាំទ្រការប្រគុំតន្ត្រីនៅកីឡដ្ឋានលើកដំបូងរបស់លោកនៅកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា Charlie Puth បានមកប្រទេសកូរ៉េខាងត្បូងជាលើកដំបូងក្នុងឆ្នាំ២០១៦ ហើយបានបន្តមានសកម្មភាពសម្តែងនៅក្នុងប្រទេសនេះជាបន្តបន្ទាប់។ ការបង្ហាញខ្លួនរួមគ្នារវាងលោក និង Nayeon លើកនេះ បានក្លាយជាពេលវេលាដ៏ពិសេសមួយសម្រាប់អ្នកគាំទ្ររបស់តារាចម្រៀងទាំងពីរ។