ភ្នំពេញ៖ ក្រសួងព័ត៌មានបញ្ជាក់ពីការគាំទ្រដល់អង្គការ និងសមាគមនានា ដែលចូលរួមក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសារព័ត៌មាន ខណៈក្រសួងក៏បានលើកទឹកចិត្តឱ្យមានការពង្រីកកម្មវិធីបណ្តុះបណ្តាលទៅដល់សិស្សានុសិស្សនៅតាមបណ្តាខេត្ត ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ។

ការបញ្ជាក់នេះធ្វើឡើងដោយឯកឧត្តម សុខ ចាន់ភក្តីរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា ក្នុងជំនួបជាមួយលោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា និងថ្នាក់ដឹកនាំសមាគម នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោកយិន លាងគង់ បានជម្រាបជូនអំពីគោលបំណង និងសកម្មភាពរបស់សមាគម ដែលផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មាន ជាពិសេសជំនាញសរសេរ និងផលិតព័ត៌មានពាក់ព័ន្ធនឹង សេដ្ឋកិច្ច អចលនទ្រព្យ និងហិរញ្ញវត្ថុ។លោកបានលើកឡើងថា ការពង្រឹងជំនាញសារព័ត៌មានផ្នែកសេដ្ឋកិច្ច គឺមានសារៈសំខាន់ក្នុងបរិបទដែលសេដ្ឋកិច្ច និងសង្គមកម្ពុជាកំពុងមានការអភិវឌ្ឍ ហើយតម្រូវការព័ត៌មានដែលមានគុណភាព និងមានជំនាញកាន់តែមានសារៈសំខាន់។

លោកយិន លាងគង់ បានបញ្ជាក់ថា សមាគមមានបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា ទៅកាន់សាធារណជនទាំងក្នុងប្រទេស និងក្រៅប្រទេស។ជាមួយគ្នានេះ លោកប្រធានសមាគមបានស្នើសុំកិច្ចសហការពីក្រសួងព័ត៌មាន លើការរៀបចំកម្មវិធីបណ្តុះបណ្តាល ការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងកិច្ចសហការផ្សេងៗ ព្រមទាំងការគៀងគរធនធាន ដើម្បីជំរុញឱ្យកម្មវិធីបណ្តុះបណ្តាលអាចដំណើរការបានជាបន្តបន្ទាប់ និងមានប្រសិទ្ធភាព។

ឆ្លើយតបនឹងសំណើនេះ ឯកឧត្តម សុខ ចាន់ភក្តី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់សមាគម និងបានបញ្ជាក់ថា ក្រសួងព័ត៌មានគាំទ្រចំពោះការចូលរួមរបស់អង្គការ និងសមាគមនានា ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសារព័ត៌មាន។

លើសពីនេះឯកឧត្តម បានលើកឡើងថា ការសហការរវាងក្រសួង និងអង្គការ-សមាគម គួរតែធ្វើឡើងស្របតាមច្បាប់ បទដ្ឋានគតិយុត្តិ និងគោលការណ៍ណែនាំពាក់ព័ន្ធរបស់ក្រសួងព័ត៌មាន ដើម្បីធានាឱ្យសកម្មភាពបណ្តុះបណ្តាល និងការងារព័ត៌មានប្រព្រឹត្តទៅប្រកបដោយវិជ្ជាជីវៈ និងស្របតាមក្របខណ្ឌច្បាប់។​ លោកក៏បានស្នើឱ្យសមាគមពិចារណាពង្រីកកម្មវិធីបណ្តុះបណ្តាលទៅដល់សិស្សានុសិស្សនៅតាមបណ្តាខេត្ត ដោយផ្តោតលើចំណេះដឹងទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យបានត្រឹមត្រូវ។

តាមការបញ្ជាក់របស់លោកសុខ ចាន់ភក្តី ក្រសួងព័ត៌មានអាចផ្តល់ការគាំទ្រដល់អង្គការ និងសមាគមក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាល តាមរយៈការផ្តល់ទីតាំងបណ្តុះបណ្តាល ការផ្តល់គ្រូឧទ្ទេស និងការគាំទ្រពាក់ព័ន្ធនឹងការផ្តល់វិញ្ញាបនបត្រដោយអាចទទួលបានការចុះហត្ថលេខាទទួលស្គាល់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ជំនួបរវាងក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បានផ្តោតលើការពង្រឹងកិច្ចសហការក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ជំនាញសារព័ត៌មាន ជាពិសេសការរៀបចំ និងផ្សព្វផ្សាយព័ត៌មានផ្នែកសេដ្ឋកិច្ច អចលនទ្រព្យ និងហិរញ្ញវត្ថុ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា៕