ឥណ្ឌូណេស៊ី៖ មនុស្សយ៉ាងហោចណាស់ ១២៩នាក់នៅតែបាត់ខ្លួន ខណៈក្រុមអ្នកជួយសង្គ្រោះជាង ៦០០នាក់កំពុងបន្តប្រតិបត្តិការស្វែងរក ក្រោយនាវាដឹកអ្នកដំណើរVirgo Transport 8 បានលិចនៅក្នុងសមុទ្រជ្វា (Java Sea) កាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា។

តាមការបញ្ជាក់របស់អាជ្ញាធរជួយសង្គ្រោះ នាវានេះមានមនុស្សសរុប ២៤៣នាក់ នៅលើនាវា ខណៈមនុស្ស ១០៨នាក់ត្រូវបានជួយសង្គ្រោះ និង ៦នាក់បានស្លាប់។

លោក I Putu Sudayana ប្រធានទីភ្នាក់ងារជួយសង្គ្រោះ Banjarmasin បានឱ្យដឹងថា ក្រុមជួយសង្គ្រោះបានបន្តប្រតិបត្តិការតាំងពីព្រឹកព្រលឹមថ្ងៃចន្ទ ដោយដាក់ពង្រាយកម្លាំងប្រមាណ ៦២២នាក់ និងនាវា ១២គ្រឿង ដើម្បីស្វែងរកអ្នកបាត់ខ្លួន។

នាវា Virgo Transport 8 កំពុងធ្វើដំណើរពីទីក្រុង Surabaya ក្នុងខេត្ត East Java ឆ្ពោះទៅកាន់ទីក្រុង Banjarmasin ក្នុងខេត្ត South Kalimantan មុនពេលបាត់ដំណឹងនៅព្រឹកព្រលឹមថ្ងៃអាទិត្យ ខណៈតំបន់នោះមានអាកាសធាតុអាក្រក់ និងរលកសមុទ្រខ្លាំង។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា នាវាបាន ផ្អៀងខ្លាំងទៅម្ខាង បន្ទាប់ពីរងការបោកបក់ពីរលកធំៗ មុនពេលក្រឡាប់ និងលិចមួយផ្នែក។ វីដេអូដែលចេញផ្សាយដោយអាជ្ញាធរជួយសង្គ្រោះ ក៏បង្ហាញឱ្យឃើញនាវាដែលមានពណ៌ក្រហម និងខ្មៅ ក្រឡាប់នៅក្នុងទឹកដែលមានរលកខ្លាំង។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី លោក Dudy Purwagandhiបានបញ្ជាក់ថា មូលហេតុពិតប្រាកដនៃឧបទ្ទវហេតុនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។

ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត ខណៈអាជ្ញាធរប្រឈមនឹងស្ថានភាពសមុទ្រដែលមានរលកខ្លាំង និងអាកាសធាតុមិនអំណោយផល។

ឥណ្ឌូណេស៊ីជាប្រទេសប្រជុំដោយកោះប្រមាណ ១៧,០០០កោះ ហើយសេវានាវាដឹកអ្នកដំណើរត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីធ្វើដំណើររវាងកោះនានា។ ទោះជាយ៉ាងណា ឧបទ្ទវហេតុនាវាលិច និងឆេះក៏ធ្លាប់កើតឡើងជាញឹកញាប់នៅក្នុងប្រទេសនេះផងដែរ។

ប្រភព៖ REUTERS