គ្រូបង្វឹក Mikel Arteta បាននិយាយថា កីឡាកររបស់ Arsenal ត្រូវយកការឈឺចាប់ពីការបរាជ័យពីរលើកជាប់គ្នា ទៅធ្វើជាកម្លាំងជំរុញចិត្ត ខណៈពួកគេត្រៀមប្រកួតជាមួយ Sporting CP ក្នុងជើងទី១ នៃវគ្គ ៨ ក្រុមចុងក្រោយ UEFA Champions League នៅថ្ងៃអង្គារ។


ក្រុមពីទីក្រុងឡុងដ៍ បានមកដល់ទីក្រុង Lisbon បន្ទាប់ពីបរាជ័យពីរលើកជាប់គ្នាលើកដំបូងក្នុងរដូវកាលនេះ ដោយចាញ់ Manchester City 2-0 ក្នុងវគ្គផ្តាច់ព្រ័ត្រ EFL Cup Final និងចាញ់ 2-1 ដោយ Southampton ក្នុងវគ្គ ៨ ក្រុម FA Cup។

លោក Arteta បាននិយាយថា ក្រុមត្រូវមានទស្សនៈច្បាស់លាស់ អំពីអ្វីដែលបានកើតឡើង ហើយត្រូវយកអារម្មណ៍ខកចិត្តនោះទៅធ្វើឲ្យកាន់តែប្រសើរឡើង។ គាត់បន្ថែមថា ការយល់ពីមូលហេតុនៃការបរាជ័យ និងការរក្សាការគិតយ៉ាងស្ងប់ស្ងាត់ គឺជាចំណុចសំខាន់ក្នុងការឆ្លើយតបវិញ។ 

បច្ចុប្បន្ន Arsenal នៅសល់តែពីរកម្មវិធីប្រកួតប៉ុណ្ណោះ ខណៈដែល Bukayo Saka, Eberechi Eze និង Jurrien Timber មិនអាចចូលរួមប្រកួតជើងទី១បានដោយសាររបួស ប៉ុន្តែអាចត្រឡប់មកវិញនៅចុងសប្តាហ៍។ ជាមួយនេះ Gabriel Magalhaes, Declan Rice និង Leandro Trossard ត្រូវបានឃើញហាត់ប្រាណវិញ ដែលជាសញ្ញាល្អសម្រាប់ក្រុម។

ខាង Sporting CP មានទម្រង់ល្អក្នុងការប្រកួតក្នុងផ្ទះនៅអឺរ៉ុបរដូវកាលនេះ ខណៈកីឡាករ Maxi Araujo បាននិយាយថា មិនមានក្រុមណាជាអ្នកពេញចិត្តជាងគ្នាទេ។

គ្រូបង្វឹក Rui Borges ក៏បានបញ្ជាក់ថា ការបរាជ័យពីរលើកជាប់គ្នារបស់ Arsenal មិនមានន័យច្រើនទេ ព្រោះក្រុមធំៗតែងតែត្រឡប់មកខ្លាំងជាងមុន។ ការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី 15 ខែមេសា នៅកីឡាដ្ឋាន Emirates Stadium ខណៈ Arsenal នឹងត្រឡប់ទៅប្រកួតក្នុង Premier League ដោយជួប Bournemouth នៅថ្ងៃសៅរ៍។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters