[តូរង់តូ]៖ កាលពីថ្ងៃទី១៩ ខែមិថុនា គេបានរកឃើញថា មហាសេដ្ឋីជនជាតិកាណាដា លោក Frank Stronach ត្រូវបានតុលាការរកឃើញថាមានទោសពីបទរំលោភសេពសន្ថវៈមួយករណី និងបទបំពានផ្លូវភេទដោយអនាចារ មួយករណីទៀត នៅក្នុងសាលក្រមមួយដែលចៅក្រមបានពិពណ៌នាថាជាទង្វើដ៏ព្រហើន និងគួរឱ្យស្អប់ខ្ពើម។
កាលពីឆ្នាំ២០២៤ ប៉ូលីសបានចាប់ខ្លួន និងចោទប្រកាន់លោក Stronach ពីបទល្មើសព្រហ្មទណ្ឌជាច្រើនករណី រួមទាំងការបំពានផ្លូវភេទ និងការចាប់រំលោភ ដែលបានកើតឡើងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ រហូតដល់ឆ្នាំ២០២៤។ លោក Stronach ដែលមានដើមកំណើតអូទ្រីស និងមានអាយុ ៩៣ឆ្នាំហើយនោះ គឺជាអ្នកបង្កើតក្រុមហ៊ុនគ្រឿងបន្លាស់រថយន្តខ្នាតយក្សរបស់កាណាដា Magna International ក្នុងឆ្នាំ១៩៥៧ ហើយក្រោយមកបានក្លាយជាបុគ្គលម្នាក់ក្នុងចំណោមអ្នកមានបំផុតប្រចាំប្រទេស។ ខាងក្រុមហ៊ុន Magna បានបញ្ជាក់ថា ក្រុមហ៊ុនគ្មានទំនាក់ទំនងអ្វីជាមួយលោក Stronach ទៀតនោះទេ ចាប់តាំងពីលោកបានលះបង់សិទ្ធិគ្រប់គ្រងក្នុងឆ្នាំ២០១០។

បន្ទាប់ពីដំណើរការជំនុំជម្រះក្តីដែលបានចាប់ផ្តើមតាំងពីខែកុម្ភៈ ចៅក្រមតុលាការកំពូលនៃរដ្ឋ Ontario គឺលោកស្រី Anne Molloy បានរកឃើញថា លោក Stronach ពិតជាមានទោសពីបទរំលោភសេពសន្ថវៈលើស្ត្រីម្នាក់នៅដើមទសវត្សរ៍ឆ្នាំ១៩៨០។ ជនរងគ្រោះបានចោទប្រកាន់ថា ហេតុការណ៍នេះបានកើតឡើងនៅពេលដែលនាងទៅលេងខុនដូរបស់លោកក្នុងទីក្រុងតូរង់តូ បន្ទាប់ពីបានទទួលទានអាហារពេលល្ងាចរួមគ្នានៅក្បែរនោះ។ ចៅក្រម Molloy ក៏បានរកឃើញទៀតថា លោក Stronach មានទោសពីបទបំពានផ្លូវភេទដោយអនាចារមួយករណីទៀតនៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ទៅលើស្ត្រីម្នាក់ដែលបានអះអាងថា លោកបានបំពាននាងនៅក្នុងខុនដូរបស់លោក។
នៅក្នុងសវនាការនេះ លោក Stronach មិនបានឡើងផ្តល់សក្ខីកម្មការពារខ្លួននោះទេ។ យ៉ាងណាមិញ ចៅក្រម Molloy បានសម្រេចឱ្យលោក រួចផុតពីការចោទប្រកាន់លើបទល្មើសផ្សេងទៀត រួមទាំងការប៉ុនប៉ងរំលោភសេពសន្ថវៈផងដែរ។ លោកស្រី Leora Shemesh មេធាវីម្នាក់របស់លោក Stronach បានលើកឡើងតាមរយៈអ៊ីមែលថា ពួកគេមានអារម្មណ៍ធូរស្រាលចិត្តជាខ្លាំង ដែលលោក Stronach ត្រូវបានរួចផុតពីការចោទប្រកាន់ធ្ងន់ធ្ងរផ្សេងទៀត រួមទាំងបទប៉ុនប៉ងរំលោភ និងការបំពានផ្លូវភេទជាច្រើនករណី ដែលលោកបានប្រឈមមុខកន្លងមក។ លោកស្រីបានបន្ថែមថា យើងមានការខកចិត្តចំពោះការផ្តន្ទាទោសលើបទល្មើសតូចតាចទាំងពីរនេះ។ លោកស្រីមេធាវីបានបញ្ជាក់ថា លោក Stronach នឹងត្រូវទទួលការប្រកាសទោសនៅពេលក្រោយ ហើយលោកក៏ត្រូវប្រឈមមុខនឹងការជំនុំជម្រះក្តីលើករណីបំពានផ្លូវភេទមួយផ្សេងទៀតនៅឆ្នាំក្រោយផងដែរ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters