[សេអ៊ូល]៖ កូរ៉េខាងជើងកំពុងបន្តរៀបចំលក្ខខណ្ឌសម្រាប់ការដាក់ពង្រាយកងទ័ពបន្ថែមទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែរហូតមកដល់ពេលនេះ កូរ៉េខាងត្បូងមិនទាន់រកឃើញសញ្ញាណាមួយដែលបង្ហាញថា ការដាក់ពង្រាយថ្មីនេះនឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខឡើយ។ ការវាយតម្លៃនេះត្រូវបានក្រសួងការពារជាតិកូរ៉េខាងត្បូងបញ្ជូនទៅសមាជិកសភា តាមរយៈការិយាល័យសមាជិកសភា លោក យូ យ៉ុង-វ៉ុន (Yu Yong-weon)។ ការវាយតម្លៃបានកើតឡើងបន្ទាប់ពីលោកស្រី គីម យ៉ូចុង (Kim Yo Jong) ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបដិសេធកាលពីសប្តាហ៍មុន ចំពោះការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថាទីក្រុងព្យុងយ៉ាងអាចគ្រោងបញ្ជូនកងទ័ពបន្ថែមរហូតដល់ ៥០,០០០នាក់ ទៅរុស្ស៊ី ដើម្បីចូលរួមប្រយុទ្ធ។

យោងតាមការិយាល័យលោក យូ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងជើងនៅតែបន្តផ្គត់ផ្គង់ប្រព័ន្ធអាវុធដល់រុស្ស៊ី រួមមានមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី។ ការផ្គត់ផ្គង់នេះត្រូវបានចាត់ទុកថាជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយោធាដែលកំពុងកាន់តែស៊ីជម្រៅរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ។ កូរ៉េខាងត្បូងប៉ាន់ប្រមាណថា កូរ៉េខាងជើងបានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំទៅរុស្ស៊ីច្រើនជាង ១៥លានគ្រាប់ ដែលមានទំហំស្មើនឹងគ្រាប់កាំភ្លើងធំ ១៥២មីលីម៉ែត្រ។
ជាមួយគ្នានេះ មន្ត្រីកូរ៉េខាងត្បូងជឿថា មីស៊ីលកូរ៉េខាងជើងមួយចំនួនដែលត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន អាចកំពុងទទួលបានការកែលម្អភាពត្រឹមត្រូវ ដោយសារទិន្នន័យពីសមរភូមិ ព្រមទាំងដំបូន្មានបច្ចេកទេស និងការគាំទ្រផ្នែកបច្ចេកវិទ្យាពីរុស្ស៊ី។ ក្រៅពីការផ្គត់ផ្គង់អាវុធ កូរ៉េខាងត្បូងក៏បានព្រមានអំពីការអភិវឌ្ឍសមត្ថភាពមីស៊ីលរបស់កូរ៉េខាងជើងផងដែរ។ យោងតាមការិយាល័យលោក យូ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានវាយតម្លៃថា កម្មវិធីអភិវឌ្ឍមីស៊ីលផ្លោងមួយចំនួន និងប្រព័ន្ធបាញ់រ៉ុក្កែតជាច្រើន ដែលគេយល់ថាអាចមានគោលបំណងប្រើប្រាស់ក្នុងជម្លោះជាមួយកូរ៉េខាងត្បូង កំពុងឈានទៅដល់ដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍ។

ក្នុងចំណោមនោះ មីស៊ីលផ្លោងរយៈចម្ងាយមធ្យម Hwasong-12 ដែលត្រូវបានវាយតម្លៃថាមានសមត្ថភាពបាញ់ដល់កោះហ្គាំរបស់សហរដ្ឋអាមេរិក ក៏កំពុងស្ថិតក្នុងដំណាក់កាលត្រៀមសម្រាប់ការដាក់ឱ្យប្រើប្រាស់ផងដែរ។ ចំពោះមីស៊ីលបាលិស្ទីគអន្តរទ្វីបរបស់កូរ៉េខាងជើង ក្រសួងការពារជាតិកូរ៉េខាងត្បូងបានវាយតម្លៃថា វាមានសមត្ថភាពហោះហើរដល់ទឹកដីគោករបស់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា បច្ចេកវិទ្យាសំខាន់ៗមួយចំនួននៅតែមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ជាក់លាក់ រួមទាំងសមត្ថភាពការពារក្បាលគ្រាប់នៅពេលចូលក្នុងបរិយាកាសឡើងវិញ ដោយសារការបាញ់សាកល្បងកន្លងមករបស់កូរ៉េខាងជើងត្រូវបានធ្វើឡើងតាមគន្លងខ្ពស់។
ទំនាក់ទំនងយោធារវាងកូរ៉េខាងជើង និងរុស្ស៊ីបានកាន់តែស៊ីជម្រៅចាប់តាំងពីរុស្ស៊ីចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែនក្នុងឆ្នាំ២០២២។ តាមការវាយតម្លៃរបស់កូរ៉េខាងត្បូង អ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិច កូរ៉េខាងជើងបានចាប់ផ្តើមផ្គត់ផ្គង់គ្រាប់រំសេវ កាំភ្លើងធំ និងមីស៊ីលទៅរុស្ស៊ីចាប់ពីឆ្នាំ២០២៣ ហើយបានដាក់ពង្រាយកងទ័ពទៅគាំទ្ររុស្ស៊ីចាប់ពីឆ្នាំ២០២៤។ ទោះជាយ៉ាងណា ទាំងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង កន្លងមកបានបដិសេធការចោទប្រកាន់អំពីការផ្ទេរអាវុធ និងការគាំទ្រយោធាដែលពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters