[រដ្ឋ Nevada]៖ ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅមួយនៅតំបន់ជុំវិញទីក្រុង Reno រដ្ឋ Nevada សហរដ្ឋអាមេរិក បានរីករាលដាលយ៉ាងឆាប់រហ័ស ដោយផ្ទៃដីដែលត្រូវបានភ្លើងឆាបឆេះមានទំហំជាង ១៥,០០០ អេក ឬប្រមាណ ៦,០០០ ហិកតា។ អណ្តាតភ្លើងបានរុញច្រានចេញពីតំបន់ជើងភ្នំ Sierra ឆ្ពោះទៅកាន់តំបន់កណ្តាលទីក្រុង Reno និងបង្កឱ្យអាជ្ញាធរបញ្ជាឱ្យប្រជាពលរដ្ឋជិត ៩០,០០០ នាក់ ជម្លៀសចេញពីលំនៅឋាន។

អគ្គិភ័យដែលត្រូវបានគេស្គាល់ថា Hawk Fire បានរាលដាលទៅកាន់តំបន់ជាច្រើនដែលមានប្រជាជនរស់នៅយ៉ាងច្រើន ហើយតំបន់បញ្ជាឱ្យជម្លៀសភ្លាមៗ ឬ “GO NOW” បានពង្រីករហូតដល់គែមបរិវេណ សាកលវិទ្យាល័យ Nevada។ អាជ្ញាធរបានព្រមានថា ស្ថានភាពអាចប្រែប្រួលយ៉ាងឆាប់រហ័ស ដោយសារខ្យល់បក់ខ្លាំង សំណើមទាប និងស្មៅនិងបន្លែដែលស្ងួតខ្លាំង បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភ្លើងរាលដាល។ យោងតាម Truckee Meadows Fire and Rescue ក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវបានជំរុញឱ្យចាកចេញ មានប្រមាណ ៤២,០០០ នាក់ ស្ថិតក្រោមបទបញ្ជាជម្លៀសជាផ្លូវការ ខណៈប្រជាជនប្រមាណ ៤៥,០០០ នាក់ផ្សេងទៀត ស្ថិតនៅក្នុងតំបន់ព្រមានជម្លៀស និងត្រូវបានណែនាំឱ្យចាកចេញជាបន្ទាន់។ អាជ្ញាធរក៏បានជំរុញឱ្យអ្នកដែលបានចាកចេញរួចហើយ បន្តនៅឆ្ងាយពីតំបន់របស់ខ្លួនរយៈពេលជាច្រើនថ្ងៃ ដើម្បីបើកផ្លូវសម្រាប់ក្រុមអ្នកពន្លត់អគ្គិភ័យ ប៉ូលិស និងក្រុមសង្គ្រោះបន្ទាន់។

អាជ្ញាធរបានបញ្ជាក់ថា ជនស៊ីវិល ៣នាក់ និងអ្នកឆ្លើយតបដំបូង ៣នាក់ បានរងរបួសក្នុងហេតុការណ៍នេះ ខណៈសំណង់ជាច្រើនត្រូវបានបំផ្លាញ។ មន្ត្រីបាននិយាយថា ភ្លើងនេះត្រូវបានចាត់ទុកថា បង្កឡើងដោយសកម្មភាពរបស់មនុស្ស ប៉ុន្តែមិនទាន់បង្ហាញព័ត៌មានលម្អិតអំពីមូលហេតុ ឬរបៀបដែលភ្លើងបានចាប់ផ្តើមឡើយ ដោយសារករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។

ចំពោះវិធានការឆ្លើយតប អភិបាលរដ្ឋ Nevada លោក Joe Lombardo បានប្រកាសដាក់ស្រុក Washoe ក្នុងស្ថានភាពអាសន្ន និងបានកោះហៅកងឆ្មាំជាតិ Nevada ដើម្បីជួយដល់ប្រតិបត្តិការសង្គ្រោះ និងការពារសុវត្ថិភាពប្រជាពលរដ្ឋ។ ឧទ្ធម្ភាគចក្រចំនួនពីរគ្រឿងត្រូវបានដាក់ពង្រាយ ដើម្បីគាំទ្រការពន្លត់ភ្លើងពីលើអាកាស ខណៈកងទ័ពប្រមាណ ៦០នាក់ ត្រូវបានចាត់តាំងឱ្យជួយប៉ូលិសការពារតំបន់លំនៅឋានដែលត្រូវបានជម្លៀស។

ទោះជាយ៉ាងណា ការគ្រប់គ្រងភ្លើងនៅតែជួបការលំបាក ដោយសារខ្យល់បក់ខ្លាំងបានធ្វើឱ្យទិសដៅនៃអណ្តាតភ្លើងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ លោក Darin Balaam មន្ត្រីប៉ូលិសស្រុក Washoe បានពណ៌នាស្ថានការណ៍ថា មានភាពច្របូកច្របល់យ៉ាងខ្លាំង ព្រោះខ្យល់ដែលប្តូរទិសជាបន្តបន្ទាប់ បានរុញច្រានភ្លើងទៅកាន់ទិសដៅផ្សេងៗគ្នា និងធ្វើឱ្យការឆ្លើយតបរបស់ក្រុមសង្គ្រោះកាន់តែពិបាក។

លោក Balaam បានបញ្ជាក់ថា អគ្គិភ័យនេះបានបង្ហាញពីភាពគ្រោះថ្នាក់រួចទៅហើយ កាលពីយប់ថ្ងៃសៅរ៍ ដោយភ្លើងបានរាលដាលយ៉ាងលឿន រហូតដល់អណ្តាតភ្លើងអាចលោតឆ្លងកាត់ទីតាំងរថយន្តពន្លត់អគ្គិភ័យ។ ស្ថានភាពនេះបានធ្វើឱ្យអ្នកពន្លត់អគ្គិភ័យមានការលំបាកក្នុងការចូលទៅកាន់តំបន់ដែលកំពុងឆេះ ខណៈប្រជាពលរដ្ឋក៏កំពុងប្រញាប់ប្រញាល់ចាកចេញពីតំបន់គ្រោះថ្នាក់ក្នុងពេលដំណាលគ្នា។

សម្រាប់អ្នកស្រុក ស្ថានការណ៍បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ លោក Tyler Duvall ដែលបានទៅបោះជំរុំនៅចុងសប្តាហ៍ បាននិយាយថា នៅព្រឹកថ្ងៃសៅរ៍ ភ្លើងនៅមានទំហំតូច ហើយមិនទាន់បង្កឱ្យមានការព្រួយបារម្ភខ្លាំងនោះទេ។ ប៉ុន្តែមួយថ្ងៃបន្ទាប់ ផ្ទះរបស់លោកបានស្ថិតនៅក្នុងតំបន់ដែលត្រូវបានបញ្ជាឱ្យជម្លៀស។ លោកបាននិយាយថា ខ្យល់នៅពេលនោះបានបក់ខ្លាំងខ្លាំង ដែលធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។ អគ្គិភ័យដែលកំពុងពង្រីកយ៉ាងឆាប់រហ័ស បានហ៊ុំព័ទ្ធដោយតំបន់លំនៅឋានជាច្រើន។ ផ្ទះ និងអាជីវកម្មជិត ១០,០០០ កន្លែង នៅក្នុងស្រុក Washoe បានដាច់ចរន្តអគ្គិសនីកាលពីថ្ងៃអាទិត្យ។ ជាមួយគ្នានេះ ផ្លូវហាយវេលេខ US 395 ដែលជាផ្លូវធំតភ្ជាប់តំបន់ខាងជើងទៅខាងត្បូង ត្រូវបានបិទ ដើម្បីការពារសុវត្ថិភាព និងសម្រួលដល់ប្រតិបត្តិការរបស់ក្រុមសង្គ្រោះ។

លោក David Barb ដែលបានត្រឡប់មកពីដំណើរបរបាញ់នៅចុងសប្តាហ៍ បានឃើញថា អគ្គិភ័យបានបំផ្លាញហាងលក់សម្ភារៈ taxidermy របស់លោកមួយផ្នែក ខណៈផ្ទះរបស់លោកដែលនៅក្បែរនោះ ហាក់ដូចជាអាចរួចផុតពីការបំផ្លាញ ដោយសារកម្មកររបស់ក្រុមហ៊ុនថែទាំទេសភាពបានចូលជួយកាត់បន្ថយស្មៅ និងបន្លែដែលអាចជាឥន្ធនៈសម្រាប់ភ្លើង។ ប្រពន្ធរបស់លោក Barb បានស្ថិតនៅក្នុងផ្ទះនៅពេលភ្លើងបានចាប់ផ្តើមនៅម្ខាងទៀតនៃភ្នំ ហើយក្រោយមកត្រូវបានជម្លៀសទៅស្នាក់នៅផ្ទះមិត្តភក្តិ។ លោកបាននិយាយថា ទោះបីជាគ្រួសាររបស់លោកបានប្រឈមនឹងការខូចខាតក៏ដោយ អ្វីដែលសំខាន់បំផុតគឺសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា។

ដើម្បីផ្តល់ទីជម្រកដល់អ្នកដែលត្រូវបានជម្លៀស អាជ្ញាធរសង្គ្រោះបន្ទាន់ស្រុក Washoe បានបើក មជ្ឈមណ្ឌលសន្និបាត Reno-Sparks សម្រាប់ប្រជាពលរដ្ឋដែលត្រូវការកន្លែងស្នាក់នៅបណ្តោះអាសន្ន។ ទោះជាយ៉ាងណា សត្វចិញ្ចឹមមិនត្រូវបានអនុញ្ញាតឱ្យនាំចូលទៅក្នុងមជ្ឈមណ្ឌលនេះទេ ដូច្នេះអាជ្ញាធរបានរៀបចំទីតាំងពីរផ្សេងទៀតសម្រាប់ទទួលសត្វតូច និងសត្វធំ។ 

ជាមួយគ្នានេះ កាស៊ីណូមួយចំនួននៅទីក្រុង Reno បានផ្តល់ការបញ្ចុះតម្លៃលើបន្ទប់សណ្ឋាគារ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសឱ្យមានកន្លែងស្នាក់នៅបណ្តោះអាសន្ន។ គិតត្រឹមរសៀលថ្ងៃអាទិត្យ អាជ្ញាធរបានអនុវត្តការបិទផ្លូវយ៉ាងហោចណាស់ ២០កន្លែង នៅក្នុងតំបន់ដែលរងផលប៉ះពាល់។ ក្រៅពីការជម្លៀសប្រជាពលរដ្ឋ អាជ្ញាធរក៏កំពុងតាមដានយ៉ាងដិតដល់នូវកន្លែងឃុំឃាំងក្នុងស្រុកមួយ ដែលស្ថិតនៅចម្ងាយត្រឹមតែប៉ុន្មានប្លុកពីគែមខាងក្រៅនៃតំបន់ព្រមានជម្លៀស។ ការតាមដាននេះមានគោលបំណងធានាថា ប្រសិនបើភ្លើងបន្តរាលដាល ឬស្ថានភាពខ្យល់ធ្ងន់ធ្ងរឡើង អាជ្ញាធរអាចចាត់វិធានការការពារអ្នកដែលស្ថិតនៅក្នុងទីតាំងនោះបានទាន់ពេលវេលា។

ស្ថានការណ៍នៅ Reno នៅតែត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់ ដោយសារភ្លើងអាចផ្លាស់ទីយ៉ាងឆាប់រហ័សតាមលក្ខខណ្ឌខ្យល់ និងបន្លែស្ងួត។ អាជ្ញាធរបានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋគោរពតាមបទបញ្ជាជម្លៀស និងការព្រមានរបស់មន្ត្រី ដើម្បីកាត់បន្ថយហានិភ័យ និងទុកផ្លូវសម្រាប់ក្រុមអ្នកឆ្លើយតបបន្ទាន់ចូលទៅកាន់តំបន់រងគ្រោះ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ The Guardian