អ្វីដែលត្រូវបានគេរំពឹងថាជាការជួបចរច បច្ចេកទេសផ្ទាល់មុខលើកដំបូងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីការឈានដល់អនុស្សរណៈនៃការយោគយល់គ្នា ដ៏គួរឱ្យភ្ញាក់ផ្អើលនោះ បានប្រែជានូវការសាកល្បងដ៏ធំមួយថា តើការបើកទំព័រការទូតដ៏ផុយស្រួយនេះ អាចរស់រានមានជីវិតពីសម្ពាធនៃសង្រ្គាមក្នុងតំបន់ដែលកំពុងរីករាលដាលបានដែរឬទេ។ កិច្ចពិភាក្សាដែលគ្រោងធ្វើឡើងនៅរមណីយដ្ឋាន ប៊ើហ្គិនស្តុក នៃប្រទេសស្វីស ដោយមានការសម្របសម្រួលពីប្រទេសកាតា និងប៉ាគីស្ថាន ត្រូវបានពន្យារពេលភ្លាមៗកាលពីថ្ងៃទី១៩ ខែមិថុនា ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់បានចាប់ផ្តើមផ្តល់សញ្ញាដល់អ្នកសារព័ត៌មានថា កិច្ចប្រជុំនឹងដំណើរការទៅមុខ។ បន្ទាប់មក ផែនការទាំងនោះក៏ត្រូវខកខានទៅវិញ។

អនុប្រធានាធិបតីអាមេរិក លោក ជេឌី វ៉ាន់ ដែលត្រូវបានគេរំពឹងថានឹងដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិក បានពន្យារពេលការធ្វើដំណើររបស់លោក។ ក្រសួងការបរទេសស្វីសបានបញ្ជាក់ថា កិច្ចពិភាក្សាត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ចំណែកខាងភាគីអ៊ីរ៉ង់បានប្រកាសថា គ្មានភាពបន្ទាន់ សម្រាប់ការជួបពិភាក្សាភ្លាមៗនោះទេ ដោយលើកហេតុផលថា អនុស្សរណៈដំបូងត្រូវបានចុះហត្ថលេខាជាឌីជីថលរួចរាល់ហើយ ហើយដំណាក់កាលបន្ទាប់គឺអាស្រ័យលើការអនុវត្តលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា។ ទោះជាយ៉ាងណា សារពីគ្រប់ភាគីទាំងអស់សុទ្ធតែមានចេតនាបញ្ជាក់ដូចគ្នាថា នេះគ្រាន់តែជាការពន្យារពេល មិនមែនជាការបែកបាក់ឡើយ។លោកស្រីបណ្ឌិត ហ្គូរ៉ាណា ហ្គ្រីហ្គីក ប្រធានក្រុមសន្តិសុខសកលនៅមជ្ឈមណ្ឌលសិក្សាសន្តិសុខហ្សូរិច បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ RFE/RL ថា ពាក្យគន្លឹះនៅទីនេះគឺ 'ការពន្យារពេល' មិនមែនជា 'ការលុបចោល' នោះទេ។ មន្ត្រីស្វីសហាក់ដូចជាយល់ស្របនឹងទស្សនៈនេះ ដោយក្រសួងការបរទេសស្វីសបានឱ្យដឹងថា ការងារត្រៀមរៀបចំនៅរមណីយដ្ឋាន Bürgenstock នៅតែបន្តធ្វើឡើង ដែលនេះបង្ហាញថាភាគីទាំងអស់នៅតែមានបំណងត្រឡប់មកតុចរចាវិញ។

បណ្តាញការទូតសម្ងាត់ប្រទេសស្វីសបានដើរតួនាទីពិសេស និងសំខាន់ជាយូរមកហើយនៅក្នុងទំនាក់ទំនងការទូតរវាងអាមេរិក និងអ៊ីរ៉ង់។ ចាប់តាំងពីទំនាក់ទំនងផ្លូវការត្រូវបានកាត់ផ្តាច់បន្ទាប់ពីបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ១៩៧៩ ទីក្រុងប៊ែន បានដើរតួជាអ្នកការពារផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងទីក្រុងតេអេរ៉ង់ និងជាច្រកផ្លូវចម្បងសម្រាប់ការប្រាស្រ័យទាក់ទងគ្នា។ លោកស្រី ហ្គ្រីហ្គីក បានកត់សម្គាល់ថា តួនាទីរបស់ស្វីសជារឿយៗត្រូវបានគេយល់ច្រឡំ។ លោកស្រីពន្យល់ថា ស្វីសដំណើរការក្នុងនាមជា អ្នកសម្របសម្រួល និងរៀបចំទីកន្លែង ច្រើនជាងធ្វើជាអ្នកកណ្តាលផ្សះផ្សាផ្ទាល់ ពោលគឺជួយរៀបចំកិច្ចប្រជុំ រក្សាបណ្តាញទំនាក់ទំនង និងបើកផ្លូវការទូតសម្ងាត់។

បច្ចុប្បន្ន ស្ថាបត្យកម្មការទូតនេះបានវិវត្តកាន់តែទូលំទូលាយ។ ខណៈពេលដែលទីក្រុងហ្សឺណែវជាមជ្ឈមណ្ឌលប្រពៃណីសម្រាប់ការទូតពហុភាគី តួអង្គអន្តរការីថ្មីៗបានឈានជើងចូលរួមចំណែកកាន់តែខ្លាំង។ ប្រទេសកាតាបានក្លាយជាតួអង្គគន្លឹះ ខណៈដែលប៉ាគីស្ថានបានលេចមុខជាអ្នកសម្របសម្រួលជំនួស ក្នុងតួនាទីស្រដៀងគ្នានឹងប្រទេសអូម៉ង់កាលពីមុន។ ការកើនឡើងនៃចំនួនអ្នកសម្របសម្រួលនេះ ឆ្លុះបញ្ចាំងពីភាពស្មុគស្មាញ និងភាពបន្ទាន់នៃស្ថានភាពបច្ចុប្បន្ន។ ការពន្យារពេលនេះបានឆ្លុះបញ្ចាំងពីតថភាពពិតដ៏រ៉ាំរ៉ៃនៃការទូតអាមេរិក-អ៊ីរ៉ង់ ការបង្កើតក្របខ័ណ្ឌការងារ គឺតែងតែងាយស្រួលជាងការសម្រេចបាននូវកិច្ចព្រមព្រៀងចុងក្រោយ។ ចំកណ្តាលនៃភាពមិនច្បាស់លាស់នេះ គឺបញ្ហាប្រទេសលីបង់។

ក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងថា ការចរចាលើកិច្ចព្រមព្រៀងចុងក្រោយគឺអាស្រ័យលើការអនុវត្ត លក្ខខណ្ឌជាក់លាក នៅក្នុង MOU ដែលក្រុមអ្នកការទូតបកស្រាយថា មានការផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងស្ថិរភាពនៅជួរមុខនៃប្រទេសលីបង់។ ទំនាក់ទំនងនេះបានធ្វើឱ្យអ្វីៗគ្រប់យ៉ាងកាន់តែស្មុគស្មាញ។

មន្ត្រីជាន់ខ្ពស់អឺរ៉ុបម្នាក់បានប្រាប់ RFE/RL ថា តាមពិតទៅ មិនទាន់មាន បទឈប់បាញ់ថ្មី រវាងអ៊ីស្រាអែល និងក្រុមហេសបូឡានោះទេ។ អ្វីដែលត្រូវបានប្រកាសជាសាធារណៈ គ្រាន់តែជាការស្តារឡើងវិញនូវបទឈប់បាញ់ចាស់ដែលជិតដួលរលំ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សាយ៉ាងខ្លាំងក្លាជាច្រើនថ្ងៃ។ ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានសហរដ្ឋអាមេរិកចាត់ទុកជាអង្គការភេរវករ ខណៈដែលសហភាពអឺរ៉ុបដាក់តែផ្នែកប្រដាប់អាវុធរបស់ក្រុមនេះទៅក្នុងបញ្ជីខ្មៅ ប៉ុន្តែមិនបានដាក់បញ្ចូលផ្នែកនយោបាយនោះទេ។ ប្រភពពីអ៊ីស្រាអែលបានឱ្យដឹងថា ក្រុមហេសបូឡាបានស្នើសុំជាបន្ទាន់ឱ្យមានការវិលត្រឡប់ទៅរកលក្ខខណ្ឌឈប់បាញ់វិញ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សដែលអ៊ីស្រាអែលហៅថាជា សកម្មប្រយុទ្ធរាប់សិបនាក់ទោះបីជាក្នុងនោះមានជនស៊ីវិលលីបង់រងគ្រោះផងដែរក៏ដោយ។

ទន្ទឹមនឹងនេះ ទីក្រុងវ៉ាស៊ីនតោនកំពុងបង្ហាញសញ្ញាថា បញ្ហាលីបង់មិនអាចកាត់ផ្តាច់ចេញពីសំណុំរឿងភូមិសាស្ត្រនយោបាយក្នុងតំបន់ទាំងមូលបានឡើយ។ នៅក្នុងជំនួបមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ បានប្រាប់ប្រធានាធិបតីលីបង់ លោក ហ្សូសែហ្វ អោន ថា ក្រុមហេសបូឡាត្រូវតែទម្លាក់អាវុធ ហើយលោកបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់អាមេរិកចំពោះរដ្ឋអធិបតេយ្យភាពលីបង់ ដែលមានសន្តិភាពជាមួយប្រទេសជិតខាងទាំងអស់។ នេះជាសញ្ញាមួយផ្ញើទៅកាន់ទីក្រុងបេរូត និងទីក្រុងតេអេរ៉ង់ថា វ៉ាស៊ីនតោនចាត់ទុកអនាគតរបស់ហេសបូឡាជាផ្នែកមួយនៃការដោះស្រាយវិបត្តិក្នុងតំបន់ទាំងមូល។ សម្រាប់ទីក្រុងតេអេរ៉ង់ ការរស់រានមានជីវិតរបស់ក្រុមហេសបូឡានៅលើសមរភូមិ មិនអាចកាត់ផ្តាច់ចេញពីការទូតនុយក្លេអ៊ែរបានឡើយ។ លោក ហ្វាហ្សាន សាបិត អ្នកជំនាញស្តីពីអ៊ីរ៉ង់នៅវិទ្យាស្ថាន Graduate នៃទីក្រុងហ្សឺណែវ បានពន្យល់ថា ការពន្យារពេលនេះមិនមែនមានន័យថា MOU ដំបូងកំពុងជួបបរាជ័យនោះទេ។ លោកបានលើកឡើងថា ធាតុផ្សំដ៏សំខាន់នៃ MOU គឺការបើកច្រកសមុទ្រ ហរមូស (Hormuz) ឡើងវិញ។

បច្ចុប្បន្ន ហានិភ័យនៃការដឹកជញ្ជូនតាមច្រកសមុទ្រនេះបានធូរស្រាល ដែលជួយកាត់បន្ថយថ្លៃធានារ៉ាប់រង និងអនុញ្ញាតឱ្យចរាចរណ៍ពាណិជ្ជកម្មដំណើរការជាធម្មតា។ សម្រាប់ទីក្រុងតេអេរ៉ង់ នេះជាភស្តុតាងដែលបង្ហាញថាដំណាក់កាលទីមួយកំពុងដំណើរការដោយជោគជ័យ។ ទោះជាយ៉ាងណា លោក សាបិត បានកត់សម្គាល់ថា ឥឡូវនេះអ៊ីរ៉ង់កំពុងព្យាយាមពង្រីកវិសាលភាពការទូត ដោយចងសន្តិសុខរបស់ក្រុមហេសបូឡាទៅក្នុងដំណាក់កាលនៃការចរចា។ យុទ្ធសាស្ត្រនេះបម្រើគោលបំណងជាច្រើន ការពារសម្ព័ន្ធមិត្តក្នុងតំបន់ដ៏សំខាន់បំផុតរបស់ខ្លួន បង្កើនទំនុកចិត្តដល់ក្រុមអភិរក្សនិយមក្នុងស្រុកដែលនៅតែមន្ទិលសង្ស័យលើកិច្ចព្រមព្រៀង និងសាកល្បងមើលថាតើរដ្ឋបាលរបស់លោក ត្រាំ អាចទប់ស្កាត់យុទ្ធនាការយោធារបស់អ៊ីស្រាអែលបានកម្រិតណា។

អានុភាពរបស់អ៊ីរ៉ង់នៅតែផ្អែកលើកត្តាភូមិសាស្ត្រ។ អ៊ីរ៉ង់រក្សាសមត្ថភាពក្នុងការរំខាន ឬបិទច្រកសមុទ្រ Hormuz ដែលជាចំណុចសង្កត់សេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន។ ទីក្រុងតេអេរ៉ង់ជឿជាក់ថា ប្រសិនបើខ្លួនរងការវាយប្រហារ ខ្លួនអាចសងសឹកវិញមិនត្រឹមតែតាមរយៈការបិទច្រកសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងតំបន់ឈូងសមុទ្រទៀតផង។ កត្តារារាំងទាំងនេះហើយ ដែលជួយពន្យល់ពីមូលហេតុដែលប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចចិត្តជ្រើសរើសផ្លូវការទូត ជាជាងការបង្កើនជម្លោះយោធា។ ទោះជាយ៉ាងណា លោក សាបិត នៅតែបង្ហាញការប្រុងប្រយ័ត្នដោយលើកឡើងថា លោកមិនសូវមានសុទិដ្ឋិនិយមទេថាកិច្ចព្រមព្រៀងដំណាក់កាលទីពីរ ដែលផ្ដោតលើបញ្ហានុយក្លេអ៊ែរ នឹងអាចលេចចេញជារូបរាងបានយ៉ាងងាយស្រួលនោះ។

សម្រាប់ពេលនេះ មន្ត្រីអាមេរិក និងអឺរ៉ុបនិយាយថា ពួកគេនៅតែសង្ឃឹមថាកិច្ចចរចានៅ រមនីយដ្ឋាន Bürgenstock អាចនឹងត្រូវរស់ឡើងវិញនៅដើមសប្តាហ៍នេះ។ ប៉ុន្តែក្រុមអ្នកការទូតបានទទួលស្គាល់ថា ដំណាក់កាលទីពីរ ដែលត្រូវជជែកពីការរឹតត្បិតកម្មវិធីនុយក្លេអ៊ែរ ការបន្ធូរបន្ថយទណ្ឌកម្ម ការធានាសន្តិសុខក្នុងតំបន់ និងបញ្ហាក្រុមប្រដាប់អាវុធតំណាង នឹងមានភាពលំបាកខ្លាំងជាងមុន។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក ម៉ូចតាបា ខាមេនី បានបង្ហាញការសង្ស័យរួចទៅហើយចំពោះក្របខ័ណ្ឌការងារនេះ ខណៈដែលក្រុមអ្នករិះគន់នៅក្នុងទីក្រុងតេអេរ៉ង់យល់ថា MOU នេះបានផ្តល់សម្បទានទៅឱ្យអាមេរិកច្រើនពេក។

សម្រាប់ប្រទេសស្វីស ដំណើរការការទូតដែលជួបភាពរាក់ទាក់ និងរអាក់រអួលបែបនេះ មិនមែនជារឿងថ្មីនោះទេ។ ទីក្រុងប៊ែន (Bern) បានចំណាយពេលរាប់ទសវត្សរ៍ក្នុងការសម្របសម្រួលការចរចាដ៏ស្មុគស្មាញបែបនេះ ចាប់តាំងពីសម័យប្រធានាធិបតី ចច ដបុលយូ ប៊ូស (George W. Bush), បារ៉ាក់ អូបាម៉ា (Barack Obama), ចូ បៃដិន (Joe Biden) រហូតមកដល់សម័យលោក ដូណាល់ ត្រាំ។ ការពន្យារពេល ឧបសគ្គ និងការប្រែប្រួលលទ្ធផល គឺជារឿងធម្មតានៅក្នុងលំនាំការទូត។ កិច្ចចរចាលើកដំបូងរវាងអាមេរិក និងអ៊ីរ៉ង់ ដើមឡើយមានបំណងបង្កើតកម្លាំងរុញច្រានវិជ្ជមាន ប៉ុន្តែផ្ទុយទៅវិញ វាបានលាតត្រដាងឱ្យឃើញនូវភាពផុយស្រួយនៃការទូត ដែលជារឿយៗតែងតែងាយរងឥទ្ធិពល និងត្រូវបានគ្របដណ្តប់ដោយព្រឹត្តិការណ៍ជាក់ស្តែងនៅលើសមរភូមិ។

 

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Eurasia Review