តម្លៃប្រេងឆៅបានធ្លាក់ចុះខ្លាំង បន្ទាប់ពីមានព័ត៌មានថា ប្រេងអ៊ីរ៉ង់អាចនឹងចូលទីផ្សារពិភពលោកក្នុងពេលឆាប់ៗ ដែលធ្វើឲ្យមានការរំពឹងថា សម្ពាធអតិផរណានឹងថយចុះ និងជំរុញឲ្យទិន្នផលប័ណ្ណបំណុលធ្លាក់ចុះ ខណៈទីផ្សារភាគហ៊ុន និងរូបិយប័ណ្ណមានភាពស្ងប់ស្ងាត់ មុនកិច្ចប្រជុំដំបូងរបស់លោក Kevin Warsh ក្នុងតួនាទីជាប្រធានធនាគារកណ្ដាលអាមេរិក។តម្លៃប្រេង Brent បានធ្លាក់ក្រោម 80 ដុល្លារក្នុងមួយបារ៉ែល ជាកម្រិតទាបបំផុតចាប់តាំងពីការផ្ទុះជម្លោះអាមេរិក–អ៊ីរ៉ង់កាលពីខែមីនា។មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងលើកលែងទណ្ឌកម្មលើប្រេងអ៊ីរ៉ង់ក្រោមកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ដែលអាចបើកផ្លូវឲ្យមានការផ្គត់ផ្គង់ប្រេងបន្ថែមរាប់លានបារ៉ែលចូលទីផ្សារ។ ទិន្នផលប័ណ្ណបំណុលរដ្ឋាភិបាលអាមេរិកបានធ្លាក់ចុះ ខណៈអត្រាការប្រាក់នៅអាស៊ីក៏ធ្លាក់តាម ដោយទិន្នផលប័ណ្ណ 10 ឆ្នាំរបស់ជប៉ុនធ្លាក់ 1.5 basis points មកនៅ 2.63% និងអត្រា 10 ឆ្នាំអូស្ត្រាលីធ្លាក់ជិត 5 basis points មកនៅ 4.787%។លោក Kim Fustier អ្នកវិភាគជាន់ខ្ពស់ផ្នែកប្រេង និងឧស្ម័ននៅ HSBC បានឲ្យដឹងថា “ទីផ្សារកំពុងដាក់តម្លៃទៅលើលទ្ធភាពខ្ពស់នៃការត្រឡប់ទៅរកស្ថានភាពធម្មតានៃការឆ្លងកាត់លើច្រកសមុទ្រ Hormuz” ទោះបីធនាគារនេះគិតថា អាចនឹងត្រូវរង់ចាំដល់ចុងខែកញ្ញា។

A man walks past a stock quotation board showing the  Nikkei stock prices outside a brokerage in Tokyo

ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងអាមេរិក–អ៊ីរ៉ង់ ដែលគ្រោងចុះហត្ថលេខានៅថ្ងៃសុក្រ នៅតែមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការឡើយ ខណៈការបិទច្រកសមុទ្រ Hormuz រយៈពេល 3 ខែបានធ្វើឲ្យស្តុកប្រេងធ្លាក់ចុះ ដោយស្តុកប្រេងអាមេរិកនៅកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ 1983។
នៅ Wall Street កាលពីយប់មិញ វិនិយោគិនបានកាត់បន្ថយការវិនិយោគលើភាគហ៊ុនបច្ចេកវិទ្យា និងឈីប ដោយធ្វើឲ្យ Nasdaq ធ្លាក់ 1.15% ខណៈភាគហ៊ុនផ្នែកហិរញ្ញវត្ថុ និងឧស្សាហកម្មកើនឡើង ជួយឲ្យ Dow Jones ឡើងដល់កម្រិតខ្ពស់ថ្មី។
ទីផ្សារអនាគតនៅអាស៊ីមានភាពស្ងប់ស្ងាត់បន្តិច ខណៈភាគហ៊ុនបច្ចេកវិទ្យានៅតៃវ៉ាន់ និងកូរ៉េខាងត្បូងធ្លាក់បន្តិច ហើយសន្ទស្សន៍ MSCI Asia-Pacific (ក្រៅជប៉ុន) ធ្លាក់ប្រហែល 0.3%។
នៅជប៉ុន សន្ទស្សន៍ Nikkei 225 កើន 0.4% ខណៈទីផ្សារភាគហ៊ុនហុងកុង និងសៀងហៃនៅស្ងប់ស្ងាត់។ធនាគារកណ្ដាលសហរដ្ឋអាមេរិក (Fed ) នៅស្ងៀម ខណៈលោក Warsh ក្លាយជាចំណុចចាប់អារម្មណ៍។  អ្នកជួញដូរកំពុងរង់ចាំមើលរបៀបដែលលោក Warsh នឹងដោះស្រាយសម្ពាធរវាងគោលនយោបាយធនាគារកណ្ដាល និងការរំពឹងទីផ្សារ ដែលភាគច្រើនរំពឹងថានឹងមានការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ ខណៈការរំពឹងទុកនេះធ្វើឲ្យប្រាក់ដុល្លារនៅស្ថិរភាព។
ប្រាក់អឺរ៉ូបានកើនតិចតួចដល់ប្រហែល 1.16 ដុល្លារ ខណៈប្រាក់យ៉េនជប៉ុននៅកម្រិត 160.3 ក្នុងមួយដុល្លារ ទោះបីមានការដំឡើងអត្រាការប្រាក់នៅជប៉ុនកាលពីថ្ងៃអង្គារក៏ដោយ។
អ្នកវិភាគបានបញ្ជាក់ថា ការផ្លាស់ប្តូរអត្រាការប្រាក់របស់ Fed ទំនងជាមិនកើតឡើងឆាប់ៗនេះទេ ដូច្នេះការយកចិត្តទុកដាក់សំខាន់គឺទៅលើសន្និសីទសារព័ត៌មាន និងការព្យាករណ៍របស់សមាជិកគណៈកម្មការ។  លោក Xiao Cui ពី Pictet Wealth Management បានឲ្យដឹងថា លោក Warsh អាចនឹងមានជំហរអត់ធ្មត់លើគោលនយោបាយអនាគត ប៉ុន្តែប្រសិនបើគាំទ្រការដំឡើងអត្រាការប្រាក់ វាអាចត្រូវបានបកស្រាយថាជាជំហររឹតត្បិត។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters