[ញូវដេលី]៖ ក្រុមអ្នកស៊ើបអង្កេតឥណ្ឌាត្រូវបានគេរំពឹងថា នឹងពន្យារពេលការចេញផ្សាយរបាយការណ៍ចុងក្រោយ ស្តីពីករណីធ្លាក់យន្តហោះ Boeing 787 របស់ក្រុមហ៊ុន Air India ដែលបានកើតឡើងកាលពីមួយឆ្នាំមុន។ ការពន្យារពេលនេះត្រូវបានធ្វើឡើង ដើម្បីបញ្ចប់ការវិភាគលើម៉ាស៊ីនយន្តហោះ និងទិន្នន័យពាក់ព័ន្ធផ្សេងៗ នេះបើយោងតាមប្រភពដែលបានដឹងអំពីការស៊ើបអង្កេត។

កាលពីឆ្នាំមុន ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ការវាយតម្លៃដំបូងរបស់មន្ត្រីអាមេរិកបានបង្ហាញថា សំឡេងសន្ទនារវាងពីឡុតទាំងពីរនាក់ អាចគាំទ្រដល់ការសង្ស័យថា ប្រធានក្រុមបានបិទប្រព័ន្ធផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់ម៉ាស៊ីនយន្តហោះ។ ទោះជាយ៉ាងណា ក្រុមអ្នកស៊ើបអង្កេតឥណ្ឌាបានបញ្ជាក់នៅពេលនោះថា ការសន្និដ្ឋានបែបនេះនៅមិនទាន់អាចធ្វើបាននៅឡើយទេ ហើយត្រូវការការស៊ើបអង្កេតបន្ថែម។ ឪពុករបស់ប្រធានក្រុមបានស្នើសុំទៅកាន់តុលាការកំពូលឥណ្ឌា ឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ ដោយពិចារណាលើមូលហេតុផ្សេងៗ មិនត្រឹមតែផ្តោតលើលទ្ធភាពនៃសកម្មភាពបើកបរដោយចេតនានោះទេ។ ខាងក្រោមនេះជាករណីធ្លាក់យន្តហោះមួយចំនួន ដែលធ្លាប់មានការសង្ស័យស្រដៀងគ្នា។

កាលពីខែមីនា ឆ្នាំ២០២២ យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុន China Eastern បានធ្លាក់ចូលជម្រាលភ្នំនៅភាគខាងត្បូងប្រទេសចិន បណ្តាលឱ្យអ្នកដំណើរ និងសមាជិកនាវិកសរុប ១៣២នាក់ស្លាប់។ កាលពីខែមុន ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក (NTSB) បានបង្ហាញទិន្នន័យថា ប្រព័ន្ធផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់ម៉ាស៊ីនទាំងពីរត្រូវបានបិទ។ 

តាម NTSB ឧបករណ៍ប្តូរប្រេងឥន្ធនៈត្រូវបានផ្លាស់ប្តូរពីស្ថានភាពប្រតិបត្តិការធម្មតាទៅជាស្ថានភាព «កាត់ផ្តាច់» ខណៈយន្តហោះកំពុងហោះនៅកម្ពស់ប្រមាណ ២៩,០០០ ហ្វីត។ ទិន្នន័យពី Flightradar24 ក៏បង្ហាញថា មានសម្ពាធចុះក្រោមលើឧបករណ៍បញ្ជាយន្តហោះ បន្ទាប់ពីម៉ាស៊ីនត្រូវបានបិទ។ ទោះយ៉ាងណា អាជ្ញាធរចិននៅមិនទាន់បានផ្សព្វផ្សាយរបាយការណ៍ស៊ើបអង្កេតពេញលេញនៅឡើយទេ។

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ យន្តហោះ Airbus A320 របស់ក្រុមហ៊ុន Germanwings បានធ្លាក់នៅតំបន់ភ្នំអាល់ ប្រទេសបារាំង បណ្តាលឱ្យមនុស្សទាំង ១៥០នាក់នៅលើយន្តហោះស្លាប់។ អ្នកស៊ើបអង្កេតបានរកឃើញថា មន្ត្រីទីមួយ Andreas Lubitz បានចាក់សោប្រធានក្រុមនៅខាងក្រៅកាប៊ីន និងបញ្ជាឱ្យយន្តហោះធ្លាក់ចុះដោយចេតនា។ ព្រះរាជអាជ្ញាបានបញ្ជាក់ថា Lubitz មានបញ្ហាសុខភាពផ្លូវចិត្ត និងធ្លាប់មានគំនិតធ្វើអត្តឃាត ប៉ុន្តែបានលាក់បាំងព័ត៌មាននេះពីនិយោជក។ ក្រោយហេតុការណ៍នេះ សហភាពអឺរ៉ុបបានដាក់ចេញវិធានការថ្មីនៅឆ្នាំ២០១៨ ដោយតម្រូវឱ្យមានការវាយតម្លៃសុខភាពផ្លូវចិត្តសម្រាប់អ្នកបើកយន្តហោះ មុនចូលបម្រើការងារ។

យន្តហោះ MH370 របស់ក្រុមហ៊ុន Malaysia Airlines បានបាត់ខ្លួននៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ខណៈកំពុងធ្វើដំណើរពីទីក្រុងគូឡាឡាំពួរទៅទីក្រុងប៉េកាំង ដោយមានមនុស្ស ២៣៩នាក់នៅលើយន្តហោះ។ ផ្អែកលើទិន្នន័យផ្កាយរណប និងបំណែកយន្តហោះដែលរកឃើញ អ្នកស៊ើបអង្កេតជឿថា យន្តហោះអាចបានធ្លាក់នៅតំបន់ដាច់ស្រយាលនៃមហាសមុទ្រឥណ្ឌា។ របាយការណ៍ពីអូស្ត្រាលីបានបង្ហាញថា ប្រធានក្រុម Zaharie Ahmad Shah ធ្លាប់បានហោះតាមគន្លងស្រដៀងគ្នានៅលើឧបករណ៍ក្លែងធ្វើការហោះហើរនៅផ្ទះរបស់គាត់ប្រហែល៦សប្តាហ៍មុនការបាត់ខ្លួន។ អ្នកស៊ើបអង្កេតម៉ាឡេស៊ីបានពិចារណាលើលទ្ធភាពនៃការរៀបចំដោយចេតនា ប៉ុន្តែមិនអាចកំណត់អ្នកទទួលខុសត្រូវបាន។

នៅឆ្នាំ១៩៩៩ យន្តហោះ Boeing 767 របស់ក្រុមហ៊ុន EgyptAir បានធ្លាក់នៅជិតរដ្ឋ Massachusetts សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្ស ២១៧នាក់ស្លាប់។ NTSB របស់សហរដ្ឋអាមេរិកបានសន្និដ្ឋានថា មន្ត្រីទីមួយបានបញ្ជាយន្តហោះឱ្យធ្លាក់ចុះដោយចេតនា ខណៈពេលដែលគាត់បាននិយាយពាក្យមួយឃ្លាដែលត្រូវបានយកមកពិភាក្សាក្នុងការស៊ើបអង្កេត។ ប៉ុន្តែអាជ្ញាធរអេហ្ស៊ីបបានបដិសេធការសន្និដ្ឋាននេះ ដោយចោទប្រកាន់ថា ការវិភាគរបស់ក្រុមអ្នកសង្កេត NTSB បានផ្តោតលើទ្រឹស្តីមួយជាក់លាក់ពេក។ យន្តហោះ Boeing 737-300 របស់ក្រុមហ៊ុន SilkAir បានធ្លាក់នៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ១៩៩៧ បណ្តាលឱ្យមនុស្ស ១០៤នាក់ស្លាប់។ អ្នកស៊ើបអង្កេតបានរកឃើញថា ឧបករណ៍កត់ត្រាទិន្នន័យហោះហើរ បានឈប់ដំណើរការប៉ុន្មាននាទីមុនពេលយន្តហោះធ្លាក់។ ខណៈអាជ្ញាធរឥណ្ឌូនេស៊ីមិនអាចកំណត់មូលហេតុច្បាស់លាស់ NTSB បានវាយតម្លៃថា អាចមានការរៀបចំដោយចេតនាពីអ្នកបើកបរ ដែលបណ្តាលឱ្យយន្តហោះធ្លាក់ចុះ។

 

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters