[តៃប៉ិ]៖ ឆ្មាំសមុទ្រតៃវ៉ាន់បានប្រកាសថា ខ្លួននឹងមិនអត់ឱនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការបង្កើត រូបភាពមិនពិត ថាខ្លួនមានយុត្តាធិការលើដែនទឹករបស់តៃវ៉ាន់ឡើយ។ ភាគីតៃវ៉ាន់បានប្តេជ្ញាថានឹង បណ្ដេញចេញ រាល់នាវាដែលចូលមកប្រឈម ឬរំលោភអធិបតេយ្យភាពរបស់ខ្លួន បន្ទាប់ពីប្រទេសចិនបានបញ្ចប់ប្រតិបត្តិការល្បាតនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតនៃកោះនេះ។

ប្រទេសចិន ដែលតែងតែអះអាងថា តៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីប្រទេសជប៉ុន និងហ្វីលីពីនបានប្រកាសកាលពីខែមុនថា ពួកគេនឹងចាប់ផ្តើមការចរចាជាផ្លូវការលើព្រំដែនសមុទ្រ ដែលមានការពាក់ព័ន្ធនឹងដែនទឹកក្បែរកោះតៃវ៉ាន់។

កាលពីថ្ងៃសៅរ៍កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ខ្លួនបានបញ្ជូននាវាទៅធ្វើប្រតិបត្តិការពង្រឹងច្បាប់ និងត្រួតពិនិត្យការដឹកជញ្ជូនក្នុងដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ជប៉ុន និងហ្វីលីពីន។ លុះដល់ល្ងាចថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយដដែលបានបញ្ជាក់ថា ការល្បាតត្រូវបានបញ្ចប់ ដោយបានត្រួតពិនិត្យនាវាចំនួន ១៩៨ គ្រឿង កែតម្រូវការរំលោភបំពាននាវាចំនួន ៣ គ្រឿង ព្រមទាំងបានស្ទង់មតិលើប្រព័ន្ធធារាសាស្ត្រ និងល្បាតនៅតំបន់ដែលមានបណ្តាញខ្សែក្រោមសមុទ្រទៀតផង។

ឆ្មាំសមុទ្រតៃវ៉ាន់បានប្រកាសយ៉ាងដាច់ណាត់ថា ទីក្រុងប៉េកាំងគ្មានយុត្តាធិការលើដែនទឹកទាំងនោះទេ។ នាវាតៃវ៉ាន់នឹងបន្តធ្វើសកម្មភាព ជំរុញឱ្យនាវាចិនចាកចេញដោយបង្ខំ ដើម្បីរក្សាសេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍។ ក្នុងសេចក្តីថ្លែងការណ៍មួយ ឆ្មាំសមុទ្រតៃវ៉ាន់បានបញ្ជាក់ថា អធិបតេយ្យភាពដែនសមុទ្ររបស់យើងមិនអាចរំលោភបំពានបានឡើយ។ ប្រទេសណាក៏ដោយដែលអះអាងថាមានយុត្តាធិការ នឹងត្រូវបណ្តេញចេញដោយគ្មានការលើកលែង។

នៅសប្តាហ៍នេះ តៃវ៉ាន់បានរាយការណ៍ថា មានកប៉ាល់ពាណិជ្ជកម្មចំនួន ៣ គ្រឿងដែលឆ្លងកាត់តំបន់នោះ ត្រូវបានឆ្មាំសមុទ្រចិនហៅសាកសួរ និងទាមទារយុត្តាធិការដែលបង្កឱ្យមានការភ័យខ្លាច។ លោក Hsieh Ching-chin អ្នកនាំពាក្យឆ្មាំសមុទ្រតៃវ៉ាន់បានប្រាប់អ្នកសារព័ត៌មានថា ចិនគ្មានសិទ្ធិអធិបតេយ្យភាពអ្វីទាំងអស់ក្នុងដែនទឹកភាគខាងកើតតៃវ៉ាន់ ហើយកងកម្លាំងរបស់តៃវ៉ាន់នឹងបណ្តេញនាវាដែលពាក់ព័ន្ធដោយមិនគិតពីសញ្ជាតិនោះទេ។

លើសពីនេះ ឆ្មាំសមុទ្រតៃវ៉ាន់បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ កប៉ាល់រដ្ឋាភិបាលចិនចំនួន ២ គ្រឿង បានចូលមកក្នុងដែនទឹកកម្រិតកំណត់ក្បែរកោះ Itu Aba ក្នុងសមុទ្រចិនខាងត្បូង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់តៃវ៉ាន់ ដោយខិតមកជិតក្នុងចម្ងាយត្រឹម ២,១ ម៉ាយល៍ ប៉ុន្តែបានចាកចេញវិញបន្ទាប់ពីត្រូវបានកងកម្លាំងតៃវ៉ាន់ព្រមាន។

គួររំលឹកថា ចិនតែងតែបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំងប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ស្ទើររាល់ថ្ងៃ ខណៈរដ្ឋាភិបាលតៃវ៉ាន់បានទទូចថា អនាគតរបស់កោះនេះ ត្រូវសម្រេចដោយប្រជាជនតៃវ៉ាន់ផ្ទាល់។ ទោះបីប្រធានាធិបតី Lai Ching-te បានស្នើសុំការចរចាជាមួយចិនជាច្រើនលើកក៏ដោយ ក៏ទីក្រុងប៉េកាំងនៅតែបដិសេធ ដោយចោទប្រកាន់លោកថាជា អ្នកបំបែករដ្ឋ។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters