(រ៉យទ័រ)៖ ការលេចធ្លាយខ្យល់កាន់តែធ្ងន់ធ្ងរនៅលើស្ថានីយអវកាសអន្តរជាតិ (ISS) បានជំរុញឱ្យអវកាសយានិកចំនួន ៥ នាក់ ត្រូវសម្រាក និងត្រៀមខ្លួនសម្រាប់ការជម្លៀសអស់រយៈពេលប្រហែល ២ ម៉ោង កាលពីថ្ងៃសុក្រទី៥ ខែមិថុនា ខណៈដែលភាគីរុស្ស៊ីកំពុងព្យាយាមជួសជុលស្នាមប្រេះនៅលើផ្នែកនៃមន្ទីរពិសោធន៍អវកាសរបស់ខ្លួន។
អ្នកនាំពាក្យ រដ្ឋបាលអាកាសចរណ៍និងអវកាសជាតិអាមេរិក (NASA) លោកស្រី Bethany Stevens បានឱ្យដឹងថា អវកាសយានិកចំនួន ៤ នាក់ នៃបេសកកម្ម Crew-12 (ជនជាតិអាមេរិក ២ នាក់, បារាំង ១ នាក់ និងរុស្ស៊ី ១ នាក់) រួមជាមួយអវកាសយានិកអាមេរិកម្នាក់ទៀត ត្រូវបានការគ្រប់គ្រងបេសកកម្មរបស់ NASA បញ្ជាឱ្យចូលទៅក្នុងយានអវកាស Crew Dragon របស់ក្រុមហ៊ុន SpaceX ដែលចតនៅទីនោះ កាលពីម៉ោង ៩:០៤ នាទីព្រឹក។ ទោះជាយ៉ាងណា ប្រហែលពីរម៉ោងក្រោយមក NASA បានលុបចោលការបញ្ជានេះ ដោយអនុញ្ញាតឱ្យអវកាសយានិកទាំងអស់វិលត្រឡប់ទៅស្ថានីយវិញ បន្ទាប់ពីការវាយតម្លៃអត្រានៃការលេចធ្លាយខ្យល់។

NASA និងទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានពិភាក្សាគ្នាអស់រយៈពេលជាច្រើនខែមកហើយ អំពីមូលហេតុនៃការលេចធ្លាយខ្យល់តិចតួចនៅលើម៉ូឌុល Zvezda របស់រុស្ស៊ី។ Roscosmos បានបញ្ជាក់កាលពីថ្ងៃសុក្រថា អ្នកជំនាញបានរកឃើញការលេចធ្លាយចំនួនពីរ ប៉ុន្តែមិនបង្កការគំរាមកំហែងភ្លាមៗដល់នាវិកឡើយ។ ការលេចធ្លាយទីមួយត្រូវបានផ្សាភ្ជាប់រួចរាល់ ហើយការរៀបចំកំពុងបន្តសម្រាប់ទីពីរ។ មន្ត្រីជាន់ខ្ពស់របស់ NASA ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា អត្រាលេចធ្លាយបានកើនឡើងពី ១ ផោន ក្នុងមួយថ្ងៃ ទៅជា ២ ផោន កាលពីថ្ងៃសុក្រ។
បច្ចុប្បន្ន ស្ថានីយ ISS មានអវកាសយានិកសរុប ៧ រូប។ លោកស្រី Stevens បានបន្ថែមថា NASA ទន្ទឹងរង់ចាំធ្វើការសហការជាមួយ Roscosmos ដើម្បីដោះស្រាយបញ្ហានេះ។ ការបញ្ជាឱ្យត្រៀមជម្លៀសបែបនេះគឺកម្រកើតមានណាស់ ហើយតាមប្រវត្តិសាស្ត្រ ២៧ ឆ្នាំរបស់ស្ថានីយ ISS អវកាសយានិកមិនដែលត្រូវជម្លៀសចេញទាំងស្រុងនោះទេ។

ដោយឡែក នៅក្នុងសភាសហរដ្ឋអាមេរិក កំពុងមានការពិភាក្សាលើសេចក្តីព្រាងច្បាប់មួយដើម្បីពង្រីកអាយុកាលរបស់ស្ថានីយ ISS រហូតដល់ឆ្នាំ ២០៣២ ដើម្បីផ្តល់ពេលវេលាដល់ក្រុមហ៊ុនឯកជនក្នុងការបង្កើតស្ថានីយជំនួស។ សេចក្តីព្រាងច្បាប់នេះទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភា Ted Cruz និង Maria Cantwell ដោយផ្តោតសំខាន់លើការប្រជែងវិស័យអវកាសជាមួយប្រទេសចិន។ ខណៈពេលនេះ មេដឹកនាំក្នុងសភាទាំងពីរថ្នាក់កំពុងធ្វើការដើម្បីឈានដល់ការឯកភាពគ្នានៅលើសេចក្តីព្រាងច្បាប់នេះ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters https://www.reuters.com/science/international-space-station-astronauts-evacuation-mode-russia-attempts-fix-2026-06-05/