ទីក្រុងសេអ៊ូល៖ ក្រុមបាតុករជាង ៦,០០០ នាក់ បានប្រមូលផ្តុំគ្នានៅក្បែរមជ្ឈមណ្ឌលរាប់សន្លឹកឆ្នោតមួយក្នុងទីក្រុងសេអ៊ូល កាលពីយប់ថ្ងៃសុក្រ ដើម្បីទាមទារឱ្យមានការបោះឆ្នោតថ្នាក់មូលដ្ឋានឡើងវិញ។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីការខ្វះខាតសន្លឹកឆ្នោត បានរារាំងប្រជាពលរដ្ឋមួយចំនួនមិនឱ្យអនុវត្តសិទ្ធិបោះឆ្នោតរបស់ពួកគេ ដែលនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។

ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅពហុកីឡដ្ឋាន SK Olympic Handball ដែលជាទីតាំងរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសអភិបាលក្រុង អភិបាលខេត្ត មន្ត្រីស្រុក និងសមាជិកសភានៅតាមមូលដ្ឋាន កាលពីថ្ងៃពុធកន្លងទៅ។ ក្រុមបាតុករបានស្រែកតវ៉ា និងកាន់បដាដែលមានអក្សរថា ទាមទារឱ្យបោះឆ្នោតឡើងវិញ រួមជាមួយទង់ជាតិ។ អ្នកចូលរួមភាគច្រើនជាយុវជនវ័យ ២០ ដល់ ៣០ ឆ្នាំ ដែលបានអះអាងថា ពួកគេសម្រេចចិត្តមកតវ៉ាបន្ទាប់ពីបានឃើញព័ត៌មាន និងវីដេអូអំពីភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោតនៅលើបណ្តាញសង្គម។

លោក Lee Ung-yeong អាយុ ២១ ឆ្នាំ ជាអ្នករស់នៅទីក្រុងសេអ៊ូល បាននិយាយថា ខ្ញុំបានតាមដានការបោះឆ្នោតក្នុងពេលវេលាជាក់ស្តែង ហើយនៅពេលដែលឃើញរបាយការណ៍អំពីកង្វះសន្លឹកឆ្នោត ខ្ញុំពិតជាមិនអាចទទួលយកបានឡើយ។ ការបំភ្លឺពីគណៈកម្មការរៀបចំការបោះឆ្នោត (គ.ជ.ប) គឺមិនគ្រប់គ្រាន់ទេ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តមកតវ៉ានៅទីនេះក្រោយបញ្ចប់ការងារ។ ឯអ្នកតវ៉ាម្នាក់ទៀតគឺលោក Park Gui-nam អាយុ ៣០ ឆ្នាំ បានសង្កត់ធ្ងន់ថា នេះគឺជាការរំលោភលើសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ មុនការតវ៉ានេះ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត លោក Roh Tae-ak បានប្រកាសថាលោកនឹងចុះចេញពីតំណែង ដើម្បីទទួលខុសត្រូវចំពោះភាពខ្វះខាតខាងលើ។ លោក Roh ដែលជាចៅក្រមតុលាការកំពូលផងនោះ បានលើកឡើងថា ពុំមានលេសណាមួយអាចដោះសារបានចំពោះការបរាជ័យដែលធ្វើឱ្យប៉ះពាល់ដល់សាធារណជន និងដំណើរការប្រជាធិបតេយ្យបែបនេះឡើយ។

យោងតាមលោក Yoon Jae-soo ប្រធានការិយាល័យគោលនយោបាយបោះឆ្នោត បានឱ្យដឹងថា ក្នុងចំណោមការិយាល័យបោះឆ្នោតចំនួន ១៤,៣០០ មានការិយាល័យចំនួន ៥០ បានជួបបញ្ហាអស់សន្លឹកឆ្នោត ហើយការបោះឆ្នោតត្រូវបានផ្អាកជាបណ្តោះអាសន្ននៅ ២២ ទីតាំង ដោយសារតែបញ្ហាផ្គត់ផ្គង់។ លោកបានពន្យល់ថា ដោយសារចំនួនអ្នកទៅបោះឆ្នោតមានច្រើនលើសលប់នៅថ្ងៃដំបូងៗ ទើបគណៈកម្មការសម្រេចបោះពុម្ពសន្លឹកឆ្នោតសម្រាប់តែពាក់កណ្តាលនៃចំនួនអ្នកបោះឆ្នោតដែលមានសិទ្ធិប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្នុងថ្ងៃបោះឆ្នោតកាលពីថ្ងៃពុធ អ្នកបោះឆ្នោតនៅតាមទីតាំងមួយចំនួនត្រូវរង់ចាំអស់រយៈពេលជាច្រើនម៉ោង បន្ទាប់ពីការិយាល័យបោះឆ្នោតបានបិទជាផ្លូវការនៅម៉ោង ៦ ល្ងាច។ នៅសង្កាត់ Songpa ហ្វូងមនុស្សដែលខឹងសម្បារបានរារាំងមន្ត្រីមិនឱ្យដឹកជញ្ជូនហិបឆ្នោតទៅកាន់កីឡដ្ឋានរាប់សន្លឹកឆ្នោត រហូតដល់ប៉ូលិសរាប់រយនាក់ត្រូវចុះអន្តរាគមន៍អមដំណើរមន្ត្រីគណៈកម្មការ ទើបដំណើរការរាប់សន្លឹកឆ្នោតអាចបញ្ចប់ជាស្ថាពរនៅរសៀលថ្ងៃសុក្រ។ យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ រដ្ឋាភិបាលនៅមិនទាន់មានប្រតិកម្មផ្លូវការចំពោះការទាមទារឱ្យមានការបោះឆ្នោតឡើងវិញនេះនៅឡើយទេ។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters