សិង្ហបុរី៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន បានច្រានចោលការអះអាងរបស់ទីក្រុងប៉េកាំង ដែលចោទប្រកាន់ថា ប្រទេសជប៉ុនកំពុងដើរតាមគន្លង លទ្ធិយោធានិយមថ្មី ព្រមទាំងបានរិះគន់ត្រឡប់ទៅវិញចំពោះការបង្កើនឥទ្ធិពលយោធា និងកង្វះតម្លាភាពរបស់ប្រទេសចិន។ លោក Shinjiro Koizumi បានសង្កត់ធ្ងន់ថា តាមពិតទៅ គឺការបង្កើននិងការសន្សំទុកអាវុធដ៏គួរឱ្យភ័យខ្លាចរបស់ចិនឯណោះទេ ដែលជាកង្វល់ដ៏ធំធេងសម្រាប់សហគមន៍អន្តរជាតិ។

ការថ្លែងសុន្ទរកថារបស់លោក នៅក្នុងថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី ក្នុងប្រទេសសិង្ហបុរី គឺជាការឆ្លើយតបចំៗ និងធ្ងន់ៗបំផុតមួយពីទីក្រុងតូក្យូ ទៅកាន់ទីក្រុងប៉េកាំង ដែលតែងតែរិះគន់ការកសាងសមត្ថភាពយោធារបស់ជប៉ុន ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi។ ប្រទេសទាំងពីរមានប្រវត្តិសាស្ត្រតានតឹងជាមួយគ្នាយ៉ាងរ៉ាំរ៉ៃ ដែលកើតចេញពីការឈ្លានពានរបស់ជប៉ុនលើចិន ក្នុងអំឡុងសង្គ្រាមលោកលើកទី២។

កាលពីសប្តាហ៍មុន ពោលគឺមួយថ្ងៃមុនពេលកិច្ចប្រជុំកំពូលនៅសិង្ហបុរីចាប់ផ្តើម អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Jiang Bin បានព្រមានថា លទ្ធិយោធានិយមជប៉ុន កំពុងបង្កើនល្បឿនទៅមុខ និងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមគ្នាទប់ស្កាត់ការរស់ឡើងវិញនៃលទ្ធិយោធានិយមថ្មីរបស់ជប៉ុន។ ជប៉ុនបាននិងកំពុងបង្កើនថវិកាការពារជាតិរបស់ខ្លួនជាលំដាប់ ដោយបានបង្កើតកំណត់ត្រាកើនឡើង ១២ឆ្នាំជាប់ៗគ្នា។ ថវិកាចុងក្រោយដែលត្រូវបានអនុម័តកាលពីខែធ្នូ ដោយគណៈរដ្ឋមន្ត្រីជប៉ុន មានចំនួនរហូតដល់ទៅជាង ៩ពាន់ពាន់លានយ៉េន ដែលធ្វើឱ្យប្រទេសនេះខិតជិតដល់គោលដៅក្នុងការចំណាយ ២% នៃផលិតផលក្នុងស្រុកសរុប លើវិស័យយោធា។ រដ្ឋាភិបាលជប៉ុនបានទទូចថា ខ្លួនមិនបានស្វែងរកសង្គ្រាមនោះទេ ពោលគឺគ្រាន់តែចង់ពង្រឹងសមត្ថភាពស្វ័យការពារខ្លួនតែប៉ុណ្ណោះ។

នៅក្នុងសុន្ទរកថាកាលពីថ្ងៃអាទិត្យ លោក Koizumi បានលើកឡើងថា វាជារឿងធម្មតាណាស់ដែលប្រទេសនីមួយៗ រួមទាំងជប៉ុន ត្រូវធ្វើបច្ចុប្បន្នភាពប្រព័ន្ធការពារជាតិ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ និងដើម្បីរួមចំណែកដល់សន្តិភាពក្នុងតំបន់។ ជាមួយគ្នានោះ លោកក៏បានព្យាយាមផ្តល់ការធានា និងកាត់បន្ថយការព្រួយបារម្ភដល់តំណាងបណ្តាប្រទេសអាស៊ី រួមទាំងប្រទេសដែលធ្លាប់រងគ្រោះដោយសារការឈ្លានពានរបស់ជប៉ុនក្នុងសម័យសង្គ្រាមលោកលើកទី២ ដោយសន្យាថា ជប៉ុននឹងបន្តការអភិវឌ្ឍនេះ ក្រោមតម្លាភាពកម្រិតខ្ពស់បំផុត និងរក្សាការសន្ទនាជានិច្ចជាមួយប្រទេសជិតខាង។

លោក Koizumi បានចោទសួរត្រឡប់ទៅវិញថាតើយើងកំពុងអភិវឌ្ឍសមត្ថភាពទាំងនេះសម្រាប់អ្វី? ហើយផ្អែកលើការគិតបែបណា? ជប៉ុននឹងដើរទៅមុខ ខណៈពេលដែលកំពុងពន្យល់យ៉ាងច្បាស់លាស់ដល់សហគមន៍អន្តរជាតិ។ មានប្រទេសមួយដែលមានទាំងអាវុធនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដ៏មហិមា ប៉ុន្តែជប៉ុនគ្មានអាវុធទាំងនេះទាល់តែសោះ បែរជាជប៉ុនត្រូវបានគេលាបពណ៌ថាជា "យោធានិយមថ្មី" ទៅវិញ។ តើវាមិនចម្លែកទេឬ?

បន្ទាប់ពីការថ្លែងសុន្ទរកថា តំណាងកងទ័ពចិនបានចោទសួរដេញដោលថា តើជប៉ុនមានគម្រោងចេញលិខិតសុំទោសជាផ្លូវការជាថ្មីទៅកាន់ប្រទេសចិន កូរ៉េខាងត្បូង និងជនរងគ្រោះដទៃទៀតនៅអាស៊ីបូព៌ាចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២ ដែរឬទេ។ លោក Koizumi មិនបានឆ្លើយតបចំៗនឹងសំណួររឿងសុំទោសនេះទេ ប៉ុន្តែបានវាយបកទៅលើបញ្ហាចិនវិញភ្លាមៗ ដោយគូសបញ្ជាក់ថា ចិននៅតែបន្តបង្កើនការចំណាយលើវិស័យការពារជាតិក្នុងកម្រិតខ្ពស់ និងពង្រីកសមត្ថភាពយោធាយ៉ាងរហ័សលើវិស័យជាច្រើន ដោយគ្មានតម្លាភាពគ្រប់គ្រាន់។ សកម្មភាពយោធា និងអភិក្រមអាកប្បកិរិយារបស់ចិន គឺជាបញ្ហាដែលជប៉ុន និងសហគមន៍អន្តរជាតិព្រួយបារម្ភយ៉ាងខ្លាំង។ ទោះជាយ៉ាងណា លោកបានបន្ថែមថា ទ្វាររបស់ជប៉ុនតែងតែបើកចំហជានិច្ចសម្រាប់ការចរចាជាមួយចិន។ បញ្ហានៃការសុំទោសរបស់ជប៉ុនចំពោះទង្វើឃោរឃៅក្នុងសម័យសង្គ្រាម គឺជាចំណុចទាក់ទើរដ៏រ៉ាំរ៉ៃក្នុងទំនាក់ទំនងទ្វេភាគី ដោយចិនតែងតែរិះគន់ថាការសុំទោសនាពេលកន្លងមកនៅមិនទាន់គ្រប់គ្រាន់។ គួររំលឹកថា ឪពុករបស់លោក Koizumi គឺលោក Junichiro Koizumi ក៏ធ្លាប់បានថ្លែងការណ៍សុំទោសជាច្រើនលើក ក្នុងកំឡុងពេលលោកធ្វើជានាយករដ្ឋមន្ត្រីផងដែរ។

ចាប់តាំងពីឡើងកាន់អំណាចក្នុងខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi បានចាត់វិធានការធំៗជាច្រើនដើម្បីជំរុញវិស័យការពារជាតិ រួមមាន វិនិយោគលើមីស៊ីលបាញ់ពីផ្ទៃដីទៅលើគោក និងដ្រូនគ្មានមនុស្សបើកជំនាន់ថ្មី ទាំងនៅលើដី និងក្រោមទឹក។ បន្ធូរបន្ថយច្បាប់រឹតត្បិត ដើម្បីអនុញ្ញាតឱ្យមានការលក់អាវុធដែលមានសមត្ថភាពបំផ្លិចបំផ្លាញ ទៅឱ្យប្រទេសដទៃ ដែលជាជំហានជួយពង្រឹងគ្រឹះឧស្សាហកម្មការពារជាតិក្នុងស្រុក និងត្រៀមធ្វើបច្ចុប្បន្នភាពឯកសារសន្តិសុខជាតិសំខាន់ៗនៅចុងឆ្នាំនេះ និងជំរុញឱ្យមានការធ្វើវិសោធនកម្មលើ «មាត្រា ៩» នៃរដ្ឋធម្មនុញ្ញជប៉ុន ដែលជាមាត្រាសន្តិភាពបោះបង់ចោលសង្គ្រាម។

ភាពតានតឹងរវាងប្រទេសទាំងពីរ បានហក់ឡើងដល់កម្រិតខ្ពស់បំផុតកាលពីខែវិច្ឆិកា ឆ្នាំមុន នៅពេលដែលទីក្រុងប៉េកាំងបានប្រតិកម្មយ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោកស្រី Takaichi ដែលថា ជប៉ុនអាចនឹងប្រើប្រាស់កម្លាំងការពារខ្លួន ប្រសិនបើចិនវាយប្រហារលើកោះតៃវ៉ាន់។ ទោះជាយ៉ាងណា គោលនយោបាយរបស់លោកស្រី Takaichi ក៏បានបង្កឱ្យមានការបែកបាក់មតិគ្នាយ៉ាងខ្លាំងនៅក្នុងសង្គមជប៉ុន។ ភាគីម្ខាងគាំទ្រការបង្កើនសមត្ថភាពការពារជាតិ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីចិន ខណៈភាគីម្ខាងទៀតព្រួយបារម្ភថា វាអាចនឹងបង្កើនឱកាសនៃការប្រឈមមុខដាក់គ្នាដាក់គ្នាកាន់តែខ្លាំង និងជាការដើរចេញពីគន្លងសន្តិភាពក្រោយសម័យសង្គ្រាម ដែលជាអត្តសញ្ញាណស្នូលរបស់ជាតិ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចលនាបាតុកម្មប្រឆាំងសង្គ្រាមបានផ្ទុះឡើងនៅទូទាំងប្រទេសជប៉ុន ដោយបាតុកម្មខ្លះមានទំហំធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ BBC