[សិង្ហបុរី]៖ ស្ថិតនៅចន្លោះកណ្តាលនៃការកើនឡើងឥទ្ធិពលយោធាយ៉ាងរហ័សរបស់ប្រទេសចិន និងមន្ទិលសង្ស័យកាន់តែខ្លាំងឡើងលើការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកមកលើតំបន់ដែលខ្លួនធ្លាប់គ្រប់គ្រងជាយូរមកហើយនោះ បណ្តាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកំពុងប្រជែងគ្នាពង្រឹងសមត្ថភាពការពារជាតិរៀងៗខ្លួន ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក។

នៅក្នុងវេទិកាសន្តិសុខជាន់ខ្ពស់អាស៊ី កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានជំរុញឱ្យដៃគូក្នុងតំបន់ទទួលរ៉ាប់រងបន្ទុកសន្តិសុខបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ លោកបានប្រឈមមុខនឹងក្តីបារម្ភជាបន្តបន្ទាប់ពីបណ្តាប្រទេសនានា ដែលបារម្ភថាអាទិភាពរបស់អាមេរិកចំពោះតំបន់នេះអាចនឹងធ្លាក់ចុះ ដោយសារតែត្រូវបែងចែកការយកចិត្តទុកដាក់ទៅលើជម្លោះនៅប្រទេសអ៊ីរ៉ង់។ លោក Hegseth បានថ្លែងក្នុងសន្និសីទ នៅប្រទេសសិង្ហបុរីថា យើងអាចធ្វើកិច្ចការទាំងពីរនេះបានក្នុងពេលតែមួយ។

ស្របពេលជាមួយគ្នានេះ លោក Shinjiro Koizumi រដ្ឋមន្ត្រីការពារជាតិជប៉ុន បានបង្ហាញជំនឿចិត្តថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកនៅតែមិនប្រែប្រួល ទោះបីជាលោកទទួលស្គាល់ថា មានប្រទេសមួយចំនួននៅតែមើលស្រាលលើការតាំងចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក៏ដោយ។  នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកជាមួយទីភ្នាក់ងារព័ត៌មាន Reuters ប្រមុខការពារជាតិ និងមន្ត្រីយោធាក្នុងតំបន់បានបញ្ជាក់ច្បាស់ៗថា និន្នាការបច្ចុប្បន្នគឺការបង្កើនកិច្ចសហការរវាងគ្នានិងគ្នា ឱ្យហួសពីដែនការពារបែបប្រពៃណីរបស់សហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានប្រាប់ Reuters ថា រដ្ឋមន្ត្រីការពារជាតិទាំងអស់ដែលវត្តមាននៅទីនេះ សុទ្ធតែមានទស្សនៈឯកច្ឆ័ន្ទលើតម្រូវការក្នុងការពន្លឿន និងធ្វើឱ្យសមត្ថភាពការពារជាតិរៀងៗខ្លួនមានភាពរហ័សរហួន។ លោកបានពិពណ៌នាថា តួនាទីប្រពៃណីរបស់សហរដ្ឋអាមេរិកបានក្លាយជាអ្នកគាំទ្រ ខណៈដែលទីក្រុងម៉ានីលកំពុងពង្រឹងទំនាក់ទំនងការពារជាតិកាន់តែស៊ីជម្រៅជាមួយដៃគូដទៃទៀតដូចជា ជប៉ុន អូស្ត្រាលី កាណាត់ និងនូវែលសេឡង់។ លោកបានបន្ថែមថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកនឹងកាន់តែរឹងមាំ នៅពេលដែលមានតួអង្គកាន់តែច្រើនចូលរួមក្នុងដំណាក់កាលរារាំង ព្រោះយើងមានការគំរាមកំហែងរួម។ បច្ចុប្បន្ន ប្រទេសជប៉ុនកំពុងដាក់ខ្លួនជាមជ្ឈមណ្ឌលសម្រាប់បណ្តាញកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយនេះ។ លោក Koizumi បានគូសបញ្ជាក់ថា ទីក្រុងតូក្យូមានគោលបំណងដើរតួជា ចំណុចតភ្ជាប់ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែជិតស្និទ្ធ ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលរបស់ចិន។

កាលពីខែមេសាកន្លងទៅ ជប៉ុនបានប្រកាសពីការកែទម្រង់ច្បាប់នាំចេញអាវុធដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយលុបចោលការរឹតបន្តឹងលើការលក់អាវុធទៅក្រៅប្រទេស ដែលបើកផ្លូវឱ្យមានការនាំចេញនាវាចម្បាំង មីស៊ីល និងគ្រឿងយុទ្ធោបករណ៍ផ្សេងៗទៀត។ លោក Koizumi បានថ្លែងថា ជប៉ុននឹងមានភាពសកម្មជាងមុនក្នុងកិច្ចសហប្រតិបត្តិការលើបរិក្ខារការពារជាតិ។ គោលបំណងរបស់យើងគឺធានាថា ប្រទេសនីមួយៗមានសមត្ថភាពគ្រប់គ្រាន់តាមតម្រូវការ និងអាចប្រើប្រាស់វាបានទាន់ពេលវេលា។ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក Chan Chun Sing បានលើកឡើងថា ក្នុងបរិបទបច្ចុប្បន្ន យើងគួរតែបង្កើតភាពជាដៃគូដែលអាចបត់បែនបានជាមួយប្រទេសដែលមានគំនិតដូចគ្នា ពោលគឺបង្កើតជា សម្ព័ន្ធភាពនៃប្រទេសដែលមានសមត្ថភាពនិងស្ម័គ្រចិត្ត។ លោកបន្តថា យុទ្ធសាស្ត្រនេះនឹងជួយបំពេញចន្លោះប្រហោង ឆ្លងកាត់ការសាកល្បង និងស្វែងរកផ្លូវដើរថ្មីៗក្នុងតំបន់។

ចំណែកឯ អគ្គសេនាធិការការពារជាតិកាណាដា បានថ្លែងថា កងទ័ពកាណាដាកំពុងពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់ ដោយសហការជាមួយជប៉ុន និងហ្វីលីពីន លើការធ្វើសមយុទ្ធសន្តិសុខបច្ចេកវិទ្យា និងសមយុទ្ធជើងទឹក ព្រមទាំងជួយបណ្តុះបណ្តាលភាសាអង់គ្លេសដល់សមភាគីឥណ្ឌូនេស៊ីផងដែរ។ លោកស្រីបានប្រាប់ Reuters ថា មានការងារជាច្រើនដែលត្រូវធ្វើនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នោះហើយជាមូលហេតុដែលយើងកំពុងឃើញមានការកើនឡើងនូវភាពជាដៃគូនៅលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ នូវែលសេឡង់ក៏កំពុងពិចារណាលើការបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធ និងការទិញគ្រឿងយុទ្ធោបករណ៍ថ្មីៗផងដែរ។ រដ្ឋមន្ត្រីការពារជាតិ លោក Chris Penk បានបញ្ជាក់ថា ទីក្រុងវ៉េលីងតោនកំពុងពិចារណាយ៉ាងសកម្មលើការទិញនាវាចម្បាំងពីជប៉ុន និងអង់គ្លេស ដើម្បីជំនួសនាវាចម្បាំងថ្នាក់ ANZAC ដែលមានអាយុកាលចំណាស់របស់ខ្លួន។

លោក Penk ក៏បានជួបពិភាក្សាការងារ និងពិសារអាហារជាមួយសមភាគីមកពីសិង្ហបុរី ម៉ាឡេស៊ី អូស្ត្រាលី និងអង់គ្លេស ក្នុងអំឡុងពេលកិច្ចសន្ទនានោះផងដែរ ដោយបានគូសបញ្ជាក់ពីការបង្កើនអន្តរកម្មក្រោមក្របខ័ណ្ឌ កិច្ចព្រមព្រៀងការពារជាតិប្រាំប្រទេស ដែលមានអាយុកាល ៥៤ឆ្នាំមកហើយ។ លោក Penk ដែលទើបតែកាន់តំណែងកាលពីខែមេសា បាននិយាយថា មានឱកាសច្រើនក្នុងការបន្តកិច្ចព្រមព្រៀងនេះ ក្នុងកម្រិតកាន់តែខ្លាំងក្លាជាងមុន។ លោកបានបន្ថែមថា ប្រសិនបើយើងអាចស្វែងរកវិធីសាស្ត្រថ្មីៗ ក្នុងការបង្កើតអន្តរកម្មជាមួយប្រទេសដទៃ ព្រមទាំងរក្សាទំនាក់ទំនងដែលមានស្រាប់ នោះយើងនឹងព្យាយាមធ្វើកិច្ចការទាំងនេះក្នុងពេលតែមួយ។

ទោះបីជាបណ្តាប្រទេសក្នុងតំបន់កំពុងពង្រឹងទំនាក់ទំនងរវាងគ្នានឹងគ្នាក៏ដោយ ក៏មន្ត្រីអាស៊ីជាច្រើនបានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នឹងមិនត្រូវបានរំខានដោយសារជម្លោះនៅមជ្ឈិមបូព៌ា ឬគោលនយោបាយ អាមេរិកជាធំ របស់លោក ដូណាល់ ត្រាំ នោះឡើយ។ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Teodoro បានអះអាងថា ទំនុកចិត្តរបស់យើងមិនត្រូវបានរវើរវាយដោយសារតែវត្តមាន ឬការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ ឬតំបន់ដទៃទៀតនោះទេ។

ដោយឡែកសម្រាប់ប្រទេសអូស្ត្រាលី រដ្ឋមន្ត្រីការពារជាតិ លោក Richard Marles បានពណ៌នាទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនថាជា គ្រឹះស្ថានដ៏មានសារៈសំខាន់ដាច់ខាតសម្រាប់សន្តិសុខជាតិរបស់យើង។ លោក Marles បានប្រាប់ Reuters ថា សម្រាប់យើងទាំងពីរ មិនថាស្ថិតក្រោមរដ្ឋបាលលោក Trump ឬរដ្ឋាភិបាលលោក Albanese នៅក្នុងប្រទេសអូស្ត្រាលីនោះទេ យើងមើលឃើញខ្លួនឯងជាអ្នកបន្តថែរក្សាទំនាក់ទំនងមួយដ៏មានសារៈសំខាន់ ដែលហួសពីដែនសមត្ថភាពរបស់បុគ្គលម្នាក់ៗ។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters