[ម៉ាឌ្រីដ]៖ ក្រុមទាហានឆត្រយោងអង់គ្លេស រួមជាមួយក្រុមគ្រូពេទ្យ និងសម្ភារៈវេជ្ជសាស្ត្រ បានសម្រេចចិត្តលោតឆត្រយោងចុះទៅកាន់កោះ Tristan da Cunha ដែលជាទឹកដីក្រៅប្រទេសដ៏ដាច់ស្រយាលបំផុតរបស់ចក្រភពអង់គ្លេស បន្ទាប់ពីមានករណីសង្ស័យថាមានការរីករាលដាលនៃមេរោគ Hantavirus នៅទីនោះ។ ក្រុមប្រតិបត្តិការនេះរួមមាន ទាហានឆត្រយោង ៦ នាក់ និងគ្រូពេទ្យយោធា ២ នាក់ មកពីកងពលតូចទ័ពអាកាសលេខ ១៦។ ពួកគេបានលោតចេញពីយន្តហោះដឹកជញ្ជូនប្រភេទ RAF A400M ដែលបានហោះហើរក្នុងចម្ងាយយ៉ាងឆ្ងាយរហូតដល់ ៦,៧៨៨ គីឡូម៉ែត្រ ពីមូលដ្ឋានទ័ពអាកាស RAF Brize Norton ក្នុងតំបន់ Oxfordshire ឆ្ពោះទៅកាន់កោះ Ascension រួចបន្តហោះហើរ ៣,០០០ គីឡូម៉ែត្រទៀតទៅទិសខាងត្បូង ដើម្បីទៅដល់កោះ Tristan da Cunha។

កាលពីថ្ងៃសៅរ៍ សម្ភារៈផ្គត់ផ្គង់អុកស៊ីសែន និងឧបករណ៍សង្គ្រោះបន្ទាន់ផ្សេងៗ ក៏ត្រូវបានទម្លាក់ចុះទៅជាមួយពួកគេផងដែរ។ ក្នុងជើងហោះហើរដ៏វែងឆ្ងាយនេះ យន្តហោះ A400M ត្រូវចាក់ប្រេងពាក់កណ្តាលអាកាសដោយយន្តហោះដឹកប្រេងប្រភេទ RAF Voyager ដើម្បីគាំទ្រដល់បេសកកម្ម។
ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ថា នេះជា លើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលកងទ័ពអង់គ្លេសបានដាក់ពង្រាយបុគ្គលិកពេទ្យ តាមរយៈការលោតឆត្រយោងដើម្បីផ្ដល់ជំនួយមនុស្សធម៌។ កិច្ចអន្តរាគមន៍នេះធ្វើឡើងដើម្បីជួយសង្គ្រោះបុរសជនជាតិអង់គ្លេសម្នាក់ ដែលជាអ្នកដំណើរលើកប៉ាល់ទេសចរណ៍មួយដែលត្រូវបានគេដឹងថាមានផ្ទុះវីរុស Hantavirus។ កប៉ាល់នោះបានចូលចតនៅកោះនេះចន្លោះថ្ងៃទី១៣ ដល់ ១៥ ខែមេសា។ យោងតាមអង្គការសុខភាពពិភពលោក អ្នកជំងឺបានចាប់ផ្ដើមចេញរោគសញ្ញាកាលពីថ្ងៃទី២៨ ខែមេសា ប៉ុន្តែបច្ចុប្បន្នមានស្ថានភាពនឹងនរ និងកំពុងដាក់ឱ្យនៅដាច់ដោយឡែក។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ដោយសារការផ្គត់ផ្គង់អុកស៊ីសែននៅលើកោះស្ថិតក្នុងកម្រិតគ្រោះថ្នាក់ ការប្រើប្រាស់យន្តហោះដើម្បីទម្លាក់បុគ្គលិកពេទ្យ និងសម្ភារៈ គឺជាវិធីសាស្ត្រតែមួយគត់ ដើម្បីផ្ដល់ការសង្គ្រោះឱ្យទាន់ពេលវេលា។

កោះ Tristan da Cunha មានប្រជាជនរស់នៅប្រហែល ២០០ នាក់ ស្ថិតនៅចន្លោះកណ្ដាលមហាសមុទ្ររវាងអាហ្វ្រិកខាងត្បូង និងអាមេរិកខាងត្បូង។ វាត្រូវបានគេចាត់ទុកជាកោះដែលមានមនុស្សរស់នៅដាច់ស្រយាលបំផុតលើពិភពលោក ដោយត្រូវចំណាយពេលធ្វើដំណើរតាមទូករហូតដល់ ៦ ថ្ងៃពីកោះជិតខាងបំផុត។ ជាធម្មតាកោះនេះមានគ្រូពេទ្យតែ ២ នាក់ប៉ុណ្ណោះ ហើយគ្មានផ្លូវរត់សម្រាប់យន្តហោះចុះចតឡើយ ដែលតម្រូវឱ្យមានការប្រើប្រាស់វិធីសាស្ត្រលោតឆត្រយោងនេះឯង។
លោកវរសេនីយ៍ឯក Ed Cartwright មេបញ្ជាការកងពលតូចទ័ពអាកាសលេខ ១៦ បានមានប្រសាសន៍ថា ការមកដល់នៃក្រុមទាហានឆត្រយោង គ្រូពេទ្យ និងសម្ភារៈសង្គ្រោះបន្ទាន់ពីលើមេឃ បានធ្វើឱ្យប្រជាជននៅលើកោះ Tristan da Cunha មានភាពកក់ក្ដៅ និងជឿជាក់ឡើងវិញ។

ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters