[វ៉ាសុីនតោន]៖ កាលពីថ្ងៃទី ៤ ខែឧសភា នៅតំបន់ជាយនៃប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលស្ថិតនៅហួសពីគន្លងភពណិបទូន (Neptune) គឺជាទីដៅនៃពិភពទឹកកក និងអង្គធាតុអវកាសដ៏ស្ងប់ស្ងាត់ជាច្រើន។ កន្លងមក មានតែភពតឿ (Dwarf Planets) ប៉ុណ្ណោះដែលត្រូវបានគេដឹងថាមានបរិយាកាស ប៉ុន្តែការរកឃើញថ្មីបានផ្លាស់ប្តូរការយល់ដឹងនេះ។

ក្រុមតារាវិទូទើបតែបានកំណត់អត្តសញ្ញាណអង្គធាតុអវកាសមួយទៀត នៅក្នុងតំបន់ដ៏សែនឆ្ងាយនោះ ដែលមានអង្កត់ផ្ចិតប្រហែល ៥០០ គីឡូម៉ែត្រ (៣១០ ម៉ាយល៍) ហើយវាមានបរិយាកាសស្តើងបំផុតមួយ។ ការរកឃើញនេះបង្ហាញថា អង្គធាតុឯកោទាំងនេះអាចមានសកម្មភាពថាមវន្ត ជាងអ្វីដែលយើងធ្លាប់ស្មាន។ បច្ចុប្បន្ន អ្នកស្រាវជ្រាវកំពុងសិក្សាដើម្បីកំណត់ពីប្រភពដែលបង្កើតឱ្យមានបរិយាកាសនេះ។

អង្គធាតុអវកាសទាំងនេះត្រូវបានគេហៅថា វត្ថុឆ្លងកាត់ភពណិបទូន (Trans-Neptunian Objects) ហើយវត្ថុដែលទើបរកឃើញនេះមានឈ្មោះថា (612533) 2002 XV93។ វាធ្វើដំណើរជុំវិញព្រះអាទិត្យក្នុងចម្ងាយប្រហាក់ប្រហែលនឹងភពភ្លុយតូ (Pluto) ប៉ុន្តែមានទំហំតូចជាងភពភ្លុយតូ និងភពអេរីស (Eris) ដែលជាភពតឿធំបំផុត។ បរិយាកាសរបស់វាស្តើងជាងបរិយាកាសផែនដីពី ៥ ទៅ ១០ លានដង និងស្តើងជាងបរិយាកាសរបស់ភពភ្លុយតូពី ៥០ ទៅ ១០០ ដង។ អ្នកវិទ្យាសាស្ត្រជឿថា បរិយាកាសនេះអាចបង្កឡើងដោយឧស្ម័នមេតាន អាសូត ឬកាបូនម៉ូណូអុកស៊ីត។

លោក Ko Arimatsu សាស្ត្រាចារ្យនៅមន្ទីរអង្កេតតារាសាស្ត្រជាតិជប៉ុន និងជាអ្នកនិពន្ធដឹកនាំការសិក្សាដែលចុះផ្សាយក្នុងទស្សនាវដ្តី Nature Astronomy បានលើកឡើងថា៖ "របកគំហើញនេះបង្ហាញថា អង្គធាតុទឹកកកតូចៗនៅផ្នែកខាងក្រៅនៃប្រព័ន្ធព្រះអាទិត្យ មិនមែនជាវត្ថុអសកម្មដែលគ្មានការប្រែប្រួលដូចការគិតពីមុនឡើយ"។ ចំណែកលោក Junichi Watanabe សហនិពន្ធនៃការសិក្សា បានបន្ថែមថា ជាទូទៅគេជឿថាអង្គធាតុដែលមានទំហំតូចបែបនេះ មិនអាចមានបរិយាកាសបានទេ ប៉ុន្តែការរកឃើញនេះបង្ហាញពីភាពថាមវន្តដែលយើងនឹកស្មានមិនដល់ ក្នុងពិភពដ៏ត្រជាក់សែនឆ្ងាយ។

អ្នកស្រាវជ្រាវបានដាក់សម្មតិកម្មចំនួនពីរ ចំពោះប្រភពនៃបរិយាកាសនេះ សកម្មភាពភ្នំភ្លើងទឹកកក វាអាចជាបរិយាកាសដែលកើតមានជាប់ជាប្រចាំ ដោយសារការបញ្ចេញឧស្ម័នពីខាងក្នុងតាមរយៈស្នាមប្រេះលើផ្ទៃ។ លោក Arimatsu ពន្យល់ថា វាមិនមែនជាភ្នំភ្លើងដែលបញ្ចេញកម្អែថ្មក្ដៅដូចផែនដីទេ ប៉ុន្តែជាភ្នំភ្លើងទឹកកកដែលបញ្ចេញទឹកកក និងឧស្ម័នដែលងាយហើរ។ ការប៉ះទង្គិចបណ្តោះអាសន្ន បរិយាកាសនេះអាចកើតឡើងត្រឹមមួយរយៈពេលខ្លី ដែលបង្កឡើងដោយការសាយភាយឧស្ម័ន ក្រោយពេលមានអង្គធាតុអវកាសតូចមួយផ្សេងទៀតមកបុកទង្គិចកាលពីពេលថ្មីៗ។

ក្រុមការងារបានប្រើប្រាស់តេឡេស្កូបនៅប្រទេសជប៉ុន (ក្នុងក្រុងក្យូតូ ណាហ្គាណូ និងហ្វូគូស៊ីម៉ា) ដើម្បីអង្កេតមើលបាតុភូត ការបាំងពន្លឺផ្កាយ (Stellar Occultation) ដែលកើតឡើងនៅពេលអង្គធាតុអវកាសនេះធ្វើដំណើរឆ្លងកាត់ពីមុខផ្កាយឆ្ងាយៗ។ តាមរយៈការប្រែប្រួលនៃពន្លឺផ្កាយ អ្នកវិទ្យាសាស្ត្រអាចវិភាគរកលក្ខណៈរូបវន្ត និងវត្តមានបរិយាកាសរបស់វាបាន។ វត្ថុ 2002 XV93 នេះ ស្ថិតនៅក្នុងខ្សែក្រវ៉ាត់កៃភឺរ (Kuiper Belt) ដែលមានអាយុកាលតាំងពីការកកើតប្រព័ន្ធព្រះអាទិត្យកាលពី ៤,៥ ពាន់លានឆ្នាំមុន។ វាធ្វើដំណើរតាមគន្លងរាងអេលីប ដោយចំណាយពេល ២៤៧ ឆ្នាំ ទើបវិលជុំវិញព្រះអាទិត្យបានមួយជុំ។ នៅពេលអង្កេត វាស្ថិតនៅចម្ងាយប្រហែល ៥,៥ ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ (ប្រហែល ៣៧ ដងនៃចម្ងាយពីផែនដីទៅព្រះអាទិត្យ ឬ 37 AU)។

ទោះបីជាឈ្មោះបច្ចុប្បន្នមានលក្ខណៈបច្ចេកទេសពិបាកចាំ ប៉ុន្តែលោក Arimatsu សង្ឃឹមថា នៅថ្ងៃណាមួយវានឹងទទួលបានឈ្មោះផ្លូវការដែលទាក់ទងនឹងទេវកថា ដូចជា Amamikyu ដែលជាអាទិទេពបង្កើតលោកក្នុងជំនឿអូគីណាវ៉ាជាដើម។ ការដាក់ឈ្មោះផ្លូវការនឹងត្រូវធ្វើឡើងតាមនីតិវិធីរបស់សហភាពតារាសាស្ត្រអន្តរជាតិ (IAU)។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters