[ដាការ]៖ ក្រុមបះបោរដែលមានទំនាក់ទំនងជាមួយបណ្តាញអាល់កៃដា បានអំពាវនាវឱ្យប្រជាជនម៉ាលីងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលយោធា ដើម្បីផ្លាស់ប្តូរប្រទេសទៅរកការអនុវត្តច្បាប់ Sharia ខណៈប្រភពសន្តិសុខជាច្រើនទម្លាយថា ក្រុមនេះបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យឡោមព័ទ្ធរដ្ឋធានី និងបានវាយរឹបអូសទីក្រុងមួយនៅភាគខាងជើង។

ព្រឹត្តិការណ៍ដ៏តានតឹងនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុម Jama'at Nusrat al-Islam wal-Muslimin (JNIM) បានបើកការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានទូទាំងប្រទេស កាលពីថ្ងៃទី២៥ ខែមេសា ក្រោមការសម្របសម្រួលជាមួយក្រុមឧទ្ទាម Tuareg នៃរណសិរ្សរំដោះ Azawad (FLA)។

មូលដ្ឋានយោធាជាច្រើនកន្លែងនៅជិតរដ្ឋធានីបាម៉ាកូ ត្រូវបានវាយប្រហារ ដែលបណ្តាលឱ្យរដ្ឋមន្ត្រីការពារជាតិម៉ាលីបាត់បង់ជីវិត។ ជាមួយគ្នានោះ ទីក្រុង Kidal ក៏ត្រូវបានក្រុមបះបោរគ្រប់គ្រងផងដែរ។ យោងតាមប្រភពព័ត៌មានចំនួន ៥ បានប្រាប់រ៉យទ័រកាលពីថ្ងៃសុក្រថា ក្រុម JNIM បានចាប់ផ្តើមអនុវត្តការបិទផ្លូវសរសៃឈាមធំៗដែលនាំចូលទៅកាន់រដ្ឋធានីបាម៉ាកូ ដោយបង្កើតប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនកន្លែង។ ចំណែកក្រុម FLA ក៏បានវាយកាន់កាប់ទីក្រុង Tessalit នៅភាគខាងជើងបានសម្រេចដូចគ្នា។

ក្នុងសេចក្តីថ្លែងការណ៍ជាភាសាបារាំងដ៏កម្រមួយ (ធម្មតាប្រើភាសាអារ៉ាប់) ដែលត្រូវបានបញ្ជាក់ដោយក្រុមស៊ើបការណ៍សម្ងាត់ SITE Intelligence Group ក្រុមបះបោរបានអំពាវនាវឱ្យរួមគ្នាផ្តួលរំលំអ្វីដែលពួកគេហៅថា "របបយោធាភេរវកម្ម"។ ក្រុមនេះបញ្ជាក់ថា គ្រាន់តែផ្តួលរំលំរបបយោធាគឺមិនគ្រប់គ្រាន់ទេ ប៉ុន្តែត្រូវរួមគ្នាបង្កើត "ច្បាប់ Sharia" ដើម្បីទប់ស្កាត់ការដួលរលំនៃប្រទេស។

ប្រភពសន្តិសុខបានបញ្ជាក់ថា ប៉ុស្តិ៍ត្រួតពិនិត្យរបស់ក្រុមសកម្មប្រយុទ្ធត្រូវបានដាក់ពង្រាយលើផ្លូវជាតិ RN24 (ភាគពាយ័ព្យ) RN7 (ភាគខាងត្បូង) RN6 (ភាគខាងកើត) និង RN5 (ភាគនិរតី)។ អាជីវករក្នុងតំបន់បានរាយការណ៍ថា ទំនិញនានាត្រូវបានរារាំងមិនឱ្យដឹកជញ្ជូនចូលទៅក្នុងរដ្ឋធានី។

ទោះជាយ៉ាងណា មេដឹកនាំយោធាម៉ាលី លោក Assimi Goita ដែលបានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារក្នុងឆ្នាំ២០២០ និង២០២១ បានប្រកាសតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអង្គារថា ស្ថានការណ៍នៅតែស្ថិតក្រោមការគ្រប់គ្រង ហើយលោកបានប្តេជ្ញានឹងកម្ចាត់ក្រុមបះបោរទាំងនោះឱ្យអស់។

គិតត្រឹមពេលនេះ អ្នកនាំពាក្យកងទ័ពម៉ាលី នៅមិនទាន់ផ្តល់ការអត្ថាធិប្បាយណាមួយឆ្លើយតបនឹងការវិវត្តចុងក្រោយនេះនៅឡើយទេ។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters