វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា បទឈប់បាញ់មួយបានបញ្ចប់អរិភាពជាមួយអុីរ៉ង់ហើយ។ ការប្រកាសនេះធ្វើឡើងក្នុងគោលបំណងពង្រឹងអំណះអំណាងរបស់លោកថា លោកមិនចាំបាច់សុំការអនុញ្ញាតពីសភា ដើម្បីបន្តជម្លោះនោះឡើយ។ នៅក្នុងលិខិតផ្ញើទៅកាន់ថ្នាក់ដឹកនាំសភាកាលពីថ្ងៃសុក្រ ដែលជាថ្ងៃផុតកំណត់ដែលលោកត្រូវរាយការណ៍ជូនសភាអំពីស្ថានភាពសង្គ្រាម លោក ត្រាំ បានបញ្ជាក់ថា មិនមានការផ្ទុះអាវុធណាមួយជាមួយអុីរ៉ង់ទៀតទេ ចាប់តាំងពីមានបទឈប់បាញ់មក។ លោកបានបន្ថែមថា អរិភាពដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានបញ្ចប់។

យោងតាម ច្បាប់អំណាចសង្គ្រាមឆ្នាំ១៩៧៣ (War Powers Resolution) ប្រធានាធិបតីអាមេរិកអាចប្រើប្រាស់កម្លាំងយោធាបានត្រឹមតែ ៦០ ថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីរយៈពេលនេះ លោកត្រូវតែដកកងទ័ពចេញ លើកលែងតែមានការអនុញ្ញាតពីសភា ឬមានការស្នើសុំពន្យារពេល ៣០ ថ្ងៃបន្ថែម ក្នុងករណីចាំបាច់បំផុតដើម្បីសុវត្ថិភាពកងទ័ព។

កាលពីថ្ងៃសុក្រ ភ្នាក់ងារសារព័ត៌មានរដ្ឋអុីរ៉ង់(IRNA) បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់បានផ្ញើសំណើចុងក្រោយសម្រាប់ការចរចាជាមួយអាមេរិក តាមរយៈអ្នកសម្រុះសម្រួលប៉ាគីស្ថាន ប៉ុន្តែលោក ត្រាំ បានបដិសេធ។ លោក ត្រាំ បានជូនដំណឹងជាផ្លូវការទៅសភាអំពីជម្លោះនេះ តាំងពី ៤៨ ម៉ោងក្រោយការវាយប្រហារតាមអាកាសលើកដំបូងកាលពីពីរខែមុន ដែលធ្វើឱ្យ "នាឡិកា" កំណត់ពេល ៦០ ថ្ងៃ ចាប់ផ្តើមរាប់ថយក្រោយរហូតមកដល់ថ្ងៃផុតកំណត់នៅថ្ងៃទី១ ខែឧសភា។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ត្រាំ បានអះអាងថា ច្បាប់អំណាចសង្គ្រាមនេះ មិនមានប្រសិទ្ធភាពអនុវត្តចំពោះករណីនេះឡើយ។

លោក ត្រាំ បានលើកឡើងថា លោកចាត់ទុកច្បាប់អំណាចសង្គ្រាមនេះថាជា ច្បាប់ផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ ទាំងប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ កន្លងមកតែងតែយល់ឃើញថា ច្បាប់នេះបានរំលោភលើអំណាចរបស់ប្រធានាធិបតីក្នុងនាមជាអគ្គមេបញ្ជាការកងទ័ព។ យើងមានបទឈប់បាញ់ ដូច្នេះវានឹងផ្តល់ពេលវេលាបន្ថែមទៀតឱ្យយើង។ នេះជាសម្តីរបស់លោក ត្រាំ មុនពេលចាកចេញពីវ៉ាស៊ីនតោនទៅកាន់រដ្ឋផ្លរីដា។ សមាជិកសភាគណបក្សប្រជាធិបតេយ្យ ដែលព្យាយាមជំរុញឱ្យលោក ត្រាំ បញ្ចប់សង្គ្រាម ឬសុំការអនុញ្ញាតពីសភា បានច្រានចោលការលើកឡើងរបស់លោក ត្រាំ។ ពួកគេអះអាងថា នៅក្នុងច្បាប់ឆ្នាំ១៩៧៣ គ្មានចំណុចណាមួយចែងថា បទឈប់បាញ់អាចពន្យារពេលអំណាចសង្គ្រាមបានឡើយ។ លើសពីនេះ ការបន្តដាក់ពង្រាយនាវាចម្បាំងអាមេរិកដើម្បីរារាំងការនាំចេញប្រេងរបស់អុីរ៉ង់គឺជាភស្តុតាងនៃការបន្តអរិភាព មិនមែនជាបទឈប់បាញ់នោះទេ។

លោកស្រី Jeanne Shaheen សមាជិកព្រឹទ្ធសភាជាន់ខ្ពស់មកពីបក្សប្រជាធិបតេយ្យ បានរិះគន់ថា បន្ទាប់ពីជម្លោះបានអូសបន្លាយអស់រយៈពេល ៦០ ថ្ងៃ លោក ត្រាំ នៅតែគ្មានយុទ្ធសាស្ត្រច្បាស់លាស់ ឬច្រកចេញសម្រាប់សង្គ្រាមដែលខ្វះការរៀបចំនេះឡើយ។ នៅក្នុងលិខិតផ្ញើទៅសភា លោក ត្រាំ ខ្លួនឯងក៏បានទទួលស្គាល់ថា ជម្លោះនេះប្រហែលជាមិនទាន់ត្រូវបានដោះស្រាយទាំងស្រុងទេ ហើយអុីរ៉ង់នៅតែបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិក។ សមាជិកគណបក្សសាធារណរដ្ឋ ដែលមានសំឡេងភាគច្រើនតិចតួចនៅក្នុងសភា បានបោះឆ្នោតគាំទ្រលោក ត្រាំ ដើម្បីរារាំងរាល់ការព្យាយាមបញ្ចប់ជម្លោះនេះ។ សង្គ្រាមជាមួយអុីរ៉ង់បានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ខូចខាតទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ជះឥទ្ធិពលអាក្រក់ដល់ទីផ្សារពិភពលោក រំខានដល់ការដឹកជញ្ជូនថាមពល និងធ្វើឱ្យទំនិញឡើងថ្លៃ។

ការស្ទង់មតិបង្ហាញថា សង្គ្រាមនេះមិនទទួលបានការគាំទ្រពីប្រជាជនអាមេរិកឡើយ ខណៈដែលការបោះឆ្នោតនៅខែវិច្ឆិកាជិតមកដល់។ បើទោះបីជារដ្ឋធម្មនុញ្ញចែងថា មានតែសភាទេដែលអាចប្រកាសសង្គ្រាម ប៉ុន្តែប្រធានាធិបតីតែងតែប្រើប្រាស់ចន្លោះប្រហោងសម្រាប់ប្រតិបត្តិការរយៈពេលខ្លី។ អ្នកវិភាគយល់ថា ប្រសិនបើការប្រយុទ្ធគ្នាផ្ទុះឡើងវិញ លោក ត្រាំ អាចនឹងប្រើល្បិច ចាប់ផ្តើមនាឡិកា ៦០ ថ្ងៃជាថ្មី ដែលជាវិធីសាស្ត្រដែលប្រធានាធិបតីមុនៗធ្លាប់ប្រើ តាំងពីសម័យសង្គ្រាមវៀតណាមមកម្ល៉េះ។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters