[វ៉ាស៊ីនតោន]៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា កន្លងទៅ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើអតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) លោក Joseph Kabila។ ការសម្រេចនេះធ្វើឡើងក្រោមការចោទប្រកាន់ថា លោកបានគាំទ្រក្រុមឧទ្ទាម M23 (ដែលគាំទ្រដោយប្រទេសរវ៉ាន់ដា) និងបានជំរុញឱ្យមានអស្ថិរភាពនយោបាយនៅក្នុងប្រទេសកុងហ្គោ។

តាមការបញ្ជាក់ពីក្រសួងរតនាគារសហរដ្ឋអាមេរិក ក្រុមឧទ្ទាម M23 និងសម្ព័ន្ធមិត្តនយោបាយ-យោធា សម្ព័ន្ធទន្លេកុងហ្គោ (AFC) គឺជាអ្នកបង្កជម្លោះហិង្សាយ៉ាងធ្ងន់ធ្ងរនៅភាគខាងកើតប្រទេស DRC ដែលបណ្តាលឱ្យជនស៊ីវិលរាប់ពាន់នាក់បាត់បង់ជីវិត និងបង្កឱ្យមានវិបត្តិភៀសខ្លួនយ៉ាងធំធេង។

ក្រសួងរតនាគារបានលើកឡើងថា លោក Kabila បានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុម AFC ដើម្បីជះឥទ្ធិពលលើស្ថានការណ៍នយោបាយ និងបានលើកទឹកចិត្តឱ្យកងទ័ពរដ្ឋាភិបាលចុះចូលជាមួយក្រុមឧទ្ទាម។ សកម្មភាពនេះត្រូវបានគេមើលឃើញថា ជាការព្យាយាមដណ្តើមយកអំណាច និងឥទ្ធិពលមកលើរដ្ឋាភិបាលវិញ តាមរយៈការគាំទ្របេក្ខជនប្រឆាំងនឹងមេដឹកនាំបច្ចុប្បន្ន។ ឧបនាយករដ្ឋមន្ត្រី DRC លោក Jacquemain Shabani បានស្វាគមន៍ចំពោះវិធានការនេះ ដោយហៅលោក Kabila ថាជា អ្នកនៅពីក្រោយការបង្កើតអស្ថិរភាព ដែលធ្វើឱ្យដំណើរការសន្តិភាពក្នុងប្រទេសមានភាពស្មុគស្មាញ។

វិធានការដាក់ទណ្ឌកម្មនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋបាលលោកប្រធានាធិបតី Trump ក្នុងការការពារកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាលពីខែធ្នូឆ្នាំមុន។ រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងប្រើប្រាស់ឧបករណ៍គ្រប់បែបយ៉ាង ដើម្បីធានាឱ្យមានការអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងវ៉ាស៊ីនតោន និងទប់ស្កាត់អ្នកដែលចង់បំផ្លាញសន្តិភាព។ កាលពីខែមុន សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មលើមន្ត្រីយោធាជាន់ខ្ពស់នៃកងកម្លាំងការពារជាតិរវ៉ាន់ដាផងដែរ ជុំវិញតួនាទីរបស់ពួកគេនៅក្នុងជម្លោះនៅតំបន់សម្បូររ៉ែភាគខាងកើត DRC។

គួររំលឹកថា កាលពីឆ្នាំមុន តុលាការយោធាក្នុងទីក្រុង Kinshasa បានកាត់ទោសប្រហារជីវិតលោក Kabila ដោយកំបាំងមុខ ពីបទឧក្រិដ្ឋកម្មសង្រ្គាម ក្បត់ជាតិ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ទោះជាយ៉ាងណាក៏ដោយ លោក Kabila បានច្រានចោលការចោទប្រកាន់ទាំងនេះ ដោយអះអាងថាប្រព័ន្ធតុលាការត្រូវបានធ្វើនយោបាយ។

លោក Joseph Kabila បានកាន់អំណាចជិត ២ ទសវត្សរ៍ មុននឹងចុះចេញពីតំណែងក្រោយមានការតវ៉ាយ៉ាងខ្លាំងក្លា។ បច្ចុប្បន្ន លោកត្រូវបានគេរាយការណ៍ថា កំពុងស្នាក់នៅភាគច្រើនក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ រាល់ទ្រព្យសម្បត្តិរបស់លោក Kabila ដែលស្ថិតក្នុងយុត្តាធិការរបស់សហរដ្ឋអាមេរិកនឹងត្រូវបង្កក និង ហាមឃាត់រាល់ប្រតិបត្តិការហិរញ្ញវត្ថុទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រព័ន្ធធនាគាររបស់សហរដ្ឋអាមេរិក។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters