របាំឆៃយ៉ាំ គឺជារបាំបុរាណ ដែលអ្នកវាយស្គរមានរូបរាងកំប្លែង ក្រមិចក្រមើម។ ការរាំ ត្រូវបានបង្ហាញពីសញ្ញានៃ ការហៅ និងការឆ្លើយតបមានអ្នកទះដៃ និងអ្នកវាយឃ្មោះ។ អ្នករាំស្លៀកពាក់ សម្លៀក បំពាក់កំប្លែង គូរមុខមាត់ តន្ត្រីឆៃយ៉ាំ គឺក្បួនហែនាំមុខគេ ដែលទាក់ទងទៅនឹងអ្នកកាន់ពុទ្ធសាសនាក្នុងការប្រារព្ឋ ពិធីដូចជាការពិធីចេញព្រះវស្សា និងបុណ្យកឋិនទាន បុណ្យផ្កា និងពិធីបុណ្យផ្សេងៗទៀតដើម្បី បង្កើតនៅភាពសប្បាយរីករាយទាំងអស់គ្នា។ ឆៃយ៉ាំ គឺជារបាំដែលមានប្រជាប្រិយភាព ដែលយើង តែងឃើញរហូត សព្វថ្ងៃនេះនៅតាមជនបទក៏ដូចជា នៅទីក្រុង។

ឆៃយ៉ាំ ជាទម្រង់សិល្បៈដែលមានប្រជាប្រិយភាព និងភាពរស់រវើកអាចទាក់ទាញអារម្មណ៍អ្នកមើល និងស្តាប់ឲ្យរំភើបបាន។ វង់តន្ត្រីឆៃយ៉ាំ មិនមានលេងជាសាច់ភ្លេងដែលមានបទបែបជាចម្រៀងនោះទេ។ នៅតាមជនបទស្រុកស្រែចម្ការ ជាពិសេសនៅក្រោយរដូវច្រូតកាត់រួច ប្រជាពលរដ្ឋខ្មែរយើងតែងតែរៀបចំប្រារព្វពិធីបុណ្យទានផ្សេងៗជាទីរីករាយ មានដូចជាបុណ្យផ្កា បុណ្យកថិន និងបុណ្យបំបួសនាគជាដើម។ ដោយសារប្រជាប្រិយភាព និងភាពទាក់ទាញនៃវង់តន្ត្រីនេះ ខ្មែរយើងនិយមយកវង់នេះទៅសម្តែងនៅក្នុងពិធីបុណ្យទាំងឡាយខាងលើ ដើម្បីញ៉ាំងឲ្យពិធីមានភាពរីករាយ និងអធិកអធម។
គេលេងភ្លេងឆៃយ៉ាំតែក្នុងពិធីណាដែលជាទីរីករាយដូចជា លេងកំដរពិធីបុណ្យកឋិន បុណ្យផ្កា បំបួសនាគ ជាដើម ។ ភ្លេងឆៃយ៉ាំគឺជាភ្លេងដែលរំភើបសប្បាយខុសប្លែកពីភ្លេងឯទៀត ។ គេមិនទាន់បានដឹងច្បាស់លាស់នូវឡើយទេអំពីកំណើតនៃភ្លេងឆៃយ៉ាំនេះ ។

តាមការសន្និដ្ឋាន នៅក្នុងសៀវភៅរបាំប្រជាប្រិយខ្មែរ បានបញ្ជាក់ថា របាំឆៃយ៉ាំប្រាកដជាមានសំណល់សល់មកពីអារ្យធម៌ចាស់របស់មនុស្សដើម ជាពិសេសពពួកអ្នករស់នៅលើទឹកដីខ្មែរនេះឯង ព្រោះគេយល់ថា នៅពេលណាមនុស្សមានកំណើតឡើងនោះ មនុស្សក៏ត្រូវការចាំបាច់នឹងសិល្បៈភ្លាមដែរ តែសិល្បៈដើមដំបូងនោះមនុស្សយើងពុំទាន់បាននឹកឃើញបង្កើតឱ្យប្លែកៗជាក្បាច់ក្បូរបែបបទ វិសេសៗដូចសព្វថ្ងៃនេះទេ គឺមនុស្សនិយមទៅតាមលក្ខណៈដើមរបស់ខ្លួនជាដរាប បានសេចក្ដីថា បើកាលនោះមនុស្សមានទម្លាប់ធ្វើឫកពារយ៉ាងណាសិល្បៈក៏ចេញមកបែបយ៉ាងនោះដែរ ៕
អត្ថបទ៖ កណ្ណិការ