ជីវិតរបស់មនុស្សគ្រប់រូបតែងតែពោរពេញទៅដោយឧបសគ្គនិងបញ្ហាប្រឈមជាច្រើនពេលខ្លះយើងអាចនឹងជួបប្រទះនូវភាពខកចិត្តបាក់ទឹកចិត្តឬអស់សង្ឃឹមរហូតដល់ចង់បោះបង់អ្វីៗទាំងអស់តែសូមចាំថាភាពរឹងមាំនិងការរីកចម្រើនទៅមុខអាចកើតឡើងបានដោយឆ្លងកាត់ការប្រឹងប្រែងនិងការជម្នះនូវឧបសគ្គឥតឈប់ឈរតែប៉ុណ្ណោះ។
*ចំណុចសំខាន់ៗដែលអ្នកគួរចងចាំ៖
• រៀនរស់នៅក្នុងបច្ចុប្បន្ន: យើងមិនអាចគ្រប់គ្រងអតីតកាលឬអនាគតបានទេអ្វីដែលយើងអាចធ្វើបានគឺគ្រប់គ្រងគំនិតរបស់យើងហើយរៀនរស់នៅក្នុងបច្ចុប្បន្នឲ្យបានល្អបំផុតតាមតែអាចធ្វើទៅបាន។
• កុំចាំអ្នកដទៃមកលើកទឹកចិត្ត: កម្លាំងចិត្តដែលមិនចេះរីងស្ងួតគឺបានមកពីខ្លួនអ្នកមិនមែនអ្នកដទៃទេខ្លួនឯងគឺជាទីពឹងដ៏ល្អបំផុតព្រោះមានតែខ្លួនអ្នកទេដែលដឹងថាខ្លួនអ្នកត្រូវការអ្វីឲ្យប្រាកដ។
• បញ្ហាគឺជាមេរៀនជីវិត: រាល់បញ្ហាទាំងអស់ដែលយើងបានជួបគឺជាមេរៀនសម្រាប់ជីវិតវាជាផ្នែកមួយនៃជីវិតដែលគ្រប់គ្នាត្រូវជួបនៅពេលជួបបញ្ហាចូរលើកទឹកចិត្តខ្លួនឯងហ៊ានប្រឈមមុខនឹងបញ្ហាហើយព្យាយាមដោះស្រាយ។
• ភាពបរាជ័យនាំទៅរកភាពជោគជ័យ: ភាពបរាជ័យនឹងនាំយើងទៅរកភាពជោគជ័យកុំខ្លាចនឹងបរាជ័យ តែត្រូវរៀនសូត្រពីវាហើយព្យាយាមម្តងទៀត!
• ដេញតាមក្តីសុបិន្ត: ចូរកុំឈប់ព្យាយាមសម្រាប់ការប្តេជ្ញាចិត្តនិងក្ដីសុបិន្តរបស់អ្នកផ្លូវទៅមុខតែងតែមានឧបសគ្គតែត្រូវចងចាំថាកាន់តែមានឧបសគ្គកាន់តែធ្វើឲ្យយើងរឹងមាំកាន់តែធ្វើឲ្យយើងក្លាយជាកំពូលមនុស្ស។
ត្រូវចាំថា៖ "ភាពរឹងមាំមិនមែនទទួលបានមកពីជ័យជម្នះនោះឡើយ។ ផ្ទុយទៅវិញគឺជាការលំបាកទៅវិញទេដែលនឹងបណ្ដុះនូវភាពរឹងមាំរបស់អ្នក។ នៅពេលដែលអ្នកជួបនឹងការលំបាកទាំងឡាយតែអ្នកបានសម្រេចចិត្តថាមិនចុះចាញ់គឺពេលនោះឯងដែលវាគឺជាភាពរឹងមាំរបស់អ្នក"។
អត្ថបទ៖ ជួន សុធា