ផ្ការំដួល ត្រូវបានកំណត់ជាផ្កាតំណាងជាតិប្រទេសកម្ពុជា តាមប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា តាមព្រះរាជក្រឹត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ការសម្រេចយករំដួលជាផ្កានិមិត្តរូបរបស់ជាតិនេះ ក៏ដោយសារតែផ្ការំដួលមានក្លិនក្រអូបឈ្ងុយឈ្ងប់ គួរជាទីទាក់ទាញ និងផ្តល់នូវអត្ថប្រយោជន៍ច្រើននៅក្នុងសង្គមខ្មែរ។ អាស្រ័យគុណប្រយោជន៍ទាំងនេះ ទើបក្រសួងកសិកម្មកំណត់យកផ្កា រំដួល ធ្វើជាតំណាងឱ្យវិស័យកសិកម្មផងដែរ។

រំដួលជាដើមដែលគេនិយមចូលចិត្តជាខ្លាំងនៅប្រទេសកម្ពុជានិងនៅប្រទេសជិតខាង។ ឈ្មោះជារុក្ខជាតិវិទ្យាគឺ Popowia aberrans។ យើងឃើញថាគេដាំនៅក្នុងដីភូមិ ផ្ទះ ហើយគេក៏អាចឃើញមាននៅតាមសួនច្បារសាធារណៈដែរ ដែលគេនិយមយកទៅតាំងលម្អ បម្រើក្នុងពិធីបុណ្យប្រពៃណី និងសាសនា គឺដោយសារមកពីផ្កាមានក្លិនក្រអូបឈ្ងុយឈ្ងប់ ជាពិសេសនៅពេលថ្ងៃបាក់រសៀលនិងពេលល្ងាច។ ផ្កានេះមានពណ៌លឿងស្រាល ហើយជាទូទៅច្រើនរីកនៅរវាងខែមាឃ, ផល្គុន និងចេត្រ ពោលគឺនៅខែក្តៅ។ ផ្លែវាពណ៌ស្វាយក្រម៉ៅដូចពណ៌ព្រីងទុំដែរ ហើយមានរសជាតិផ្អែមនៅពេលដែលបានទទួលទានទៅ។

No photo description available.

រំដួលគឺជាផ្កាតំណាងឲ្យប្រទេសកម្ពុជា មានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ជា ប្រភេទដើមឈើដែល មានកម្ពស់ចាប់ពី 3-15 ម៉ែត្រ សំបកពណ៌ត្នោត រលោងរាបស្មើ ឬមានលក្ខណះ គ្រើមៗបែកមែកសាខា ស្លឹកទោលរៀង តែផ្ទុយគ្នា រលោង ស្រួចចុង ពណ៌បៃតងចាស់។ រំដួលមានគុណប្រយោជន៍ខាងឱសថបុរាណដូចជាៈ សំបកជួយ បំបាត់អាការៈក្តៅក្នុងខ្លួន ផ្កាជួយបំបាត់ការវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម កេសរអាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិលមុខ ខ្យល់គរ។

ជាមួយគ្នានេះដែរ ខ្មែរពីបុរាណ បាននិយមប្រើប្រាស់ផ្ការំដួលធ្វើជាគ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារី ព្រោះតែក្លិនរបស់វាក្រអូបឈ្ងុយខុសប្លែកពីផ្កាដទៃ។ ពាក្យរំដួលមានឃើញនៅតាមសិលាចារឹកមួយចំនួន ម្យ៉ាងទៀតយើងឃើញគេឆ្លាក់រូបស្រីស្នំដែលយកផ្ការំដួលមកចងសក់ជាលំអទៀតផង៕

 

អត្ថបទដោយ៖ កណ្ណិការ