លោក សុខ ជាបុគ្គលិកផ្នែកទីផ្សារម្នាក់ដែលមានជំនឿយ៉ាងមុតមាំថា៖ "បើឯកសារមួយអាចដោះស្រាយបញ្ហាបានហេតុអ្វីត្រូវរៀបចំកិច្ចប្រជុំ?" ប៉ុន្តែនៅក្នុងក្រុមហ៊ុនរបស់លោក មានវប្បធម៌ប្រជុំដែលលោកចាត់ទុកថាជា "រន្ធខ្មៅ (Black Hole) ដែលបឺតយកពេលវេលាជីវិត"។
ថ្ងៃមួយ លោក សុខ ត្រូវបានកោះហៅចូលរួមប្រជុំស្តីពីគម្រោងថ្មី "បង្កើនវត្តមានលើបណ្តាញសង្គម"។ ពេលវេលាកំណត់គឺ មួយម៉ោងកន្លះ។
៩:០០ ព្រឹក៖ ការចាប់ផ្តើម
លោក សុខ ចូលបន្ទប់ប្រជុំនៅលើតុមាននំ និងកាហ្វេ។ គាត់គិតថា៖ «ល្អណាស់! យ៉ាងហោចណាស់ក៏មានអាហារសម្រន់ដែរ»។
លោក វិបុល (ថៅកែ) ចូលមកទាំងញញឹមបិទមាត់មិនជិត៖ "អូខេ! តោះចាប់ផ្តើម ខ្ញុំបានផ្ញើរបៀបវារៈទៅអស់ហើយ យើងមានចំណុចធំៗបី..."
៩:៤៥ ព្រឹក៖ ប្រធានបទដែលវង្វេងផ្លូវ
បន្ទាប់ពីពិភាក្សាចំណុចទីមួយស្តីពីការបែងចែកថវិការួចហើយ (ដែលចំណាយពេល ៤០ នាទី) ក៏ឈានដល់ចំណុចទីពីរ។
លោកស្រី ស្រីមុំ (អ្នកគ្រប់គ្រងផ្នែកធនធានមនុស្ស) លើកដៃឡើង៖ "ខ្ញុំសុំទោស! ខ្ញុំគិតថាមុននឹងយើងទៅមុខទៀតយើងគួរតែពិភាក្សាអំពីកៅអីនៅក្នុងការិយាល័យសិន។ ខ្ញុំគិតថាកៅអីរបស់បុគ្គលិកយើងមិនមានផាសុកភាពគ្រប់គ្រាន់ទេ! តើវាប៉ះពាល់ដល់ស្មារតីច្នៃប្រឌិតក្នុងការធ្វើទីផ្សារទេ?"
លោក សុខ ភ្ញាក់ព្រើត។ គាត់នឹកក្នុងចិត្ត៖ «តើវាទាក់ទងនឹងការផ្សាយលើ TikTok យ៉ាងម៉េចទៅ?»
លោក វិបុល ៖ "ជាគំនិតល្អ! តើយើងគួរប្រើកៅអីស្បែក ឬកៅអីសំណាញ់?"
ការពិភាក្សាក៏ប្រែទៅជាការជជែកដេញដោលអំពីទម្ងន់ទ្រទ្រង់ភាពងាយស្រួលនៃការរើបំលាស់និងពណ៌កៅអីអស់រយៈពេល ២៥ នាទី។
១០:៥៥ ព្រឹក៖ ការវាយប្រហារដោយ "សំណួរមួយ" ចុងក្រោយ
ម៉ោងប្រជុំបានហួស ១ ម៉ោង ២៥ នាទីហើយគ្រប់គ្នាមើលទៅហត់នឿយ។ លោក សុខ កំពុងសម្លឹងមើលកាហ្វេរបស់គាត់ដែលត្រជាក់អស់ហើយ។
លោក វិបុល ព្យាយាមសរុប៖ "អូខេ! យើងនឹងបង្កើតគណៈកម្មការដើម្បីដោះស្រាយបញ្ហាកៅអី។ ឥឡូវ យើងត្រឡប់ទៅចំណុចទី ៣ ដែលនៅសល់... "
លោក ចាន់ (អ្នកគ្រប់គ្រងផ្នែកច្បាប់) លើកដៃឡើងទាំងញញឹមស្រស់៖ "ខ្ញុំសុំទោស! ខ្ញុំមាន សំណួរមួយចុងក្រោយមុននឹងយើងបិទបញ្ចប់។ តើយើងធ្លាប់គិតទេថា បើសត្វឆ្កែចេះប្រើ Facebook តើយុទ្ធសាស្ត្រទីផ្សាររបស់យើងអាចដំណើរការលើពួកវាដែរឬទេ? ខ្ញុំគិតថាពួកវាអាចជាទីផ្សារដ៏ធំមួយ!"
លោក សុខ៖ (ខ្សឹបក្នុងចិត្ត) «ចប់ហើយ! នេះជាសញ្ញាប្រាប់ឲ្យខ្ញុំរត់ចោលការងារហើយ!»
លោក វិបុល ៖ "អូហូ! ជាទស្សនៈដ៏ស៊ីជម្រៅ! យើងត្រូវតែពិចារណាលើការដាក់បញ្ចូល 'យុទ្ធសាស្ត្រទីផ្សារសម្រាប់ឆ្កែ' នៅក្នុងផែនការបន្ទាប់..."
១១:៣០ ព្រឹក៖ ការសម្រេចចិត្តមិនសម្រេចចិត្ត
លោក វិបុល បិទកិច្ចប្រជុំបន្ទាប់ពីពិភាក្សាពីចំណង់ចំណូលចិត្តរបស់សត្វឆ្កែអស់ ៣០ នាទី។
លោក វិបុល ៖ "អរគុណគ្រប់គ្នា! យើងនៅសល់ចំណុចសំខាន់ៗដែលមិនទាន់បានសម្រេច។ ដូច្នេះ យើងនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយទៀតនៅម៉ោង ២ រសៀលនេះ ដើម្បីសម្រេចចិត្តលើការដាក់ឈ្មោះគម្រោងនិងថាតើយើងគួរធ្វើការស្រាវជ្រាវទីផ្សារលើសត្វចិញ្ចឹម ដែរឬទេ!"
លោក សុខ ដើរចេញទាំងអារម្មណ៍ថាគាត់បានចាស់ទៅដល់ ៣ ឆ្នាំ ក្នុងបន្ទប់ប្រជុំតែមួយគាត់គ្រាន់តែដឹងថាជីវិតរបស់គាត់នឹងត្រូវជាប់គាំងរវាងកាហ្វេត្រជាក់និងកិច្ចប្រជុំដែលគ្មានទីបញ្ចប់។
អត្ថបទ៖ ជួន សុធា