លោកគ្រូ សុខុម កំពុងតែកែសំណេររបស់សិស្សយ៉ាងហ្មត់ចត់ លោកគ្រូបានឈប់នៅត្រង់សំណេររបស់ កុសល ហើយចាប់ផ្តើមញីចិញ្ចើមដោយក្តីងឿងឆ្ងល់។
លោកគ្រូ សុខុម (សំឡេងធ្ងន់ៗ): "កុសល! ក្រោកឈរ! មកមុខថ្នាក់ឥឡូវនេះ!"
កុសល ដើរតោងតុទៅមុខថ្នាក់ធ្វើមុខស្លូតបាតដូចកូនឆ្មា។ ម៉ាលីន ដែលអង្គុយក្បែរនោះចាប់ផ្តើមបិទមាត់ទប់សំណើច។
លោកគ្រូ សុខុម (លើកសំណេរកុសលឡើង): "ចៅមើលត្រង់ឃ្លានេះ! ចៅសរសេរថា 'ពេលលុយខ្ញុំ បាត់បង់ អស់ វាធ្វើឲ្យខ្ញុំយំ'។ ចៅប្រាប់លោកគ្រូ តើពាក្យ 'បាត់បង់' ដែលចៅសរសេរនេះត្រូវតាមក្បួនទេ?"
កុសល (តបដោយសំឡេងច្បាស់ៗ): "បាទ លោកគ្រូ! ខ្ញុំដឹងច្បាស់! ពាក្យ 'បាត់បង់' ត្រូវសរសេរមានអក្សរ 'ប' ធម្មតា ល្អឥតខ្ចោះ!"
លោកគ្រូ សុខុម (បញ្ជាក់): "ល្អ! ចៅដឹងច្បាស់! ចុះហេតុអ្វីបានជាពេលចៅសរសេរក្នុងកិច្ចការផ្ទះនេះ ចៅបែរជាសរសេរ 'បាក់បង់' (ដោយខ្វះអក្សរ 'ត') ទៅវិញ? នេះជាកំហុសដ៏ធ្ងន់ធ្ងរ! តើចៅមិនបានរៀនមេរៀនទេឬ?"
កុសល (ដកដង្ហើមធំ រួចចាប់ផ្តើមពន្យល់ដោយមោទនភាព): "លោកគ្រូ! សូមលោកគ្រូស្តាប់ការបកស្រាយពីចិត្តរបស់ខ្ញុំសិន នេះមិនមែនជាកំហុសទេលោកគ្រូ! ខ្ញុំធ្វើវាដោយចេតនា!"
ក្នុងថ្នាក់ចាប់ផ្តើមខ្សឹបខ្សៀវ៖ «ចេតនា? គេចង់និយាយអីហ្នឹង?»
លោកគ្រូ សុខុម (ងឿងឆ្ងល់): "ចេតនា? ភាសាខ្មែរត្រូវការភាពត្រឹមត្រូវមិនមែនចេតនាទេ! តើចៅចង់បញ្ជាក់អ្វីឱ្យប្រាកដ?"
កុសល: "លោកគ្រូ! ខ្ញុំចង់ឱ្យអ្នកអានមានអារម្មណ៍ថា ការបាត់បង់នេះពិតជាឈឺចាប់! កាលខ្ញុំសរសេរ 'បាត់បង់' ត្រូវតាមក្បួនខ្ញុំមានអារម្មណ៍ថាវាមិនទាន់ដិតដល់គ្រប់គ្រាន់!"
កុសល (បន្តដោយមនោសញ្ចេតនា): "លោកគ្រូ! នៅពេលដែលមនុស្សម្នាក់ បាត់បង់ លុយមែនទែន នោះសូម្បីតែ អក្សរ 'ត' នៅក្នុងពាក្យក៏ត្រូវបាត់បង់ពីពួកគេដែរ! ខ្ញុំបានលុបអក្សរ 'ត' ចេញដើម្បីបង្ហាញថាទំហំនៃការបាត់បង់នេះធំធេងណាស់រហូតដល់ពាក្យខ្លួនឯងក៏លែងនៅពេញលេញដែរ! ខ្ញុំចង់ឱ្យអក្សរ 'បាក់បង់' របស់ខ្ញុំស្រក់ទឹកភ្នែកតាមន័យធៀបលោកគ្រូ!"
ម៉ាលីន ផ្ទុះសំណើចខ្លាំងរហូតដល់ធ្លាក់ប៊ិចពីដៃ។
លោកគ្រូ សុខុម (គ្រវីក្បាល ហើយទប់សំណើចមិនចង់បាន): "កុសល! គំនិតច្នៃប្រឌិតរបស់ចៅល្អណាស់! ល្អដល់ថ្នាក់អាចសរសេរកំណាព្យ! តែនៅទីនេះគឺថ្នាក់រៀនវេយ្យាករណ៍មិនមែនវិចិត្រសិល្បៈ ទេ។ ចៅត្រូវបែងចែកការងារឱ្យដាច់!
លោកគ្រូ សុខុម (ទះដៃ): "ឥឡូវនេះ ចូរចៅទៅអង្គុយចុះ ហើយសរសេរពាក្យ 'បាត់បង់' ឱ្យត្រូវ ១០០ ដង! មិនត្រឹមតែយកអក្សរ 'ត' មកវិញទេ! តែត្រូវថែរក្សាវា កុំឱ្យបាត់បង់ម្តងទៀត! យល់ទេ?"
កុសល (ដើរទៅកន្លែងអង្គុយ ទាំងរអ៊ូ): "បាទ លោកគ្រូ... ខ្ញុំគ្រាន់តែចង់ឱ្យអក្សរមានជីវិតតែប៉ុណ្ណោះ..."
ម៉ាលីន (ខ្សឹបដាក់កុសល): "ឯងពិតជាធ្វើឱ្យអក្សរ 'ត' របស់ឯងភ័យខ្លាចដល់ថ្នាក់រត់បាត់មែន!”
អត្ថបទ៖ ជួន សុធា