កាលពីថ្ងៃចន្ទ ប្រទេសអេហ្ស៊ីបបានថ្កោលទោសយ៉ាងខ្លាំងចំពោះការបន្តលុកលុយរបស់អ៊ីស្រាអែលចូលក្នុងទឹកដីស៊ីរី និងអំពាវនាវឱ្យអ៊ីស្រាអែលដកកងកម្លាំងចេញពីតំបន់នានារបស់ស៊ីរីដែលខ្លួនកំពុងកាន់កាប់។ ក្រសួងការបរទេសអេហ្ស៊ីបបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការបន្តរំលោភលើអធិបតេយ្យភាពរបស់ប្រទេសស៊ីរីដោយអ៊ីស្រាអែល។ ការរំលោភទាំងនោះ រួមមានការចាប់ផ្តើមឡើងវិញនូវការជីកកកាយ និងការងារសាងសង់ផ្នែកយោធានៅតំបន់ជនបទ Quneitra ព្រមទាំងការចូលលុកលុយទៅកាន់តំបន់ផ្សេងៗទៀតនៅភាគខាងត្បូងប្រទេសស៊ីរី។

ក្រសួងការបរទេសអេហ្ស៊ីបបានច្រានចោលសកម្មភាពរបស់អ៊ីស្រាអែល ដែលខ្លួនចាត់ទុកថាមានគោលបំណងបង្កើតស្ថានភាពជាក់ស្តែងថ្មីនៅលើទឹកដីស៊ីរី។ អេហ្ស៊ីបបានលើកឡើងថា សកម្មភាពទាំងនេះជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់ស៊ីរី ព្រមទាំងផ្ទុយនឹងច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងផ្តាច់ខ្លួនឆ្នាំ១៩៧៤។

អេហ្ស៊ីបបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពអធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់ស៊ីរី ហើយអំពាវនាវឱ្យអ៊ីស្រាអែលដកកងកម្លាំងចេញពីទឹកដីស៊ីរីដែលខ្លួនកំពុងកាន់កាប់។ ការថ្កោលទោសនេះធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានបន្តការងារជីកកកាយកាលពីថ្ងៃអាទិត្យ នៅតំបន់ជនបទ Quneitra ភាគខាងត្បូងស៊ីរី ដែលជាផ្នែកមួយនៃគម្រោងដែលត្រូវបានគេស្គាល់ថា «ស៊ូហ្វា ៥៣»។

មួយថ្ងៃមុននេះ កងកម្លាំងអ៊ីស្រាអែលក៏ត្រូវបានរាយការណ៍ថា បានធ្វើការជីកកកាយចូលទៅក្នុងភូមិ Saida al-Golan និង Abdin នៅតំបន់ជនបទ Daraa ភាគខាងលិចផងដែរ។ គម្រោងនេះ ដែលត្រូវបានគេស្គាល់មួយទៀតថា «ព្យុះកំបុតត្បូង» ត្រូវបានអ៊ីស្រាអែលចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២២ នៅក្បែរទីក្រុង Hader ភាគខាងជើង Quneitra មុនពេលពង្រីកទៅកាន់តំបន់ជាច្រើនក្នុងខេត្តនេះ។

យោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងតំបន់ ការពង្រីកគម្រោងនេះបានធ្វើឱ្យដីកសិកម្មរាប់ពាន់ហិកតានៅជនបទ Quneitra មិនអាចប្រើប្រាស់សម្រាប់ការធ្វើកសិកម្ម និងការចិញ្ចឹមសត្វបានដូចមុន ព្រមទាំងប៉ះពាល់ដល់លំហូរទឹក និងទេសភាពធម្មជាតិក្នុងតំបន់។

ចាប់តាំងពីការដួលរលំនៃរបបដឹកនាំរបស់លោក Bashar al-Assad កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ អ៊ីស្រាអែលបានពង្រីកប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសស៊ីរី ដោយកងកម្លាំងអ៊ីស្រាអែលបានរុលចូលទៅក្នុងតំបន់ទ្រនាប់គ្មានយោធា និងតំបន់នៅជិត Golan Heights ដែលអ៊ីស្រាអែលកាន់កាប់។

រដ្ឋាភិបាលស៊ីរីបានទាមទារឱ្យកងកម្លាំងអ៊ីស្រាអែលដកខ្លួនចេញពីទឹកដីដែលខ្លួនបានកាន់កាប់ និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តគោរពកិច្ចព្រមព្រៀងផ្តាច់ខ្លួនឆ្នាំ១៩៧៤។ ចំណែកអ៊ីស្រាអែលវិញ បានអះអាងថា សកម្មភាពយោធារបស់ខ្លួននៅក្នុងតំបន់ត្រូវបានជំរុញដោយហេតុផលពាក់ព័ន្ធនឹងសន្តិសុខ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖