ការនាំចេញប្រេងពីតំបន់មជ្ឈិមបូព៌ា បានកើនឡើងលើសកម្រិតមុនសង្គ្រាម បើទោះបីមានភាពតានតឹង និងការរឹតបន្តឹងចរាចរណ៍តាមច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់របស់ពិភពលោកក៏ដោយ។ ស្ថានភាពនេះបានបង្កើនការសង្ស័យថា ប្រទេសមួយចំនួនអាចកំពុងបង់ប្រាក់ឱ្យអ៊ីរ៉ង់ ដើម្បីអនុញ្ញាតឱ្យនាវាដឹកប្រេងឆ្លងកាត់ដោយសុវត្ថិភាព។
យោងតាមទិន្នន័យបណ្តោះអាសន្នរបស់ក្រុមហ៊ុនតាមដានចរាចរណ៍សមុទ្រ Kpler ការនាំចេញប្រេងឆៅពីតំបន់មជ្ឈិមបូព៌ា បានកើនឡើងដល់ចន្លោះប្រមាណ១៩,៥លាន ទៅ២២,៥លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងរយៈពេល៤ថ្ងៃនៃសប្តាហ៍ចុងក្រោយខែកញ្ញា។ កម្រិតនេះខ្ពស់ជាងមធ្យមប្រមាណ១៨លានបារ៉ែលក្នុងមួយថ្ងៃ ដែលត្រូវបានកត់ត្រាមុនសង្គ្រាមរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅខែកុម្ភៈ។

ការកើនឡើងនៃការនាំចេញប្រេង ត្រូវបានគេចាត់ទុកថា ភាគច្រើនបណ្តាលមកពីការប្រើប្រាស់នាវាអាមេរិកដើម្បីអមដំណើរនាវាដឹកប្រេងចេញពីតំបន់ Hormuz ព្រមទាំងការកើនឡើងនៃការផ្ទេរប្រេងពីនាវាមួយទៅនាវាមួយនៅឯនាយសមុទ្រ។ វិធីសាស្ត្រនេះអាចជួយកាត់បន្ថយហានិភ័យនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។
ទោះការនាំចេញកើនឡើងក៏ដោយ តម្លៃប្រេងនៅតែស្ថិតក្នុងកម្រិតខ្ពស់ ដោយសារតម្លៃធានារ៉ាប់រងនាវា និងទំនិញបានកើនឡើង ព្រមទាំងការព្រួយបារម្ភថា ស្ថានការណ៍អាចវិលត្រឡប់ទៅរកការប្រយុទ្ធធ្ងន់ធ្ងរឡើងវិញ។
ប៉ុន្តែអ្នកវិភាគជាន់ខ្ពស់របស់ Kpler លោកស្រី Michelle Brohard បានផ្តល់ការពន្យល់មួយផ្សេងទៀត។ លោកស្រីបានសង្ស័យថា ប្រទេសមួយចំនួននៅតំបន់ឈូងសមុទ្រ អាចកំពុងបង់ប្រាក់ឱ្យអ៊ីរ៉ង់ ជាថ្នូរនឹងការអនុញ្ញាតឱ្យនាវាដឹកប្រេងរបស់ពួកគេឆ្លងកាត់ Hormuz ដោយសុវត្ថិភាព។
លោកស្រីបាននិយាយក្នុងបទសម្ភាសន៍ជាមួយអ្នកវិភាគថាមពល Rory Johnston ថា លោកស្រីសង្ស័យថា មានការបង់ប្រាក់មួយចំនួនកំពុងកើតឡើង ដើម្បីធានាឱ្យនាវាទទួលបានការឆ្លងកាត់ប្រកបដោយសុវត្ថិភាព។ លោកស្រីក៏បានលើកឡើងថា ការបង់ប្រាក់អាចមានទំហំប្រមាណ១០% ឬ២០% នៃតម្លៃទំនិញ។ យ៉ាងណាក៏ដោយ ការអះអាងនេះមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យទេ ហើយលោកស្រី Brohard ក៏បានបង្ហាញវាជាការសង្ស័យ ឬការរំពឹងទុក ជាជាងការរកឃើញដែលមានភស្តុតាងជាក់លាក់។
កាលពីដើមខែមីនា សារព័ត៌មាន Lloyd’s List បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ឬ IRGC បានដាក់ប្រព័ន្ធដែលមានលក្ខណៈដូចជា “បញ្ជរបង់ប្រាក់” ដើម្បីគ្រប់គ្រងចរាចរណ៍នាវាតាមច្រក Hormuz។ មុនពេលសង្គ្រាមផ្ទុះឡើង ប្រមាណមួយភាគប្រាំនៃការនាំចេញប្រេង និងឧស្ម័នធម្មជាតិរបស់ពិភពលោក បានឆ្លងកាត់ច្រកសមុទ្រ Hormuz។ ដូច្នេះ ការរំខានដល់ចរាចរណ៍នៅតំបន់នេះ អាចប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារថាមពលពិភពលោក។
អ្នកតាមដានចរាចរណ៍សមុទ្របានរាយការណ៍ថា លំហូរប្រេងចេញពីមជ្ឈិមបូព៌ាកំពុងកើនឡើងវិញ។ នៅសប្តាហ៍ចុងក្រោយនៃខែកញ្ញា ការនាំចេញជាមធ្យមរយៈពេល៧ថ្ងៃ បានកើនលើស១៨លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាកម្រិតមុនសង្គ្រាម ហើយជាលើកដំបូងចាប់តាំងពីជម្លោះបានចាប់ផ្តើម។ Kpler ក៏បានបញ្ជាក់ថា ការនាំចេញប្រេងឆៅដោយមិនរាប់បញ្ចូលអ៊ីរ៉ង់ បានស្ទុះឡើងវិញដល់យ៉ាងហោចណាស់១៦,៥លានបារ៉ែលក្នុងមួយថ្ងៃជាមធ្យមក្នុងខែកញ្ញា។ និន្នាការនៃការកើនឡើងនេះបានបន្តចូលដល់ខែតុលា។ ក្រុមហ៊ុនដឹកជញ្ជូនប្រេងរបស់រដ្ឋអ៊ីរ៉ាក់ កាលពីថ្ងៃសៅរ៍ បានប្រកាសថា ខ្លួនបានដឹកប្រេងឆៅចំនួន២លានបារ៉ែល តាមនាវាដឹកប្រេងធំមួយ ឆ្លងកាត់ Hormuz។ អគ្គនាយកក្រុមហ៊ុនបាននិយាយថា នេះជាប្រតិបត្តិការបែបនេះលើកដំបូងរបស់ក្រុមហ៊ុនក្នុងរយៈពេលជាច្រើនទសវត្សរ៍។
តាម Kpler ប្រមាណ៤០% នៃលំហូរប្រេងនៅពេលនេះ នៅតែឆ្លងកាត់ Hormuz ខណៈប្រេងមួយផ្នែកធំត្រូវបានផ្ទេរពីនាវាមួយទៅនាវាមួយនៅឯនាយសមុទ្រ ជាពិសេសនៅតំបន់ជុំវិញអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ ទិន្នន័យក៏រួមបញ្ចូលការផ្គត់ផ្គង់ដែលត្រូវបានបញ្ជូនតាមសមុទ្រក្រហម ដែលកំពុងក្លាយជាផ្លូវជំនួសសំខាន់មួយសម្រាប់ Hormuz។ ទោះជាយ៉ាងណា Kpler មិនអាចរាប់បញ្ចូលនាវាទាំងអស់បានទេ ប្រសិនបើនាវាទាំងនោះបិទប្រព័ន្ធកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិ ដើម្បីជៀសវាងការតាមដាន។
អ៊ីរ៉ង់បានបដិសេធការលើកឡើងថា ខ្លួនបានបាត់បង់ការគ្រប់គ្រងលើផ្លូវទឹកនេះ។ មេបញ្ជាការជាន់ខ្ពស់ IRGC លោក Ali Fadavi បាននិយាយថា ចរាចរណ៍ដែលកំពុងធ្វើដំណើរតាមផ្លូវដែលសហរដ្ឋអាមេរិកគ្រប់គ្រង មានត្រឹមប្រមាណ៣ ទៅ៤លានដុល្លារ ដែលលោកចាត់ទុកថា មិនអាចប្រៀបធៀបបាននឹងចរាចរណ៍មុនសង្គ្រាមឡើយ។ មុនសង្គ្រាម ច្រក Hormuz តែងតែមាននាវាពាណិជ្ជកម្មធំៗប្រមាណ១២៥គ្រឿងឆ្លងកាត់ក្នុងមួយថ្ងៃ រួមមាននាវាដឹកប្រេង នាវាដឹកឧស្ម័ន នាវាដឹកទំនិញ និងនាវាកុងតឺន័រ។
ការស្ទុះឡើងវិញនៃការនាំចេញប្រេងពីមជ្ឈិមបូព៌ា បានជួយឱ្យតម្លៃប្រេងធ្លាក់ចុះបន្តិច។ កាលពីសប្តាហ៍មុន ក្រុមប្រទេស G7 ក៏បានប្រកាសផែនការបញ្ចេញប្រេងប្រមាណ១០០លានបារ៉ែលពីស្តុកបម្រុងបន្ទាន់ផងដែរ។ ប៉ុន្តែតម្លៃប្រេងឆៅនៅតែខ្ពស់ជាងកម្រិតមុនសង្គ្រាមយ៉ាងគួរឱ្យកត់សម្គាល់។ ប្រេង Brent ត្រូវបានជួញដូរក្នុងតម្លៃប្រមាណ១០១,៥៩ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទ ខណៈប្រេង West Texas Intermediate របស់អាមេរិក មានតម្លៃប្រមាណ៩០,០៥ដុល្លារក្នុងមួយបារ៉ែល។
លោកស្រី Susannah Streeter ប្រធានផ្នែកយុទ្ធសាស្ត្រវិនិយោគនៅ Wealth Club បានលើកឡើងថា ទោះការនាំចេញប្រេងមានការកើនឡើងក៏ដោយ ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលរយៈពេលវែង នៅតែពឹងផ្អែកលើសន្តិសុខនៃផ្លូវដឹកជញ្ជូន ហើយស្ថានការណ៍នៅតែមានភាពតានតឹង។ ការវាយប្រហារលើនាវាដឹកប្រេងមួយទៀតកាលពីថ្ងៃអាទិត្យ បានបង្កើនការព្រួយបារម្ភថា ការផ្គត់ផ្គង់អាចរងការរំខានបន្ថែម ប្រសិនបើក្រុមហ៊ុនដឹកជញ្ជូនកាន់តែស្ទាក់ស្ទើរក្នុងការបញ្ជូននាវាឆ្លងកាត់ចំណុចសំខាន់នេះ។ កាលពីថ្ងៃចន្ទ នាវាដឹកប្រេងដែលកំពុងឆ្លងកាត់ Hormuz ត្រូវបាន IRGC ព្រមានឱ្យបកក្រោយ ឬប្រឈមនឹងហានិភ័យក្លាយជាគោលដៅ នេះបើយោងតាមក្រុមប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស ឬ UKMTO។
លោក Abdul Khalique ប្រធានមជ្ឈមណ្ឌលដែនសមុទ្រនៃសាកលវិទ្យាល័យ Liverpool John Moores បាននិយាយថា ការសន្មតរបស់លោកស្រី Brohard អំពីការរៀបចំថ្លៃឆ្លងកាត់ អាចមានលទ្ធភាពកើតឡើង ប៉ុន្តែគួរត្រូវបានយល់ថា ជាយន្តការសន្តិសុខ ឬការរៀបចំក្រៅផ្លូវការ ជាជាង “ថ្លៃឆ្លងកាត់ផ្លូវទឹក” ដែលមានស្ថានភាពផ្លូវច្បាប់ជាផ្លូវការ។
លោកបានប្រាប់ Al Jazeera ថា មិនមានភស្តុតាងសាធារណៈណាមួយដែលបញ្ជាក់ថា អ៊ីរ៉ង់មានប្រព័ន្ធប្រមូលថ្លៃឆ្លងកាត់ដែលគ្រប់គ្រងដោយរដ្ឋជាផ្លូវការនោះទេ។ លោកក៏បានលើកឡើងពីអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឬ UNCLOS ដែលការពារសិទ្ធិឆ្លងកាត់តាមច្រកសមុទ្រអន្តរជាតិ និងធ្វើឱ្យការយកថ្លៃឆ្លងកាត់ជាផ្លូវការមានភាពស្មុគស្មាញខាងច្បាប់។ លោក Chris Beauchamp ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន IG Group បាននិយាយថា សេណារីយ៉ូដែលលោកស្រី Brohard លើកឡើង គឺអាចទៅរួចមួយផ្នែក។ លោកបានលើកឡើងថា សកម្មភាពមួយចំនួនអាចកំពុងកើតឡើងដោយមិនសូវមានការផ្សព្វផ្សាយជាសាធារណៈ។ កាលពីខែកញ្ញា រដ្ឋាភិបាលអាមេរិកក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនទ្រព្យសម្បត្តិឌីជីថល BitBank ដោយអះអាងថា ក្រុមហ៊ុននេះត្រូវបានប្រើប្រាស់ដោយអាជ្ញាធរដែលពាក់ព័ន្ធនឹងសន្តិសុខចរាចរណ៍តាម Hormuz របស់អ៊ីរ៉ង់ ដើម្បីប្រមូលថ្លៃសេវាពីនាវាដែលស្វែងរកការឆ្លងកាត់ដោយសុវត្ថិភាព និងផ្ទេរប្រាក់ទៅទីក្រុងតេអេរ៉ង់។
ទោះជាយ៉ាងណា លោក Beauchamp បានចាត់ទុកបញ្ហាដ៏ធំបំផុតសម្រាប់ការនាំចេញប្រេងនៅពេលនេះថា ជាបញ្ហាសមត្ថភាពដឹកជញ្ជូន។ ការបញ្ជូនប្រេងតាមផ្លូវសមុទ្រកំពុងត្រូវការនាវាកាន់តែច្រើន ដែលជំរុញឱ្យថ្លៃដឹកជញ្ជូនកើនឡើង និងកាត់បន្ថយសមត្ថភាពដឹកជញ្ជូននៅតំបន់ផ្សេងៗ។
អ្នកទិញប្រេងនៅអាស៊ីក៏ត្រូវស្វែងរកប្រេងឆៅពីប្រភពដែលនៅឆ្ងាយជាងមុន ដែលធ្វើឱ្យពេលវេលាដឹកជញ្ជូនកាន់តែយូរ និងបង្កើនតម្រូវការនាវាដឹកប្រេង។
សរុបមក ការនាំចេញប្រេងពីមជ្ឈិមបូព៌ាកំពុងស្ទុះងើបឡើងវិញ ទោះបី Hormuz នៅតែជាចំណុចក្តៅនៃភាពតានតឹងក៏ដោយ។ ការសង្ស័យថា ប្រទេសមួយចំនួនអាចកំពុងបង់ប្រាក់ឱ្យអ៊ីរ៉ង់ ដើម្បីទទួលបានការឆ្លងកាត់ប្រកបដោយសុវត្ថិភាព គឺជាការវិភាគដែលមានអ្នកជំនាញមួយចំនួនលើកឡើង ប៉ុន្តែមិនទាន់មានការផ្ទៀងផ្ទាត់ឯករាជ្យគ្រប់គ្រាន់ឡើយ។ អ្វីដែលមានភាពច្បាស់លាស់ គឺច្រក Hormuz នៅតែមានសារៈសំខាន់ខ្លាំងចំពោះការផ្គត់ផ្គង់ថាមពលពិភពលោក ហើយការរំខានណាមួយនៅតំបន់នេះ អាចបន្តជះឥទ្ធិពលទៅលើថ្លៃដឹកជញ្ជូន ការផ្គត់ផ្គង់ និងតម្លៃប្រេងនៅទូទាំងពិភពលោក។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ AI Jazeera