អាជ្ញាធរអ៊ីរ៉ង់បានប្រកាសលុបចោលជើងហោះហើរពីទីក្រុងតេអេរ៉ង់ទៅកាន់ទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ និងទីក្រុងម៉ាស្កាត ប្រទេសអូម៉ង់ ខណៈវិធានការទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើវិស័យអាកាសចរណ៍អ៊ីរ៉ង់កំពុងចូលជាធរមាន។ លោក Majid Akhavan អ្នកនាំពាក្យអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Tasnim កាលពីថ្ងៃអង្គារថា អាកាសយានដ្ឋាននៅទីក្រុងបាកដាដ និងម៉ាស្កាត នឹងឈប់ទទួលជើងហោះហើររបស់អ៊ីរ៉ង់ ចាប់ពីពាក់កណ្តាលអធ្រាត្រម៉ោងក្នុងស្រុក នៅថ្ងៃពុធ។

លោកបានបញ្ជាក់ថា សម្រាប់ជើងហោះហើរទៅកាន់ទីក្រុងបាកដាដ អាជ្ញាធរអ៊ីរ៉ង់កំពុងសម្របសម្រួល ដើម្បីបង្វែរជើងហោះហើរទាំងនោះទៅកាន់អាកាសយានដ្ឋាន Najaf ជំនួសវិញ។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មាន ISNA បានរាយការណ៍ថា ការចរចាជាមួយប្រទេសអូម៉ង់កំពុងបន្ត ខណៈជើងហោះហើរអន្តរជាតិផ្សេងទៀតរបស់អ៊ីរ៉ង់ រួមទាំងជើងហោះហើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នឹងបន្តដំណើរការតាមកាលវិភាគ។ រហូតមកដល់ពេលនេះ អាជ្ញាធរអ៊ីរ៉ាក់ និងអូម៉ង់មិនទាន់មានប្រតិកម្មជាផ្លូវការចំពោះការប្រកាសនេះនៅឡើយទេ។

ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានប្រកាសកាលពីថ្ងៃចន្ទថា ទីក្រុងវ៉ាស៊ីនតោននឹងកាត់ផ្តាច់ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ចេញពីប្រតិបត្តិការអន្តរជាតិ ចាប់ពីថ្ងៃពុធ និងព្រមានដាក់ទណ្ឌកម្មបន្ថែមលើក្រុមហ៊ុនដែលផ្តល់សេវាកម្មដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ។ លោក Bessent បានព្រមានថា ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់នឹងប្រឈមការលំបាកក្នុងការទទួលបានសេវាសំខាន់ៗនៅពេលចុះចតនៅអាកាសយានដ្ឋានបរទេស ដូចជា ប្រេងឥន្ធនៈ សេវាចុះចត និងការលក់សំបុត្រ ខណៈក្រុមហ៊ុនដែលផ្តល់សេវាទាំងនេះអាចប្រឈមនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក។ អ្នកវិភាគផ្នែកអាកាសចរណ៍បានលើកឡើងថា ទោះបីសហរដ្ឋអាមេរិកមិនមានសិទ្ធិផ្ទាល់ក្នុងការបិទដែនអាកាសរបស់ប្រទេសដទៃក៏ដោយ ការដាក់ទណ្ឌកម្មលើក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈ និងសេវាកម្មដីនៅអាកាសយានដ្ឋាន អាចកាត់ផ្តាច់ការគាំទ្រប្រតិបត្តិការសំខាន់ៗរបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់។

វិធានការថ្មីនេះក៏ជាផ្នែកមួយនៃយុទ្ធនាការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងទីក្រុងតេអេរ៉ង់។ កាលពីដើមខែនេះ ក្រសួងរតនាគារអាមេរិក តាមរយៈការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស ឬ OFAC បានដាក់ការរឹតត្បិតលើវិស័យពាណិជ្ជកម្ម ថាមពល និងហិរញ្ញវត្ថុពាក់ព័ន្ធនឹងអ៊ីរ៉ង់។

នៅចុងខែសីហា រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump ក៏បានពង្រីកការដាក់ទណ្ឌកម្មបន្ថែម ដោយព្រមានថា ក្រុមហ៊ុនបរទេសដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់ក្នុងវិស័យដឹកជញ្ជូន បច្ចេកវិទ្យា មាស និងទ្រព្យសកម្មឌីជីថល អាចប្រឈមនឹងការពិន័យ។

ទោះជាយ៉ាងណា ទីក្រុងតេអេរ៉ង់បានបង្ហាញថា ខ្លួននៅតែបើកចំហចំពោះកិច្ចពិភាក្សាដែលសម្របសម្រួលដោយប្រទេសកាតា ដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែង ខណៈដែលអ៊ីរ៉ង់នៅតែរក្សាជំហររឹងមាំចំពោះទីក្រុងវ៉ាស៊ីនតោន។ លោក Mohsen Rezaei មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខអ៊ីរ៉ង់ បានប្រាប់ Al Jazeera កាលពីសប្តាហ៍មុនថា ការគំរាមកំហែងរបស់លោក Trump នឹងមិនធ្វើឱ្យអ៊ីរ៉ង់ផ្លាស់ប្តូរជំហរឡើយ ហើយអ៊ីរ៉ង់បានត្រៀមខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នា ខណៈការចរចានៅតែជាជម្រើសមួយដែលកំពុងត្រូវបានពិចារណា។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Al Jazeera