កូឡុំបូ៖ តុលាការជាន់ខ្ពស់របស់ប្រទេសស្រីលង្កា បានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលយូរ លើបុរស ១៥នាក់ ដែលត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការរៀបចំផែនការវាយប្រហារបំផ្ទុះគ្រាប់បែកនៅថ្ងៃបុណ្យអ៊ីស្ទើរ កាលពីឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្ស ២៧០នាក់ និងធ្វើឱ្យជាង ៥០០នាក់រងរបួស។ ក្នុងចំណោមអ្នកដែលត្រូវបានរកឃើញថាមានទោស មានលោក Naufer Moulavi ដែលព្រះរាជអាជ្ញាបានចោទថា ជាអ្នករៀបចំផែនការបំផ្ទុះគ្រាប់បែកអត្តឃាត។ ចំណែកបុរស ៩នាក់ផ្សេងទៀត ត្រូវបានតុលាការលើកលែងការចោទប្រកាន់។

ការវាយប្រហារដែលបានកំណត់គោលដៅលើព្រះវិហារ ៣កន្លែង និងសណ្ឋាគារប្រណីត ៣កន្លែង គឺជាហេតុការណ៍ដែលមានអ្នកស្លាប់ច្រើនបំផុតនៅស្រីលង្កា ចាប់តាំងពីសង្គ្រាមស៊ីវិលរបស់ប្រទេសបានបញ្ចប់ក្នុងឆ្នាំ២០០៩។ ក្នុងចំណោមអ្នកស្លាប់ មានជនបរទេស ៤៥នាក់។ អ្នកបំផ្ទុះគ្រាប់បែកទាំងអស់ដែលបានចូលរួមក្នុងការវាយប្រហារ បានស្លាប់នៅក្នុងហេតុការណ៍នោះ។ ក្រុមអ្នកស៊ើបអង្កេតបានភ្ជាប់ការវាយប្រហារទៅនឹងក្រុមជ្រុលនិយមអ៊ីស្លាម ខណៈបុរស ២៥នាក់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងករណីនេះ។ ម្នាក់ក្នុងចំណោមអ្នកត្រូវបានចោទប្រកាន់បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង។

កាលពីថ្ងៃអង្គារ ជនជាប់ចោទ ១៥នាក់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗចន្លោះពី ២០០ឆ្នាំ ដល់ ២៦០ឆ្នាំ។ តុលាការនៅរដ្ឋធានីកូឡុំបូ ក៏បានបញ្ជាឱ្យរឹបអូសទ្រព្យសម្បត្តិចលនវត្ថុ និងអចលនវត្ថុរបស់ពួកគេផងដែរ។ ភាគច្រើននៃជនរងគ្រោះជាពលរដ្ឋស្រីលង្កា ក្នុងនោះមានកុមារជាច្រើន។ អ្នកស្លាប់រួមមានមេចុងភៅល្បីឈ្មោះ Shantha Mayadunne និងកូនស្រីរបស់នាង ព្រមទាំងសមាជិកគ្រួសារវ័យក្មេងមួយគ្រួសារ ៥នាក់ បុគ្គលិកសណ្ឋាគារដែលរងការវាយប្រហារយ៉ាងហោចណាស់ ៨នាក់ និងសមាជិកគ្រួសារមួយផ្សេងទៀត ៥នាក់នៅទីក្រុង Negombo។

ក្នុងចំណោមជនបរទេសដែលស្លាប់ មានជនជាតិឥណ្ឌា ១១នាក់ អង់គ្លេស ៨នាក់ និងអាមេរិក ៥នាក់។ ជនរងគ្រោះផ្សេងទៀតមានសញ្ជាតិអូស្ត្រាលី បង់ក្លាដែស ចិន ដាណឺម៉ាក ជប៉ុន ហូឡង់ ព័រទុយហ្គាល់ អេស្ប៉ាញ ស៊ុយអែត ស្វីស និងតួកគី។ កូន ៣នាក់របស់មហាសេដ្ឋីដាណឺម៉ាក Anders Holch Povlsen ក៏បានស្លាប់នៅក្នុងការវាយប្រហារលើសណ្ឋាគារ Shangri-La ខណៈក្រុមគ្រួសាររបស់លោកកំពុងសម្រាកនៅស្រីលង្កា។

ជុំវិញការវាយប្រហារ អាជ្ញាធរស្រីលង្កាបានទទួលរងការរិះគន់ចំពោះភាពបរាជ័យក្នុងការចែករំលែកព័ត៌មានស៊ើបការណ៍។ សភាបានស្តាប់ថា ព័ត៌មានព្រមានពីប្រទេសឥណ្ឌាអំពីការវាយប្រហារដែលអាចកើតឡើង មិនត្រូវបានចែករំលែកទៅកាន់អាជ្ញាធរពាក់ព័ន្ធបានត្រឹមត្រូវ។ នៅឆ្នាំ២០២៣ តុលាការកំពូលស្រីលង្កាបានបញ្ជាឱ្យអតីតប្រធានាធិបតី Maithripala Sirisena បង់ប្រាក់សំណងរាប់លានដល់ជនរងគ្រោះ បន្ទាប់ពីតុលាការរកឃើញថា លោកមានការទទួលខុសត្រូវចំពោះការបរាជ័យផ្នែកសន្តិសុខជាតិ ដែលបាននាំទៅដល់ការវាយប្រហារ។

កាលពីខែមុន អតីតមន្ត្រីជាន់ខ្ពស់ ២រូប ក៏ត្រូវបានកាត់ទោសប្រហារជីវិតពីបទធ្វេសប្រហែសព្រហ្មទណ្ឌ ដែលនាំឱ្យមានការវាយប្រហារ។ ទោះជាយ៉ាងណា ទោសប្រហារជីវិតនៅស្រីលង្កាជាធម្មតាត្រូវបានបន្ធូរទៅជាទោសជាប់ពន្ធនាគារអស់មួយជីវិត ដោយសារប្រទេសនេះបានផ្អាកការប្រហារជីវិតអស់រយៈពេលជាច្រើនទសវត្សរ៍។ អស់រយៈពេលជាច្រើនឆ្នាំ ប្រជាជនស្រីលង្កាបានធ្វើបាតុកម្មជាបន្តបន្ទាប់ ដើម្បីទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះនៃការវាយប្រហារថ្ងៃបុណ្យអ៊ីស្ទើរ។ ទន្ទឹមនឹងសាលក្រមនេះ ការស៊ើបអង្កេតដាច់ដោយឡែកមួយលើអតីតប្រធានស៊ើបការណ៍សម្ងាត់ លោក Suresh Sallay កំពុងបន្ត។ លោកត្រូវបានចោទប្រកាន់ថាបានរៀបចំការវាយប្រហារជាមួយក្រុមជ្រុលនិយមអ៊ីស្លាម ប៉ុន្តែលោកបានបដិសេធការចោទប្រកាន់។

ការចោទប្រកាន់នេះក៏ត្រូវបានលើកឡើងនៅក្នុងភាពយន្តឯកសាររបស់ទូរទស្សន៍ Channel 4 របស់អង់គ្លេស កាលពីឆ្នាំ២០២៣ ដោយផ្អែកលើសក្ខីកម្មរបស់អ្នកផ្តល់ព័ត៌មាន ដែលអះអាងថា ការវាយប្រហារត្រូវបានអនុញ្ញាតឱ្យកើតឡើង ដើម្បីជួយបង្កើនការគាំទ្រដល់គ្រួសារ Rajapaksa។ ទាំងលោក Sallay និងអតីតប្រធានាធិបតី Gotabaya Rajapaksa បានបដិសេធការចោទប្រកាន់នេះ។

លោក Rajapaksa ដែលបានឡើងកាន់តំណែងប៉ុន្មានខែបន្ទាប់ពីការវាយប្រហារឆ្នាំ២០១៩ ក៏ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស និងបានស្នើឱ្យតុលាការទប់ស្កាត់ការចាប់ខ្លួនលោក ពាក់ព័ន្ធនឹងការស៊ើបអង្កេតដែលកំពុងបន្ត។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ BBC