[ញូវដេលី]៖ ភាពតានតឹងផ្នែកការទូតរវាងឥណ្ឌា ប៉ាគីស្ថាន និងចិន បានកើនឡើង បន្ទាប់ពីប៉ាគីស្ថាន និងចិនបានរៀបចំជាផ្លូវការនូវយន្តការគ្រប់គ្រងព្រំដែននៅតំបន់ភ្នំហិម៉ាឡៃ ដែលឥណ្ឌាអះអាងថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ កិច្ចព្រមព្រៀងនេះពាក់ព័ន្ធនឹងការបង្កើតគណៈកម្មការចម្រុះព្រំដែនប៉ាគីស្ថាន-ចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងព្រំដែន ពាណិជ្ជកម្ម និងការតភ្ជាប់។ ប៉ាគីស្ថានបានចាត់ទុកការរៀបចំនេះថា ជាជំហានសំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងជាមួយចិន។
ទោះជាយ៉ាងណា ឥណ្ឌាបានបដិសេធយ៉ាងខ្លាំង ដោយអះអាងថា ខ្លួនមិនទទួលស្គាល់ព្រំដែនប៉ាគីស្ថាន-ចិន ដែលស្ថិតនៅក្នុងតំបន់ដែលឥណ្ឌាចាត់ទុកថាជាទឹកដីរបស់ខ្លួនឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានបញ្ជាក់ថា ឥណ្ឌាមិនទទួលស្គាល់យន្តការនេះ និងចាត់ទុកថាគ្មានមូលដ្ឋានច្បាប់។ បញ្ហាសំខាន់មួយស្ថិតនៅតំបន់ Shaksgam Valley ដែលមានផ្ទៃដីប្រមាណ ៥,១៨០គីឡូម៉ែត្រការ៉េ។ ប៉ាគីស្ថានបានប្រគល់តំបន់នេះទៅឱ្យចិនតាមកិច្ចព្រមព្រៀងឆ្នាំ១៩៦៣ ប៉ុន្តែឥណ្ឌាមិនដែលទទួលស្គាល់កិច្ចព្រមព្រៀងនោះទេ ដោយអះអាងថាតំបន់នេះជាផ្នែកមួយនៃតំបន់ Ladakh និងជាទឹកដីដែលខ្លួនទាមទារ។

ឥណ្ឌាបានអះអាងថា តំបន់នេះជាផ្នែកមួយនៃអតីតរដ្ឋ Jammu និង Kashmir ហើយថាប៉ាគីស្ថានបានកាន់កាប់តំបន់នេះដោយខុសច្បាប់ មុនពេលធ្វើកិច្ចព្រមព្រៀងជាមួយចិន។ ដូច្នេះ រដ្ឋាភិបាលឥណ្ឌាចាត់ទុកកិច្ចព្រមព្រៀងព្រំដែនឆ្នាំ១៩៦៣ ថាមិនមានសុពលភាពចំពោះទឹកដីដែលខ្លួនអះអាង។ ចំណែកប៉ាគីស្ថានវិញ អះអាងថា Jammu និង Kashmir នៅតែជាទឹកដីមានជម្លោះ ហើយការរៀបចំព្រំដែនជាមួយចិនមានមូលដ្ឋានលើកិច្ចព្រមព្រៀងឆ្នាំ១៩៦៣ ដែលខ្លួនចាត់ទុកថាមានសុពលភាព។
អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិបានលើកឡើងថា ការរៀបចំថ្មីនេះមិនមែនជាការបង្កើតយន្តការថ្មីទាំងស្រុងទេ ប៉ុន្តែជាការធ្វើឱ្យដំណើរការយន្តការដែលមានចែងក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៦៣ កាន់តែមានសកម្មភាព។ ទោះជាយ៉ាងណា ពេលវេលានៃការអនុវត្តនេះត្រូវបានគេចាត់ទុកថាមានសារៈសំខាន់ ព្រោះកើតឡើងនៅពេលឥណ្ឌា និងចិនកំពុងព្យាយាមធ្វើឱ្យទំនាក់ទំនងមានស្ថិរភាពឡើងវិញ។ ក្នុងពេលជាមួយគ្នា ចិន និងប៉ាគីស្ថានក៏កំពុងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ដោយមានគម្រោងសំខាន់ៗដូចជា ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន និងផ្លូវការ៉ាកូរ៉ាម ដែលឆ្លងកាត់តំបន់ភ្នំជិតតំបន់ដែលមានជម្លោះ។

អ្នកវិភាគមួយចំនួនយល់ថា កិច្ចព្រមព្រៀងនេះមានទាំងទិដ្ឋភាពជាក់ស្តែង និងនយោបាយ។ សម្រាប់ប៉ាគីស្ថាន វាអាចជួយពង្រឹងការគ្រប់គ្រងព្រំដែន និងការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ខណៈសម្រាប់ចិន ការពង្រឹងទំនាក់ទំនងជាមួយប៉ាគីស្ថានអាចមានសារៈសំខាន់ទាំងផ្នែកយុទ្ធសាស្ត្រ និងភូមិសាស្ត្រនយោបាយ។ ទោះបីជាយ៉ាងនេះក្តី អ្នកជំនាញក៏បានព្រមានថា មិនគួរបកស្រាយការរៀបចំនេះថាជាការផ្លាស់ប្តូរយោធាដោយផ្ទាល់ប្រឆាំងនឹងឥណ្ឌានោះទេ។ បច្ចុប្បន្ន មិនមានផលប៉ះពាល់ភ្លាមៗ ឬជាក់ស្តែងចំពោះខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែងរវាងឥណ្ឌា និងចិនឡើយ។
ប៉ុន្តែសម្រាប់ឥណ្ឌា ការធ្វើឱ្យយន្តការព្រំដែនប៉ាគីស្ថាន-ចិនមានលក្ខណៈជាផ្លូវការកាន់តែច្បាស់ គឺជាបញ្ហារសើប ព្រោះវាពាក់ព័ន្ធដោយផ្ទាល់នឹងតំបន់ដែលខ្លួនអះអាងអធិបតេយ្យភាព។ ខណៈទំនាក់ទំនងឥណ្ឌា-ចិនកំពុងព្យាយាមឆ្ពោះទៅរកស្ថិរភាព បញ្ហាព្រំដែន និងទំនាក់ទំនងចិន-ប៉ាគីស្ថាននៅតែជាកត្តាដែលអាចបង្កភាពមិនទុកចិត្តរវាងភាគីទាំងពីរ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ BBC