[វ៉ាស៊ីនតោន]៖ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានផ្លាស់ប្តូរការគំរាមកំហែងថ្មីកាលពីថ្ងៃទី២០ ខែកញ្ញា ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមានថា អ៊ីរ៉ង់អាចប្រឈមនឹងការដួលរលំសេដ្ឋកិច្ច ឬការបំផ្លាញមេដឹកនាំរបស់ខ្លួន ប្រសិនបើមិនព្រមឈានដល់កិច្ចព្រមព្រៀង។ ជាមួយគ្នានេះ យោធាអ៊ីរ៉ង់បានព្រមានថា ខ្លួននឹងសងសឹកយ៉ាងខ្លាំងចំពោះការវាយប្រហារថ្មីណាមួយ។ ភាពតានតឹងរវាងភាគីទាំងពីរបានអូសបន្លាយអស់រយៈពេលជាច្រើនខែ ដោយមិនទាន់មានសញ្ញាច្បាស់លាស់ថា ភាគីណាមួយត្រៀមធ្វើសម្បទានធំៗ ដើម្បីបញ្ចប់ជម្លោះឡើយ។ ជម្លោះនេះក៏បានបង្កផលប៉ះពាល់ដល់ទីផ្សារថាមពលពិភពលោក និងធ្វើឱ្យវិបត្តិសេដ្ឋកិច្ចរបស់អ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរ ខណៈភាពតានតឹងបានរាលដាលទៅកាន់តំបន់ផ្សេងៗទៀតនៃមជ្ឈិមបូព៌ា។

ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយអ្នកយកព័ត៌មានរបស់ Fox News លោក ត្រាំ បាននិយាយថា មេដឹកនាំអ៊ីរ៉ង់គួរតែឈានដល់កិច្ចព្រមព្រៀង បើមិនដូច្នោះទេ ប្រទេសនេះនឹងប្រឈមនឹងការរលំសេដ្ឋកិច្ច ឬការបំផ្លាញមេដឹកនាំរបស់ខ្លួន។ ទោះជាយ៉ាងណា លោកក៏បាននិយាយថា លោកបើកចំហចំពោះការជួបប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ដែលរំពឹងថានឹងធ្វើដំណើរទៅទីក្រុងញូវយ៉កក្នុងសប្តាហ៍នេះ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។

ជាការឆ្លើយតប បញ្ជាការកណ្តាលយោធាអ៊ីរ៉ង់បានព្រមានថា ការវាយប្រហារថ្មីណាមួយរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងនាំឱ្យមានការសងសឹកជាបន្តបន្ទាប់លើមូលដ្ឋាន និងផលប្រយោជន៍របស់អាមេរិក។ យោធាអ៊ីរ៉ង់ក៏បាននិយាយថា សម្ព័ន្ធមិត្តក្នុងតំបន់របស់ទីក្រុងវ៉ាស៊ីនតោន នឹងត្រូវចាត់ទុកជាភាគីក្នុងជម្លោះផងដែរ។ យោធាអ៊ីរ៉ង់បានអះអាងថា ខ្លួនមានព័ត៌មានថា ការវាយប្រហារមួយកំពុងត្រូវបានរៀបចំ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតអំពីប្រភព ឬលក្ខណៈនៃការវាយប្រហារដែលខ្លួនអះអាងនោះឡើយ។ ភាពតានតឹងបានកើនឡើងបន្ថែមទៀត បន្ទាប់ពីក្រុមហ៊ូទីនៅប្រទេសយេម៉ែន ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានអះអាងថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីល និងដ្រូនលើទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍។ ក្រុមនេះក៏បានអះអាងពីការវាយប្រហារលើទីតាំងប្រេងសំខាន់មួយនៅទីក្រុង Yanbu ផងដែរ។

វីដេអូរបស់រ៉យទ័របានបង្ហាញផ្សែងខ្មៅដ៏ធំហុយឡើងពីតំបន់ជិតអាកាសយានដ្ឋានអន្តរជាតិសំខាន់របស់ទីក្រុងរីយ៉ាដ បន្ទាប់ពីមានសំឡេងផ្ទុះនៅពេលយប់។ អារ៉ាប៊ីសាអូឌីតមិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើឧប្បត្តិហេតុនេះ ឬការអះអាងរបស់ក្រុមហ៊ូទីឡើយ ខណៈក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបាននិយាយថា ខ្លួនបានរារាំងការវាយប្រហារផ្សេងទៀតលើប្រទេស។ ក្រសួងការបរទេសអាមេរិកបានចេញការព្រមានផ្នែកសន្តិសុខ ដោយលើកឡើងពីសកម្មភាពរបស់ក្រុមហ៊ូទីប្រឆាំងអារ៉ាប៊ីសាអូឌីត និងព្រមានថា ស្ថានការណ៍អាចនាំទៅរកការកើនឡើងដែលមិនអាចព្យាករណ៍ទុកជាមុនបាននៅមជ្ឈិមបូព៌ា។ ក្រសួងបានណែនាំឱ្យពលរដ្ឋអាមេរិកបង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនចំពោះការលុបចោលជើងហោះហើរ ឬការបិទដែនអាកាសដែលអាចកើតមាន។

ការកើនឡើងនៃសកម្មភាពរបស់ក្រុមហ៊ូទីក៏បានដាក់អារ៉ាប៊ីសាអូឌីតក្នុងស្ថានភាពស្មុគស្មាញ ដោយទីក្រុងរីយ៉ាដត្រូវប្រឈមនឹងការសម្រេចចិត្តថា តើត្រូវបន្តការវាយប្រហារតាមអាកាសលើក្រុមនេះ ដើម្បីទប់ស្កាត់ការពង្រីកទឹកដីរបស់ពួកគេនៅយេម៉ែន ឬបន្ធូរបន្ថយសកម្មភាពយោធា ដើម្បីកាត់បន្ថយហានិភ័យនៃការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន។ ការពង្រីកឥទ្ធិពលរបស់ក្រុមហ៊ូទីតាមបណ្តោយឆ្នេរសមុទ្រយេម៉ែនបានធ្វើឱ្យក្រុមនេះស្ថិតនៅជិតច្រកសមុទ្រ Bab el-Mandeb ដែលជាផ្លូវទឹកសំខាន់សម្រាប់ការដឹកជញ្ជូនរវាងសមុទ្រក្រហម និងអាស៊ី។ ស្ថានភាពនេះបង្កើនការព្រួយបារម្ភអំពីការរាំងស្ទះដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ។

ជាមួយនឹងការរឹតត្បិតការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលអ៊ីរ៉ង់បានអះអាងថានឹងមិនបើកឡើងវិញ រហូតដល់លក្ខខណ្ឌពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងខែមិថុនាត្រូវបានបំពេញ ការនាំចេញថាមពលពីតំបន់ឈូងសមុទ្រកាន់តែប្រឈមនឹងសម្ពាធ។ ស្ថានការណ៍នេះក៏បានបង្កការព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពល និងតម្លៃប្រេងនៅលើទីផ្សារពិភពលោក។ ការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ដោយសហរដ្ឋអាមេរិកក៏បានរារាំងការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដែលបន្ថែមសម្ពាធទៅលើសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ទោះបីជាជម្លោះបានបង្កការខូចខាតផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏នៅមិនទាន់មានសញ្ញាច្បាស់លាស់នៃការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នដែលបានសម្រេចកាលពីខែមិថុនា ហើយបានបែកបាក់នៅខែកក្កដា ដោយសារភាពខុសគ្នាលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។

កាលពីថ្ងៃទី២០ ខែកញ្ញា អ៊ីរ៉ង់បានបញ្ជាក់ជាថ្មីថា ខ្លួននឹងមិនបើកច្រកសមុទ្រ Hormuz ឡើងវិញឡើយ រហូតដល់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងខែមិថុនា តាមការបកស្រាយរបស់អ៊ីរ៉ង់ ត្រូវបានអនុវត្ត។ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf ក៏បាននិយាយថា អ៊ីរ៉ង់ត្រូវបន្តទាំងការប្រយុទ្ធ និងការចរចា ដើម្បីប្រឆាំងនឹងគូប្រជែងរបស់ខ្លួន និងប្រើប្រាស់ការទូតដើម្បីពង្រឹងផលប្រយោជន៍របស់ខ្លួន។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters