[ហ្សឺណែវ]៖ បេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ថា ខ្លួនមានមូលហេតុសមហេតុផលក្នុងការជឿថា កងកម្លាំងសហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះការវាយប្រហារយោធាពីរលើកលើសាលារៀន និងមជ្ឈមណ្ឌលកីឡាមួយនៅអ៊ីរ៉ង់ កាលពីខែកុម្ភៈ ដែលការវាយប្រហារទាំងនេះត្រូវបានបេសកកម្មចាត់ទុកថា អាចជាឧក្រិដ្ឋកម្មសង្គ្រាម។ ជាមួយគ្នានេះ បេសកកម្មក៏បានរកឃើញថា អាជ្ញាធរអ៊ីរ៉ង់បានប្រព្រឹត្តអំពើដែលអាចចូលក្នុងនិយមន័យ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ក្នុងអំឡុងការបង្ក្រាបយ៉ាងធ្ងន់ធ្ងរលើការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានផ្ទុះឡើងនៅទូទាំងប្រទេសកាលពីចុងឆ្នាំមុន។
ការរកឃើញនេះស្ថិតនៅក្នុងរបាយការណ៍ថ្មីរបស់ បេសកកម្មស្វែងរកការពិតអន្តរជាតិឯករាជ្យស្តីពីអ៊ីរ៉ង់ ដែលនឹងត្រូវដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN នៅទីក្រុងហ្សឺណែវ។ របាយការណ៍បានពិនិត្យទាំងសកម្មភាពរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមអ៊ីរ៉ង់ ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ និងការឆ្លើយតបរបស់រដ្ឋាភិបាលអ៊ីរ៉ង់ចំពោះការតវ៉ាទូទាំងប្រទេស។

មន្ទីរបញ្ចកោណមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់រ៉យទ័រទេ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly បាននិយាយថា ការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកនៅតែបន្ត ហើយមិនមានអ្វីត្រូវប្រកាសនៅពេលនេះទេ។ លោកស្រីក៏បានចោទថា អ៊ីរ៉ង់គឺជាភាគីតែមួយគត់ក្នុងជម្លោះបច្ចុប្បន្នដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ មន្ត្រីអាមេរិកកន្លងមកបាននិយាយថា ប្រតិបត្តិការយោធារបស់ខ្លួនត្រូវបានអនុវត្តស្របតាមច្បាប់នៃជម្លោះប្រដាប់អាវុធ ខណៈអ៊ីរ៉ង់បានបដិសេធជាបន្តបន្ទាប់ចំពោះការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ។ បេសកកម្មស្វែងរកការពិតរបស់ UN គឺជាស្ថាប័នស៊ើបអង្កេត មិនមែនជាតុលាការទេ ហើយការរកឃើញរបស់ខ្លួនមិនមែនជាសាលក្រមព្រហ្មទណ្ឌឡើយ។ ទោះជាយ៉ាងណា ព័ត៌មានដែលប្រមូលបានអាចត្រូវបានប្រើប្រាស់ក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌដោយតុលាការជាតិ ឬតុលាការអន្តរជាតិ។
បេសកកម្ម UN បាននិយាយថា ខ្លួនមានមូលហេតុសមហេតុផលក្នុងការជឿថា កងកម្លាំងអាមេរិកទទួលខុសត្រូវចំពោះការវាយប្រហារលើសាលាបឋមសិក្សា Shajareh Tayyebeh នៅទីក្រុង Minab ភាគខាងត្បូងអ៊ីរ៉ង់។ តាមមន្ត្រីអ៊ីរ៉ង់ ការវាយប្រហារនោះបានសម្លាប់មនុស្សជាង១៥០នាក់ ក្នុងនោះមានសិស្សសាលាប្រមាណ១២០នាក់។ បេសកកម្មបានសន្និដ្ឋានថា ការវាយប្រហារនេះមានលក្ខណៈមិនរើសមុខ ហើយបានបណ្តាលឱ្យជនស៊ីវិលស្លាប់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលអាចជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ។

របាយការណ៍បានលើកឡើងថា សហរដ្ឋអាមេរិកមិនបានធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីសាលារៀននេះនៅក្នុងមូលដ្ឋានទិន្នន័យកំណត់គោលដៅរបស់ខ្លួន ហើយមិនបានបញ្ជាក់ឱ្យបានគ្រប់គ្រាន់ថា អគារនោះជាគោលដៅយោធាដែលអាចត្រូវវាយប្រហារបាន។ សាលារៀននេះស្ថិតនៅជាប់នឹងបរិវេណកងទ័ពជើងទឹករបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម ប៉ុន្តែអ្នកជំនាញ UN បាននិយាយថា ពួកគេមិនបានរកឃើញភស្តុតាងថា សាលារៀនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ។
កាលពីខែមិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា គ្មាននរណាម្នាក់មានចេតនាវាយប្រហារលើសាលារៀនសម្រាប់ក្មេងស្រីនៅអ៊ីរ៉ង់ឡើយ ហើយបានលើកឡើងពីការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។ រ៉យទ័រធ្លាប់រាយការណ៍ថា ការស៊ើបអង្កេតផ្ទៃក្នុងដំបូងរបស់យោធាអាមេរិកបានបង្ហាញថា កងកម្លាំងអាមេរិកទំនងជាទទួលខុសត្រូវចំពោះការវាយប្រហារដ៏សាហាវនៅ Minab។ មន្ទីរបញ្ចកោណបានបង្កើនកម្រិតការស៊ើបអង្កេត ប៉ុន្តែមិនទាន់ផ្សព្វផ្សាយលទ្ធផលបឋមជាសាធារណៈនៅឡើយ។
អ្នកជំនាញ UN ក៏បានឈានដល់ការសន្និដ្ឋានស្រដៀងគ្នាចំពោះការវាយប្រហារលើមជ្ឈមណ្ឌលកីឡាមួយនៅទីក្រុង Lamerd។ របាយការណ៍បាននិយាយថា ការវាយប្រហារនោះបានបំផ្លាញអគារលំនៅឋាន និងសាលារៀនដែលនៅក្បែរនោះ ព្រមទាំងបានសម្លាប់ និងធ្វើឱ្យជនស៊ីវិល២២នាក់រងរបួស។ បេសកកម្មបានចាត់ទុកការវាយប្រហារនេះថា មានលក្ខណៈមិនរើសមុខ ហើយអាចចូលក្នុងនិយមន័យឧក្រិដ្ឋកម្មសង្គ្រាម។
ទោះជាយ៉ាងណា ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីខែមីនា ថា កងកម្លាំងអាមេរិកមិនបានបើកការវាយប្រហារណាមួយចូលទីក្រុង Lamerd នៅថ្ងៃដែលកើតហេតុនោះទេ។ នៅផ្នែកមួយទៀត បេសកកម្ម UN បានរកឃើញថា អាជ្ញាធរអ៊ីរ៉ង់បានធ្វើសកម្មភាព «ទូលំទូលាយ និងជាប្រព័ន្ធ» ប្រឆាំងនឹងជនស៊ីវិល ក្នុងអំឡុងការតវ៉ាដែលបានផ្ទុះឡើងកាលពីចុងខែធ្នូឆ្នាំមុន។ សកម្មភាពដែលបានលើកឡើងក្នុងរបាយការណ៍ រួមមានការសម្លាប់ដោយខុសច្បាប់ ការធ្វើទារុណកម្ម ការឃុំខ្លួនតាមអំពើចិត្ត ការបាត់ខ្លួនដោយបង្ខំ និងការរឹតត្បិតយ៉ាងធ្ងន់ធ្ងរលើសេរីភាពនៃការបញ្ចេញមតិ។ ក្រុមសិទ្ធិមនុស្សបាននិយាយថា អ្នកឈរមើល និងជនស៊ីវិលក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ ក្នុងអំឡុងការបង្ក្រាបដែលត្រូវបានពិពណ៌នាថា ជាការបង្ក្រាបដ៏ធំបំផុតមួយចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩។ រដ្ឋាភិបាលអ៊ីរ៉ង់បានបន្ទោសក្រុមដែលខ្លួនហៅថា «ភេរវករ និងកុប្បកម្ម» ដែលត្រូវបានគាំទ្រដោយក្រុមប្រឆាំងនៅក្រៅប្រទេស និងសត្រូវបរទេស រួមមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
បេសកកម្មបានបញ្ជាក់ថា ខ្លួនមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវចំនួនអ្នកស្លាប់បានទេ ប៉ុន្តែជឿថាចំនួនអ្នកស្លាប់ និងរបួសទំនងជាខ្ពស់ជាងតួលេខផ្លូវការរបស់អ៊ីរ៉ង់ ដែលរាយការណ៍ថាមនុស្ស៣.០៣៨នាក់បានស្លាប់ និង២៥.០០០នាក់រងរបួស។ របាយការណ៍បានបន្ថែមថា ការឆ្លើយតបរបស់រដ្ឋាភិបាលអ៊ីរ៉ង់ចំពោះការតវ៉ា រួមមានការប្រើអំពើហិង្សា និងការសម្លាប់ ការកាត់ផ្តាច់អ៊ីនធឺណិត និងការប្រើប្រាស់ទោសប្រហារជីវិត បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃការបង្ក្រាបសំឡេងប្រឆាំងរដ្ឋាភិបាល។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters