ប្រសិនបើបញ្ញាសិប្បនិម្មិត (AI) ពិតជាអាចក្លាយជាបច្ចេកវិទ្យាដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សជាតិ តើហេតុអ្វីបានជាមហាអំណាចដូចជា សហរដ្ឋអាមេរិក និងចិន នៅតែប្រជែងគ្នាដើម្បីនាំមុខក្នុងវិស័យនេះ? នេះជាសំណួរដ៏សំខាន់មួយ ខណៈការប្រកួតប្រជែង AI កាន់តែជាប់ពាក់ព័ន្ធនឹងសន្តិសុខជាតិ សេដ្ឋកិច្ច និងអំណាចភូមិសាស្ត្រនយោបាយ។ ចិនកំពុងជំរុញយុទ្ធសាស្ត្រទ្រង់ទ្រាយធំ ដើម្បីក្លាយជាមេដឹកនាំ AI ពិភពលោកនៅចុងទសវត្សនេះ ដោយប្រមូលផ្តុំមូលនិធិ ធនធាន និងសមត្ថភាពរបស់ឧស្សាហកម្មបច្ចេកវិទ្យា ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍគំរូ AI។

សម្រាប់ទីក្រុងប៉េកាំង AI មិនមែនជាបច្ចេកវិទ្យាសម្រាប់ជំរុញសេដ្ឋកិច្ចតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃការប្រកួតប្រជែងអំណាចជាមួយសហរដ្ឋអាមេរិក។ ចិនក៏កំពុងប្រើប្រាស់ឧស្សាហកម្មបច្ចេកវិទ្យា និងស្ថាប័នរដ្ឋ ដើម្បីពង្រីកសមត្ថភាពក្នុងការបណ្តុះបណ្តាលគំរូភាសាធំៗ និងបង្កើតបច្ចេកវិទ្យាថ្មីៗ។

បើទោះបីអាមេរិកបានរឹតត្បិតការចូលប្រើបន្ទះឈីប AI ទំនើបរបស់ចិនក៏ដោយ ក្រុមហ៊ុនចិនបានព្យាយាមជម្នះឧបសគ្គតាមរយៈការធ្វើឱ្យកម្មវិធី និងក្បួនដោះស្រាយមានប្រសិទ្ធភាពកាន់តែខ្ពស់។ លោក David Bellman អ្នកដឹកនាំផលិតផលនៅក្រុមហ៊ុន SynMax បានលើកឡើងថា ដោយសារក្រុមហ៊ុនចិនមិនអាចប្រើប្រាស់បន្ទះឈីបទំនើបបំផុតដូចក្រុមហ៊ុនអាមេរិក ពួកគេបានផ្តោតលើការកែលម្អកម្មវិធី ដើម្បីប្រើប្រាស់ធនធានដែលមានឱ្យមានប្រសិទ្ធភាពជាងមុន។

ភាពរីកចម្រើននេះត្រូវបានបង្ហាញតាមរយៈ DeepSeek។ នៅខែកុម្ភៈ ឆ្នាំ២០២៥ ម៉ូដែល AI របស់ក្រុមហ៊ុនចិនមួយនេះ ត្រូវបានរាយការណ៍ថា តាមពីក្រោយម៉ូដែលកំពូលរបស់ OpenAI ត្រឹម ០,៤% ក្នុងការធ្វើតេស្តមួយ។ របាយការណ៍ AI Index ឆ្នាំ២០២៦ របស់សាកលវិទ្យាល័យ Stanford ក៏បានបង្ហាញថា គម្លាតសមត្ថភាពរវាងគំរូ AI របស់អាមេរិក និងចិន ត្រូវបានបិទយ៉ាងខ្លាំង។ លោក Andrew Chin សាស្ត្រាចារ្យផ្នែកច្បាប់ AI នៅសាកលវិទ្យាល័យ North Carolina បានកត់សម្គាល់ថា អាមេរិកនៅតែមានគុណសម្បត្តិសំខាន់ៗ ក្នុងការអភិវឌ្ឍគំរូ AI ឈានមុខ ការវិនិយោគឯកជន និងហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ។

ទោះជាយ៉ាងណា ការវាស់ថាប្រទេសណានាំមុខ មិនមែនជារឿងសាមញ្ញទេ ព្រោះការប្រកួតនេះពាក់ព័ន្ធនឹងបន្ទះឈីប ទិន្នន័យ ថាមពលកុំព្យូទ័រ ទុនវិនិយោគ អ្នកជំនាញ និងសមត្ថភាពរបស់រដ្ឋក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ចំណុចនេះធ្វើឱ្យការរឹតត្បិតបច្ចេកវិទ្យារបស់អាមេរិកមិនអាចធានាបានថា ចិននឹងបាត់បង់សមត្ថភាពប្រកួតប្រជែងនោះឡើយ។ ផ្ទុយទៅវិញ វាអាចជំរុញឱ្យក្រុមហ៊ុនចិនស្វែងរកវិធីប្រើប្រាស់ធនធានដែលមានប្រសិទ្ធភាពជាងមុន។ ខណៈប្រទេសទាំងពីរកំពុងប្រជែងគ្នា ពួកគេក៏មានការព្រួយបារម្ភអំពី AI ផងដែរ ប៉ុន្តែការផ្តោតសំខាន់មិនដូចគ្នា។ នៅអាមេរិក ក្តីបារម្ភសំខាន់មួយគឺ AI អាចវិវត្តដល់កម្រិតដែលអ្នកបង្កើតមិនអាចគ្រប់គ្រងបាន ហើយអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សជាតិ។

ចំណែកចិន ការគ្រប់គ្រង AI ត្រូវបានផ្តោតយ៉ាងខ្លាំងលើការគ្រប់គ្រងព័ត៌មាន និងការរក្សាស្ថិរភាពនយោបាយ។ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Virginia បានកត់សម្គាល់ថា AI របស់ចិនអាចប្រឈមនឹងការលម្អៀងផ្នែកនយោបាយ ដោយសារការគ្រប់គ្រងមាតិកាដែល AI អាចបង្ហាញដល់អ្នកប្រើប្រាស់។ លោក Chen Yixin រដ្ឋមន្ត្រីសន្តិសុខរដ្ឋចិន ក៏បានព្រមានថា ប្រទេសត្រូវរក្សាការគ្រប់គ្រងលើ AI ព្រោះបច្ចេកវិទ្យានេះអាចត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមព័ត៌មាន ឬបង្កអស្ថិរភាពដល់ប្រព័ន្ធសង្គម និងនយោបាយ។

នៅអាមេរិក ឧស្សាហកម្ម AI កំពុងប្រឈមនឹងការអំពាវនាវឱ្យមានការគ្រប់គ្រងកាន់តែច្រើន។ ប៉ុន្តែការអភិវឌ្ឍបច្ចេកវិទ្យាក៏កំពុងបន្តយ៉ាងលឿន ដោយក្រុមហ៊ុនត្រូវការមជ្ឈមណ្ឌលទិន្នន័យ បន្ទះឈីប និងថាមពលកុំព្យូទ័រកាន់តែច្រើន។ ការខ្វះកម្លាំងពលកម្ម សម្ភារៈសំណង់ បន្ទះឈីប ការអនុញ្ញាតសាងសង់ ការកើនឡើងអត្រាការប្រាក់ និងការប្រឆាំងរបស់សាធារណជនចំពោះមជ្ឈមណ្ឌលទិន្នន័យ ក៏បានធ្វើឱ្យការពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI ប្រឈមនឹងការពន្យារពេល។

 

លោក Darrell West អ្នកសិក្សាជាន់ខ្ពស់ផ្នែកអភិបាលកិច្ចនៅវិទ្យាស្ថាន Brookings បានលើកឡើងថា បញ្ហាទាំងនេះអាចប៉ះពាល់ដល់គំរូអាជីវកម្មរបស់ឧស្សាហកម្មបច្ចេកវិទ្យា។ ប៉ុន្តែបញ្ហាធំជាងនេះគឺ គ្មាននរណាអាចដឹងច្បាស់ថា តើ AI ត្រូវការសមត្ថភាពកុំព្យូទ័រប៉ុណ្ណា ដើម្បីអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សជាតិ។ លោក Vincent Conitzer សាស្ត្រាចារ្យវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Carnegie Mellon បានព្រមានថា មិនគួររង់ចាំរហូតដល់មាន ចំណុចគ្រោះថ្នាក់ ដែលអាចកំណត់បានច្បាស់ ទើបចាប់ផ្តើមគិតពីសុវត្ថិភាព AI នោះទេ ព្រោះគ្មានការធានាថា មុនឈានដល់ចំណុចនោះ មនុស្សនៅតែមានសុវត្ថិភាព។

តើអាមេរិក និងចិនអាចបង្កើតច្បាប់រួមគ្នាបានឬទេ?

ចំណុចសំខាន់មួយទៀត គឺការរកតុល្យភាពរវាងការប្រកួតប្រជែង និងការគ្រប់គ្រងហានិភ័យ។ លោក Dario Amodei នាយកប្រតិបត្តិក្រុមហ៊ុន Anthropic បានអះអាងថា អាមេរិកគួររក្សាប្រៀបលើចិនក្នុងសមត្ថភាព AI ប៉ុន្តែមិនគួរអភិវឌ្ឍលឿនជាងកម្រិតដែលចាំបាច់ ដើម្បីយកឈ្នះគូប្រជែងឡើយ។ តាមទស្សនៈរបស់លោក វានឹងផ្តល់ពេលវេលាឱ្យអាមេរិកពង្រឹងសុវត្ថិភាព AI និងប្រើប្រាស់ប្រៀបរបស់ខ្លួន ដើម្បីជំរុញឱ្យមានការចរចាអំពីបទប្បញ្ញត្តិអន្តរជាតិ។ ប៉ុន្តែសំណើនេះមិនត្រូវបានចិនទទួលយកដោយងាយឡើយ។ វិចារណកថាមួយរបស់កាសែត Global Times ដែលគ្រប់គ្រងដោយរដ្ឋចិន បានរិះគន់លិខិតរបស់លោក Amodei ដោយប្រៀបធៀបវាទៅនឹងទស្សនៈបែបសង្គ្រាមត្រជាក់។

ទោះជាយ៉ាងណា អ្នកស្រាវជ្រាវខ្លះយល់ថា ចិនក៏មានផលប្រយោជន៍ក្នុងការទប់ស្កាត់ AI មិនឱ្យរួចផុតពីការគ្រប់គ្រងរបស់រដ្ឋផងដែរ។ លោក Philip Potter នៃវិទ្យាស្ថានទិន្នន័យ និងគោលនយោបាយសន្តិសុខជាតិ នៃសាកលវិទ្យាល័យ Virginia បានលើកឡើងថា ទីក្រុងប៉េកាំងទំនងជាព្រួយបារម្ភយ៉ាងខ្លាំងពីសមត្ថភាពរបស់ AI ក្នុងការបង្កអស្ថិរភាពដល់ប្រព័ន្ធសង្គម និងនយោបាយរបស់ខ្លួន។ 

តាមការវិភាគរបស់លោក Andrew Chin ការប្រកួតប្រជែងអាចបង្កើតស្ថានភាពដែលប្រទេសនីមួយៗយល់ថា ខ្លួនត្រូវតែរក្សាប្រៀបយុទ្ធសាស្ត្រ ហើយបើដូច្នេះ គោលនយោបាយសុវត្ថិភាពរួមនឹងកាន់តែពិបាកសម្រេចបាន។ ជាការពិត ប្រទេសនីមួយៗមានហេតុផលសន្តិសុខជាតិដើម្បីរារាំងគូប្រជែងមិនឱ្យទទួលបានអត្ថប្រយោជន៍បច្ចេកវិទ្យា។ ប៉ុន្តែព្រមជាមួយគ្នានោះ ក៏មានផលប្រយោជន៍សន្តិសុខដូចគ្នា ក្នុងការមិនបង្កើតប្រព័ន្ធ AI ដែលមានអាកប្បកិរិយា គោលបំណង ឬផលប៉ះពាល់ ដែលមនុស្សមិនអាចយល់ ឬគ្រប់គ្រងបាន។

ដូច្នេះ សំណួរធំបំផុតសម្រាប់ការប្រកួត AI រវាងអាមេរិក និងចិន អាចមិនមែនគ្រាន់តែថា តើប្រទេសណានឹងនាំមុខ? ប៉ុន្តែគឺ តើប្រទេសទាំងពីរអាចប្រកួតប្រជែងគ្នា ខណៈពេលដូចគ្នាកំណត់ព្រំដែនសុវត្ថិភាពរួម ដើម្បីកុំឱ្យ AI ក្លាយជាបច្ចេកវិទ្យាដែលមនុស្សមិនអាចគ្រប់គ្រងបានដែរឬទេ?

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ CNN