[វ៉ាស៊ីនតោន]៖ សភាតំណាងរាស្ត្រអាមេរិកបានបោះឆ្នោតអនុម័តជាលើកទី៣ នូវសេចក្តីសម្រេចស្តីពីអំណាចសង្គ្រាម ដែលមានគោលបំណងបញ្ឈប់ការចូលរួមរបស់កងកម្លាំងអាមេរិកក្នុងសង្គ្រាមអ៊ីរ៉ង់ ដោយបង្កើនសម្ពាធនយោបាយលើប្រធានាធិបតី Donald Trump ខណៈការបោះឆ្នោតពាក់កណ្តាលអាណត្តិកាន់តែខិតជិតមកដល់។ សេចក្តីសម្រេចនេះត្រូវបានអនុម័តដោយសំឡេង ២២០ ទល់នឹង ២០៤ ដោយសមាជិកសភាគណបក្សប្រជាធិបតេយ្យទាំងអស់ និងសមាជិកគណបក្សសាធារណរដ្ឋចំនួន ៧ នាក់បានបោះឆ្នោតគាំទ្រ។ ចំនួនសមាជិក GOP ដែលចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ បានកើនឡើងពីការបោះឆ្នោតលើកមុនៗ ដែលមានសមាជិកសាធារណរដ្ឋតែ ៤ នាក់ប៉ុណ្ណោះចូលរួម។
សមាជិកសភាសាធារណរដ្ឋ ៣ នាក់ដែលចូលរួមបោះឆ្នោតគាំទ្រជាលើកនេះ រួមមាន លោក Mariannette Miller-Meeks និងលោក Zach Nunn មកពីរដ្ឋ Iowa ដែលកំពុងកាន់កាប់អាសនៈប្រកួតប្រជែង និងលោកស្រី Nancy Mace មកពីរដ្ឋ South Carolina ដែលនឹងចាកចេញពីសភាបន្ទាប់ពីបញ្ចប់អាណត្តិបច្ចុប្បន្ន។ ពួកគេចូលរួមជាមួយសមាជិក GOP ៤ នាក់ដែលធ្លាប់គាំទ្រវិធានការស្រដៀងគ្នា គឺលោក Thomas Massie, Tom Barrett, Warren Davidson និង Brian Fitzpatrick។

លោក Nunn បានបញ្ជាក់ក្រោយការបោះឆ្នោតថា លោកមិនគាំទ្រសង្គ្រាមដែលគ្មានកាលកំណត់នោះទេ ហើយយល់ថា សហរដ្ឋអាមេរិកអាចការពារប្រជាជនរបស់ខ្លួន ដាក់សម្ពាធលើអ៊ីរ៉ង់ និងស្វែងរកផ្លូវទៅរកសន្តិភាព ខណៈសភាបំពេញតួនាទីតាមរដ្ឋធម្មនុញ្ញ។ ការបោះឆ្នោតនេះក៏បង្ហាញពីការបែកបាក់មួយចំនួននៅក្នុងគណបក្សសាធារណរដ្ឋជុំវិញសង្គ្រាមអ៊ីរ៉ង់។ ទោះមេដឹកនាំ GOP នៅសភាមិនបានប្រកាន់ជំហរប្រឆាំងជាសាធារណៈចំពោះសមាជិករបស់ខ្លួនដែលបោះឆ្នោតខុសពីរដ្ឋបាល Trump ក៏ដោយ លោក Trump ផ្ទាល់បានរិះគន់សមាជិកសាធារណរដ្ឋដែលមិនគាំទ្រជំហររបស់លោកលើសង្គ្រាមនេះ។
ការប៉ុនប៉ងរបស់សភាក្នុងការកំណត់អំណាចយោធារបស់លោក Trump លើសង្គ្រាមអ៊ីរ៉ង់ ក៏បានបង្កើតស្ថានការណ៍មិនធម្មតានៅព្រឹទ្ធសភា។ កាលពីមុន សមាជិកព្រឹទ្ធសភាសាធារណរដ្ឋមួយចំនួនបានចូលរួមគាំទ្រវិធានការកំណត់អំណាចយោធារបស់ប្រធានាធិបតី ប៉ុន្តែសម្ពាធពីសេតវិមានបានជំរុញឱ្យមានការផ្លាស់ប្តូរជំហរនៅពេលក្រោយ។ គណបក្សប្រជាធិបតេយ្យក៏មានបំណងបន្តសាកល្បងការគាំទ្រនៅព្រឹទ្ធសភា ខណៈសង្គ្រាមអ៊ីរ៉ង់កំពុងក្លាយជាបញ្ហាសំខាន់មួយមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
ក្រៅពីសភា សង្គ្រាមក៏កំពុងបង្កសម្ពាធផ្នែកសេដ្ឋកិច្ច និងនយោបាយលើរដ្ឋបាល Trump។ សង្គ្រាមដែលបានអូសបន្លាយជាច្រើនខែ បានបង្កការព្រួយបារម្ភអំពីថ្លៃប្រេងឥន្ធនៈ អតិផរណា និងការចំណាយរបស់រដ្ឋាភិបាល។ ការិយាល័យថវិកាសភាអាមេរិកបានប៉ាន់ប្រមាណថា សង្គ្រាមនេះបានចំណាយថវិកាជាង ៣៨ ពាន់លានដុល្លាររួចហើយ និងអាចត្រូវការចំណាយបន្ថែមប្រមាណ ២–៣ ពាន់លានដុល្លារក្នុងមួយខែ ប្រសិនបើការប្រយុទ្ធនៅតែបន្ត។
គណបក្សប្រជាធិបតេយ្យបានប្រើការបោះឆ្នោតជាបន្តបន្ទាប់ ដើម្បីបង្ខំសមាជិកសភាសាធារណរដ្ឋឱ្យបង្ហាញជំហរចំពោះការបន្តសង្គ្រាម និងអំណាចយោធារបស់ប្រធានាធិបតី។ ជាមួយគ្នានេះ ការកើនឡើងនៃសមាជិក GOP ដែលចូលរួមជាមួយគណបក្សប្រជាធិបតេយ្យក្នុងការទាមទារឱ្យបញ្ចប់សង្គ្រាម បានធ្វើឱ្យបញ្ហានេះកាន់តែស្មុគស្មាញសម្រាប់មេដឹកនាំគណបក្សសាធារណរដ្ឋ។ សម្រាប់លោក Trump ការបោះឆ្នោតលើកទី៣នេះមិនមានន័យថាសង្គ្រាមនឹងបញ្ចប់ភ្លាមៗនោះទេ។ សេចក្តីសម្រេចមុនៗមិនបានឈានដល់ដំណាក់កាលដែលអាចបង្ខំឱ្យរដ្ឋបាលអនុវត្តតាមបានទេ ហើយការអនុម័តនៅសភាក៏នៅតែប្រឈមនឹងឧបសគ្គនៅព្រឹទ្ធសភា និងជំហររបស់សេតវិមាន។
ប៉ុន្តែការបោះឆ្នោតលើកចុងក្រោយបានបង្ហាញថា ការបន្តសង្គ្រាមអ៊ីរ៉ង់កំពុងក្លាយជាបញ្ហាដែលបង្កការបែកបាក់នៅក្នុងគណបក្សសាធារណរដ្ឋផ្ទាល់ ខណៈសមាជិកសភាមួយចំនួនកាន់តែបង្ហាញការមិនគាំទ្រចំពោះការបន្តប្រតិបត្តិការយោធា និងការផ្តល់ថវិកាបន្ថែមសម្រាប់សង្គ្រាមនេះ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ CNN