[អ៊ុយក្រែន]៖ មនុស្សយ៉ាងហោចណាស់ ៥នាក់បានស្លាប់ និង ៦៧នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានវាយប្រហារលើមជ្ឈមណ្ឌលទិញទំនិញមួយកន្លែង ក្នុងទីក្រុង Pavlohrad នៃតំបន់ Dnipropetrovsk ប្រទេសអ៊ុយក្រែន។ មន្ត្រីអ៊ុយក្រែនបានឱ្យដឹងថា ការវាយប្រហារបានកើតឡើងនៅពេលថ្ងៃ ខណៈតំបន់នោះមានមនុស្សធ្វើដំណើរយ៉ាងច្រើន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ivan Vyhivskyi បាននិយាយថា ហាង និងរថយន្តជាច្រើនត្រូវបានរងការវាយប្រហារ ខណៈផ្លូវនៅទីនោះ ពោរពេញទៅដោយមនុស្ស។
អភិបាលតំបន់ លោក Oleksandr Hanzha បានឱ្យដឹងតាម Telegram ថា ក្នុងចំណោមអ្នករងរបួស ៦៧នាក់ មានកុមារ ៨នាក់។ រូបភាពដែលចេញផ្សាយដោយសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែន បានបង្ហាញក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រើទុយោទឹកបាញ់ពន្លត់រថយន្តដែលកំពុងឆេះ ខណៈផ្សែងក្រាស់ហុយពេញតំបន់ផ្លូវ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ជនរងគ្រោះ។ លោកបានចោទប្រកាន់ថា រុស្ស៊ីបានប្រើយន្តហោះដ្រូនវាយប្រហារលើមនុស្សស៊ីវិលដែលកំពុងនៅក្បែរមជ្ឈមណ្ឌលទិញទំនិញ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានហៅការវាយប្រហារនេះថា ជា យុទ្ធសាស្ត្រនៃការបង្ខិតបង្ខំ ដោយអះអាងថា រុស្ស៊ីចង់ប្រើការវាយប្រហារជាបន្តបន្ទាប់លើជនស៊ីវិល ដើម្បីធ្វើឱ្យប្រជាជនអ៊ុយក្រែនអស់កម្លាំង និងបង្ខំឱ្យរដ្ឋាភិបាលទីក្រុងគៀវធ្វើសម្បទាន។
ករណីវាយប្រហារលើមជ្ឈមណ្ឌលទិញទំនិញនេះកើតឡើងចំពេលការវាយប្រហារតាមអាកាសរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តកើនឡើង។ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ថា មជ្ឈមណ្ឌលទិញទំនិញចំនួនពីរផ្សេងទៀត នៅទីក្រុង Zaporizhzhia និងទីក្រុង Sumy ក៏ត្រូវបានកំណត់គោលដៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅដើមសប្តាហ៍នេះផងដែរ។ មន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៊ីលើមជ្ឈមណ្ឌលទិញទំនិញមួយក្នុងទីក្រុង Sumy កាលពីថ្ងៃពុធ បានសម្លាប់មនុស្ស ២នាក់ និងរបួស ២០នាក់។ នៅថ្ងៃព្រហស្បតិ៍ ការវាយប្រហារតាមអាកាសមួយទៀតរបស់រុស្ស៊ីនៅទីក្រុង Sumy ត្រូវបានរាយការណ៍ថា បានធ្វើឱ្យមនុស្ស ៨នាក់រងរបួស ក្នុងនោះមានកុមារ ៣នាក់។ ចំណែកនៅទីក្រុង Zaporizhzhia មជ្ឈមណ្ឌលទិញទំនិញមួយត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងកាលពីថ្ងៃចន្ទ។ ទោះជាយ៉ាងណា នៅពេលកើតហេតុ មជ្ឈមណ្ឌលនេះត្រូវបានបិទ ដូច្នេះមិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ ឬរបួសឡើយ។ ទីក្រុង Pavlohrad ដែលជាមជ្ឈមណ្ឌលភស្តុភារមួយស្ថិតនៅក្បែរទីក្រុង Dnipro ភាគកណ្តាលអ៊ុយក្រែន ក៏ធ្លាប់រងការវាយប្រហារយ៉ាងខ្លាំងកាលពីពេលកន្លងមក។ កាលពីខែមុន ការវាយប្រហារលើឃ្លាំងមួយនៅទីក្រុងនេះបានបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់។
ការវាយប្រហារលើមជ្ឈមណ្ឌលទិញទំនិញដ៏បង្ហូរឈាមមួយផ្សេងទៀតបានកើតឡើងកាលពីខែមុន នៅទីក្រុង Kryvyi Rih។ មន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់ និងធ្វើឱ្យ ១៣០នាក់រងរបួស។ ជាមួយគ្នានេះ មជ្ឈមណ្ឌលទិញទំនិញនៅតំបន់មួយចំនួនដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ក៏ត្រូវបានរាយការណ៍ថារងការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនផងដែរ។ កាលពីថ្ងៃចន្ទ មជ្ឈមណ្ឌលទិញទំនិញមួយក្នុងទីក្រុងកំពង់ផែ Mariupol នៃតំបន់ Donetsk ត្រូវបានរាយការណ៍ថារងការវាយប្រហារ ខណៈទីក្រុង Donetsk ក៏ធ្លាប់រងការវាយប្រហារកាលពីខែមុន។
នៅក្នុងប្រទេសរុស្ស៊ីវិញ មន្ត្រីបានរាយការណ៍ថា យន្តហោះដ្រូនដែលបញ្ជូនតាមសមុទ្ររបស់អ៊ុយក្រែនមួយចំនួន បានវាយប្រហារតំបន់ឆ្នេរក្នុងទីក្រុងរមណីយដ្ឋាន Sochi កាលពីយប់ថ្ងៃពុធ។ ការវាយប្រហារនេះត្រូវបានរាយការណ៍ថា បណ្តាលឱ្យមនុស្ស ២៨នាក់រងរបួស ក្នុងនោះមានកុមារ ២នាក់ ហើយមនុស្ស ៣នាក់ត្រូវបានរាយការណ៍ថាស្លាប់ដោយសារការវាយប្រហាររបស់អ៊ុយក្រែន។ នៅថ្ងៃព្រហស្បតិ៍ មន្ត្រីរុស្ស៊ីក៏បានរាយការណ៍ពីការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនលើទីក្រុង Novy Oskol ក្នុងតំបន់ Belgorod ដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស។
លើសពីនេះ ការវាយប្រហាររបស់អ៊ុយក្រែនលើរថយន្តមួយគ្រឿងក្នុងតំបន់ Zaporizhzhia ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី កាលពីថ្ងៃពុធ ត្រូវបានរាយការណ៍ថាបានសម្លាប់ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ និងធ្វើឱ្យកុមារ ៦នាក់ និងស្ត្រី ២នាក់រងរបួស។ ការវាយប្រហារដាច់ដោយឡែកមួយទៀតលើរថយន្តស៊ីវិលក្នុងតំបន់ដដែល បានបណ្តាលឱ្យបុរសម្នាក់ស្លាប់។ សង្គ្រាមទ្រង់ទ្រាយធំរវាងរុស្ស៊ី និងអ៊ុយក្រែនបានបន្តអូសបន្លាយចាប់តាំងពីលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បញ្ជាឱ្យបើកការឈ្លានពានពេញទំហឹងលើអ៊ុយក្រែនកាលពីជាង ៤ឆ្នាំកន្លះមុន។ ទន្ទឹមនឹងការប្រយុទ្ធនៅតែបន្ត កិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយសន្តិភាពថ្មី ដែលដឹកនាំដោយបេសកជនរបស់ប្រធានាធិបតីអាមេរិក Donald Trump ក៏មិនទាន់បង្ហាញលទ្ធផលជាក់ស្តែងគួរឱ្យកត់សម្គាល់នៅឡើយ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងមូស្គូជាមួយលោក Putin និងនៅទីក្រុងគៀវជាមួយលោក Zelensky។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ BBC