[អ៊ុយក្រែន]៖ ទីក្រុងសំខាន់ៗរបស់អ៊ុយក្រែនក្នុងតំបន់ Donbas កំពុងប្រឈមនឹងការវាយប្រហារកាន់តែខ្លាំង ខណៈកងកម្លាំងរុស្ស៊ីបង្កើនការរុលទៅមុខ ដើម្បីព្យាយាមដណ្តើមយកតំបន់ Donbas ដែលនៅសល់ក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។ ទីក្រុង Sloviansk និង Kramatorsk ដែលជាទីក្រុងធំៗបំផុតនៅតែស្ថិតក្រោមការគ្រប់គ្រងពេញលេញរបស់អ៊ុយក្រែន ក្នុងតំបន់ Donbas ភាគខាងកើត កំពុងប្រឈមនឹងស្ថានការណ៍សន្តិសុខកាន់តែគ្រោះថ្នាក់។ ប៉ូលិសអ៊ុយក្រែនបានអំពាវនាវឱ្យជនស៊ីវិលចាកចេញពីតំបន់ ខណៈការវាយប្រហាររបស់រុស្ស៊ីកាន់តែញឹកញាប់។

លោក Pavlo Dyachenko មន្ត្រីប៉ូលិសក្នុងតំបន់ Donetsk បាននិយាយថា នៅតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ការជម្លៀសដោយបង្ខំគ្រួសារដែលមានកុមារបានចាប់ផ្តើមរួចហើយ។ លោកបានចាត់ទុកការចាកចេញពីតំបន់ថា ជាវិធីសំខាន់ដើម្បីការពារជីវិតរបស់ប្រជាជន ខណៈស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន។ នៅទីក្រុង Sloviansk ការវាយប្រហារតាមអាកាសដែលធ្លាប់កើតឡើងប្រហែលម្តងក្នុងមួយសប្តាហ៍ កំពុងក្លាយជារឿងស្ទើរតែកើតឡើងរាល់ថ្ងៃ។ ទីក្រុង Kramatorsk និងKostyantynivka ដែលស្ថិតនៅភាគខាងត្បូង ក៏កំពុងប្រឈមនឹងសម្ពាធយោធាកាន់តែខ្លាំងផងដែរ។

ទីក្រុងទាំងនេះស្ថិតនៅក្នុងតំបន់ដែលគេស្គាល់ថា «ខ្សែក្រវាត់បន្ទាយ» របស់អ៊ុយក្រែន ដែលជាប្រព័ន្ធការពារដែលត្រូវបានពង្រឹងយ៉ាងខ្លាំងនៅភាគខាងកើតប្រទេស។ ទោះជាយ៉ាងណា ស្ថានការណ៍នៅទីក្រុង Kostyantynivka កាន់តែពិបាក ខណៈរុស្ស៊ីអះអាងថាខ្លួនបានគ្រប់គ្រងទីក្រុងនេះទាំងស្រុង។ការដណ្តើមយកតំបន់ Donbas ដែលរួមមានតំបន់ Donetsk និង Luhansk ទាំងមូល គឺជាគោលដៅសំខាន់របស់រុស្ស៊ី។ ទីក្រុងមូស្គូធ្លាប់លើកឡើងពីការការពារ និងរំដោះប្រជាជនក្នុងតំបន់ Donbas ដែលភាគច្រើននិយាយភាសារុស្ស៊ី ជាហេតុផលមួយសម្រាប់ការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែន។

បច្ចុប្បន្ន រុស្ស៊ីកំពុងគ្រប់គ្រងស្ទើរតែទាំងស្រុងនៃតំបន់ Luhansk និងប្រមាណ ៨០ភាគរយនៃតំបន់ Donetsk។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមក តំបន់ជុំវិញ Kramatorsk និង Sloviansk បានក្លាយជាចំណុចសំខាន់នៃការវាយលុកតាមផ្លូវគោករបស់រុស្ស៊ី។ ប្រសិនបើទីក្រុងទាំងនេះធ្លាក់ក្នុងដៃរុស្ស៊ី វាអាចបើកផ្លូវឱ្យកងកម្លាំងរុស្ស៊ីបន្តរុលទៅទិសខាងលិច។ បច្ចុប្បន្ន Sloviansk និង Kramatorsk កំពុងរងការវាយប្រហារយ៉ាងខ្លាំងពីយន្តហោះគ្មានមនុស្សបើក និងគ្រាប់បែក។ ជនស៊ីវិលជាច្រើនបានចាកចេញពីតំបន់រួចហើយ ខណៈផ្លូវសំខាន់ៗមួយចំនួនត្រូវបានគ្របដណ្ដប់ដោយសំណាញ់ប្រឆាំងយន្តហោះដ្រូន។

លោក Viktor Makurin អ្នកស្ម័គ្រចិត្តម្នាក់មកពីទីក្រុងឡុងដ៍ បានប្រាប់ BBC ថា យន្តហោះដ្រូនប្រភេទ FPV តែងតែហោះនៅលើអាកាស ហើយសំឡេងរបស់វាអាចឮតាមបង្អួច។ លោកបានពិពណ៌នាថា ការបើកបរជុំវិញទីក្រុងមានគ្រោះថ្នាក់ខ្លាំង ហើយមានដ្រូនមួយចំនួនលាក់ខ្លួននៅតាមផ្លូវផងដែរ។

យោងតាមទិន្នន័យរបស់ប៉ូលិសអ៊ុយក្រែន ចំនួនជនស៊ីវិលរងរបួសដោយសារការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងទាំងពីរ បានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងរដូវក្តៅ ពី ៧០នាក់ក្នុងខែមិថុនា ដល់ ២១២នាក់ក្នុងខែសីហា។ ចំនួនអ្នកស្លាប់មាន ១៦នាក់ក្នុងខែមិថុនា ២០នាក់ក្នុងខែកក្កដា និង ១៥នាក់ក្នុងខែសីហា។ លោក Dyachenko បាននិយាយថា លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានរងការវាយប្រហារ និងបំផ្លាញយ៉ាងខ្លាំង។ ទិន្នន័យដែលប៉ូលិសអ៊ុយក្រែនបានចេញផ្សាយ និងត្រូវបាន BBC សិក្សា ក៏បង្ហាញថា ចំនួនគ្រាប់បែកដែលរុស្ស៊ីទម្លាក់ពីលើអាកាសបានកើនឡើងពី ៤០គ្រាប់ក្នុងខែមិថុនា ទៅ ១០៩គ្រាប់ក្នុងខែកក្កដា និង ៩២គ្រាប់ក្នុងខែសីហា។

កាលពីថ្ងៃទី២៥ ខែសីហា គ្រាប់បែកចំនួន ៩គ្រាប់បានកំណត់គោលដៅលើទីក្រុង Kramatorsk។ ប៉ូលិសអ៊ុយក្រែនបាននិយាយថា គ្រាប់បែក ៧គ្រាប់បានវាយប្រហារលើអគារលំនៅដ្ឋានស៊ីវិល បណ្តាលឱ្យមនុស្ស ២៤នាក់រងរបួស ក្នុងនោះមានទារកអាយុ ២ខែម្នាក់។ ពីរថ្ងៃក្រោយមក ការវាយប្រហារមួយទៀតបានកើតឡើង ដោយរុស្ស៊ីបានប្រើគ្រាប់បែក Glide ចំនួន ៧គ្រាប់ និងគ្រាប់បែកផ្សេងទៀតចំនួន ៥គ្រាប់ កំណត់គោលដៅលើទីក្រុង Sloviansk។ គ្រាប់បែក Glide ត្រូវបានបំពាក់ដោយស្លាបការពារ ដែលអាចជួយឱ្យវាហោះទៅកាន់គោលដៅបានឆ្ងាយជាងការទម្លាក់បែបធម្មតា។ អាវុធប្រភេទនេះត្រូវបានចាត់ទុកថាជាអាវុធដ៏មានប្រសិទ្ធភាព និងបង្កការខូចខាតខ្លាំងមួយក្នុងឃ្លាំងអាវុធរបស់រុស្ស៊ី។ ជាទូទៅ វាមានទម្ងន់ ២៥០ ឬ ៥០០គីឡូក្រាម ប៉ុន្តែរុស្ស៊ីក៏ធ្លាប់ប្រើគ្រាប់បែកដែលមានទម្ងន់រហូតដល់ ១,៥០០គីឡូក្រាមផងដែរ។

បច្ចុប្បន្ន Kramatorsk គឺជាទីតាំងរបស់រដ្ឋបាលតំបន់ Donetsk។ ទីក្រុង Donetsk ដែលធ្លាប់ជាមជ្ឈមណ្ឌលរដ្ឋបាលរបស់តំបន់នេះ ត្រូវបានក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីចូលកាន់កាប់កាលពីឆ្នាំ២០១៤។ អនាគតនៃតំបន់ Donbas ដែលនៅសល់ក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ក៏បានក្លាយជាបញ្ហាសំខាន់ក្នុងកិច្ចពិភាក្សារវាងអាមេរិក រុស្ស៊ី និងអ៊ុយក្រែន។ កាលពីចុងសប្តាហ៍ បេសកជនអាមេរិក លោក Steve Witkoff និងលោក Jared Kushner បានធ្វើដំណើរទៅទីក្រុងគៀវ ដើម្បីជួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បន្ទាប់ពីពួកគេបានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ លោក Witkoff កន្លងមកបានបង្ហាញការគាំទ្រចំពោះការអះអាងរបស់រុស្ស៊ីលើតំបន់នេះ ប៉ុន្តែលោក Zelensky នៅតែបដិសេធមិនព្រមដកកងទ័ពអ៊ុយក្រែនចេញពី Donbas។ លោកបាននិយាយថា លោក Putin បានផ្តល់ពេលវេលាដល់មេបញ្ជាការរបស់ខ្លួនរហូតដល់ចុងឆ្នាំនេះ ដើម្បីបញ្ចប់ការកាន់កាប់តំបន់ Donbas។

លោក Zelensky បានប្រាប់អ្នកសារព័ត៌មានកាលពីខែមុនថា គោលដៅសំខាន់របស់លោក Putin នៅសមរភូមិភាគខាងកើតនៅតែផ្តោតលើខ្សែ Kostyantynivka-Sloviansk។ ប្រឈមនឹងសម្ពាធយោធាដែលកំពុងកើនឡើង លោក Zelensky បានបង្កើតក្រុមការងារថ្មីចំនួនពីរ ដែលដឹកនាំដោយឧត្តមសេនីយ៍មានបទពិសោធន៍ លោក Andriy Biletsky និងលោក Denys Prokopenko ដើម្បីពង្រឹងការការពារតំបន់ Donbas ដែលនៅសល់ក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។ ឧត្តមសេនីយ៍អ៊ុយក្រែនម្នាក់ដែលមិនបញ្ចេញឈ្មោះបាននិយាយថា សមរភូមិនៅ Donbas មិនមែនជាការប្រយុទ្ធសម្រាប់តំបន់មួយប៉ុណ្ណោះទេ ប៉ុន្តែអាចក្លាយជា «សមរភូមិសំខាន់» សម្រាប់ឆ្នាំនេះ និងឆ្នាំបន្ទាប់។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ BBC