[កៀវ]៖ រុស្ស៊ីបានបង្កើនការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកប្រភេទថ្មី ដែលបំពាក់ម៉ាស៊ីនយន្តហោះប្រតិកម្ម (Jet-powered drones) ក្នុងការវាយប្រហារលើអ៊ុយក្រែន ដោយបានប្រើប្រាស់ជារៀងរាល់ថ្ងៃពេញមួយខែសីហា ឆ្នាំ២០២៦។ នេះបើយោងតាមការវិភាគរបស់ BBC Verify លើទិន្នន័យរបស់កងទ័ពអាកាសអ៊ុយក្រែន។ ការកើនឡើងនៃដ្រូនប្រភេទនេះ កំពុងបង្កើនសម្ពាធលើប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដោយសារដ្រូនជំនាន់ថ្មីមានល្បឿនលឿនជាងដ្រូនប្រភេទចាស់យ៉ាងខ្លាំង។ វាក៏ជាលើកដំបូងដែលការប្រើប្រាស់ដ្រូន Geran ដែលត្រូវបានកែលម្អ ត្រូវបានកត់ត្រាថាបានវាយប្រហារជាប្រចាំថ្ងៃក្នុងទិន្នន័យរបស់កងទ័ពអាកាសអ៊ុយក្រែន។
យោធាអ៊ុយក្រែនបានប្រាប់ BBC ថា ចំនួនដ្រូនប្រភេទនេះបានកើនឡើងយ៉ាងខ្លាំង ពីប្រមាណ ៣៥០គ្រឿងក្នុងខែមិថុនា ទៅ ១,៦០០គ្រឿងក្នុងខែកក្កដា និងប្រមាណ ២,៨០០គ្រឿងក្នុងខែសីហា។ ក្នុងការវាយប្រហារពេលយប់ចំនួន ៥លើកក្នុងខែសីហា ដ្រូនប្រភេទថ្មីទាំងនេះមានចំនួនច្រើនជាងដ្រូនជំនាន់ចាស់ដែលមានល្បឿនយឺតជាង។

លោកស្រី Marina Miron អ្នកជំនាញបច្ចេកវិទ្យាយោធានៅមហាវិទ្យាល័យ King’s College London បានពន្យល់ថា មូលហេតុដែលរុស្ស៊ីងាកមកប្រើដ្រូនដំណើរការដោយម៉ាស៊ីនយន្តហោះ គឺដោយសារវាមានល្បឿនលឿនជាងដ្រូនជំនាន់មុន ហើយធ្វើឱ្យអ៊ុយក្រែនកាន់តែពិបាកក្នុងការស្ទាក់ចាប់។
ដ្រូនដែលត្រូវបានកែលម្អទាំងនេះ អាចហោះក្នុងល្បឿនលើសពី ៣០០ម៉ាយ៍ក្នុងមួយម៉ោង និងប្រើម៉ាស៊ីន Turbojet។ ល្បឿននេះត្រូវបានរាយការណ៍ថា លឿនជាងម៉ូដែលចាស់ៗយ៉ាងខ្លាំង និងអាចលើសពីល្បឿនអតិបរមារបស់ប្រព័ន្ធស្ទាក់ចាប់មួយចំនួនដែលអ៊ុយក្រែនកំពុងប្រើប្រាស់។ អ្នកជំនាញស៊ើបការណ៍យោធាអ៊ុយក្រែនក៏បានរកឃើញថា ម៉ាស៊ីនមួយចំនួនដែលប្រើក្នុងដ្រូនទាំងនេះ មានប្រភពពីប្រទេសចិន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានរិះគន់ការកើនឡើងនៃការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ដោយពិពណ៌នាថា វាបានបង្កើតស្ថានភាពដ៏គួរឱ្យភ័យខ្លាចនៅលើមេឃរបស់អ៊ុយក្រែន។ ក្នុងការវាយប្រហារមួយកាលពីថ្ងៃទី១ ខែកញ្ញា លោក Zelenskyy បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១២នាក់បានស្លាប់ និង ២០នាក់ទៀតរងរបួស។ ក្នុងចំណោមអ្នកស្លាប់ មានកម្មករផ្លូវដែក ៦នាក់ បន្ទាប់ពីទីតាំងដេប៉ូមួយនៅក្នុងទីក្រុងកៀវត្រូវបានវាយប្រហារ។

កាលពីដើមឆ្នាំនេះ លោក Zelenskyy បានអះអាងថា អ៊ុយក្រែនអាចស្ទាក់ចាប់ដ្រូនរុស្ស៊ីរយៈចម្ងាយឆ្ងាយបានប្រមាណ ៩៤ភាគរយ។ ប៉ុន្តែការបង្កើនល្បឿន និងការកែលម្អសមត្ថភាពរបស់ដ្រូនជំនាន់ថ្មី កំពុងបង្កបញ្ហាប្រឈមថ្មីសម្រាប់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ នៅថ្ងៃទី១០ ខែសីហា លោកឧត្តមសេនីយ៍ Vadym Skibitskyi អនុប្រធានផ្នែកស៊ើបការណ៍យោធាអ៊ុយក្រែន បាននិយាយថា ប្រទេសរបស់លោកត្រូវការមីស៊ីលស្ទាក់ចាប់ប្រភេទថ្មី ដែលមានសមត្ថភាពអាចប្រកួតប្រជែងនឹងល្បឿនរបស់ដ្រូន Jet-powered ទាំងនេះ។
មន្ត្រីអ៊ុយក្រែនបានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនក្នុងស្រុកចំនួន ៤ ត្រូវបានរាយការណ៍ថា បានចាប់ផ្តើមធ្វើតេស្តមីស៊ីលដែលអាចស្ទាក់ចាប់ដ្រូន Geran ជំនាន់ថ្មី។ រដ្ឋមន្ត្រីការពារជាតិថ្មី លោក Yevhenii Khmara ក៏បានដាក់គោលដៅឱ្យផលិតប្រព័ន្ធស្ទាក់ចាប់ជាច្រើនឯកតាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះ រុស្ស៊ីក៏មានហេតុផលផ្នែកសេដ្ឋកិច្ចក្នុងការបង្កើនការវិនិយោគលើដ្រូន Jet-powered។ លោក John Hardie នៃមូលនិធិការពារប្រជាធិបតេយ្យ បានលើកឡើងថា ការកើនឡើងនៃល្បឿន និងសមត្ថភាពរបស់ដ្រូន បានធ្វើឱ្យព្រំដែនរវាងដ្រូនវាយប្រហារ និងមីស៊ីលគ្រូសដែលមានតម្លៃថ្លៃជាង កាន់តែមិនច្បាស់។
ទោះជាយ៉ាងណា អង្គការ Conflict Armament Research បានបញ្ជាក់ថា ដ្រូនប្រភេទនេះនៅមិនទាន់មានសមត្ថភាពស្មើមីស៊ីលគ្រូសទាំងស្រុងឡើយ។ ដ្រូនមានចម្ងាយវាយប្រហារខ្លីជាង ក្បាលគ្រាប់តូចជាង និងអាចងាយរងការរំខានប្រព័ន្ធជាងមីស៊ីលគ្រូស។ រូបភាពផ្កាយរណបក៏បានបង្ហាញថា រុស្ស៊ីអាចកំពុងរៀបចំមូលដ្ឋានយោធាសំខាន់ៗឡើងវិញ ដើម្បីទទួល និងបាញ់បង្ហោះដ្រូនប្រភេទ Jet-powered។ មូលដ្ឋានថ្មីមួយនៅទីក្រុង Tsymbulova ក្នុងតំបន់ Oryol ត្រូវបានគេមើលឃើញថាមានផ្លូវរត់វែងជាងមុន និងទីតាំងបាញ់បង្ហោះជាច្រើន។
មូលដ្ឋាននេះស្ថិតនៅចម្ងាយប្រមាណ ១៧៥គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ហើយចាប់តាំងពីដំណើរការ តំបន់ Tsymbulova ហាក់ដូចជាបានក្លាយជាមជ្ឈមណ្ឌលសំខាន់មួយសម្រាប់ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី។ តំបន់ Oryol មិនត្រូវបានរាយការណ៍ថាជាទីតាំងបាញ់បង្ហោះដ្រូនសំខាន់ក្នុងរបាយការណ៍កងទ័ពអាកាសអ៊ុយក្រែនមុនខែកញ្ញា ឆ្នាំ២០២៤ទេ ប៉ុន្តែនៅខែសីហា ឆ្នាំ២០២៦ តំបន់នេះត្រូវបានរាយឈ្មោះជាញឹកញាប់ក្នុងការវាយប្រហារ។ BBC Verify ក៏បានរកឃើញថា រុស្ស៊ីកំពុងបង្កើនការវាយប្រហារដ៏ស្មុគស្មាញ ដែលរួមបញ្ចូលទាំងដ្រូន និងមីស៊ីលរាប់រយគ្រឿង ប្រមាណមួយលើកក្នុងមួយសប្តាហ៍។
ការកើនឡើងនេះត្រូវបានជំរុញដោយយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូក្នុងការប្រើប្រាស់អាវុធជាច្រើនប្រភេទរួមគ្នា រួមមានដ្រូន Jet-powered និងមីស៊ីលបាលិស្ទីក ដែលមានតម្លៃថ្លៃ និងពិបាកស្ទាក់ចាប់។ លោក Michael Bohnert អ្នកវិភាគនៅ RAND បាននិយាយថា ទិន្នន័យរបស់អ៊ុយក្រែនបង្ហាញថា បច្ចុប្បន្នរុស្ស៊ីកំពុងប្រើប្រាស់ដ្រូនក្នុងមួយការវាយប្រហារច្រើនជាងប្រមាណ ១៥ដង បើប្រៀបធៀបនឹងរយៈពេល ៤ឆ្នាំមុន។ លោកបានបន្ថែមថា ភាពស្មុគស្មាញនៃការវាយប្រហារ រួមជាមួយកង្វះប្រព័ន្ធការពារដែនអាកាសដែលមានសមត្ថភាពទប់ស្កាត់មីស៊ីលបាលិស្ទីក បានធ្វើឱ្យអ៊ុយក្រែនប្រឈមនឹងការធ្លាក់ចុះនៃសមត្ថភាពស្ទាក់ចាប់។
ទិន្នន័យរបស់កងទ័ពអាកាសអ៊ុយក្រែនបានបង្ហាញពីការធ្លាក់ចុះនៃអត្រាស្ទាក់ចាប់មីស៊ីលបាលិស្ទីក រហូតដល់ចុងខែកក្កដា។ ចាប់ពីខែសីហា ក្រុងកៀវភាគច្រើនបានឈប់ផ្សព្វផ្សាយទិន្នន័យដែលអាចបង្ហាញពីអត្រាស្ទាក់ចាប់របស់ខ្លួន ដោយធ្វើឱ្យការវាយតម្លៃលើប្រសិទ្ធភាពនៃការការពារដែនអាកាសកាន់តែពិបាក។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ BBC