[វ៉ាស៊ីនតោន]៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានព្រមានក្រុមហ៊ុនផលិតយន្តហោះកាណាដា Bombardier ថា ក្រុមហ៊ុនអាចនឹងមិនត្រូវបានអនុញ្ញាតឱ្យលក់យន្តហោះនៅក្នុងទីផ្សារអាមេរិកទៀតឡើយ ប្រសិនបើមិនផ្លាស់ទីការផលិតមកកាន់សហរដ្ឋអាមេរិក។ លោក Trump បានសរសេរនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទថា ប្រសិនបើ Bombardier ចង់ចូលទីផ្សារអាមេរិក ក្រុមហ៊ុនត្រូវតែសាងសង់ផលិតផលរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក និងមិនគួរចាត់ទុកអាមេរិកជាប្រភពថវិកាសម្រាប់ផលប្រយោជន៍របស់ខ្លួនឡើយ។

ការគំរាមកំហែងនេះកើតឡើងនៅពេលភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកាណាដាកំពុងកើនឡើង ហើយប៉ុន្មានម៉ោងមុនពេលកាណាដាគ្រោងដាក់ពន្ធសងសឹកលើទំនិញអាមេរិក ដែលមានតម្លៃប្រមាណ ២០ពាន់លានដុល្លារ។ ក្រុមហ៊ុន Bombardier មិនបានឆ្លើយតបដោយផ្ទាល់ចំពោះការគំរាមកំហែងរបស់លោក Trump ទេ ប៉ុន្តែបានគូសបញ្ជាក់ពីសកម្មភាព និងការវិនិយោគរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។

ក្រុមហ៊ុនបាននិយាយថា ប្រតិបត្តិការរបស់ខ្លួនបានបង្កើតការងាររាប់ម៉ឺនកន្លែងនៅសហរដ្ឋអាមេរិក ហើយបានបញ្ជាក់ថា ខ្លួនឱ្យតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយក្រុមហ៊ុន និងកម្មករអាមេរិក។

Bombardier ដែលមានមូលដ្ឋាននៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា មានរោងចក្រមួយនៅរដ្ឋ Kansas សហរដ្ឋអាមេរិក ដែលផលិតយន្តហោះយោធាសម្រាប់បេសកកម្មពិសេស និងមានបុគ្គលិកអាមេរិកប្រមាណ ៣,៥០០នាក់។

 

ក្រៅពីនេះ ក្រុមហ៊ុនក៏មានប្រតិបត្តិការនៅរដ្ឋ Texas, Arizona, Florida, Connecticut, Illinois, Delaware, California, Washington, D.C. និង New Jersey ផងដែរ។ តាមព័ត៌មានរបស់ក្រុមហ៊ុន ប្រហែលពាក់កណ្តាលនៃយន្តហោះ Bombardier ប្រមាណ ៥,១០០គ្រឿង ដែលកំពុងប្រតិបត្តិការ ត្រូវបានប្រើប្រាស់ដោយអតិថិជនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ Bombardier ក៏បានបញ្ជាក់ថា ផែនការរបស់ខ្លួនគឺបន្តវិនិយោគលើបុគ្គលិក អតិថិជន និងសហគមន៍ដែលក្រុមហ៊ុនកំពុងប្រតិបត្តិការ នៅទូទាំងសហរដ្ឋអាមេរិក។

យោងតាមគេហទំព័ររបស់ Bombardier យន្តហោះរបស់ក្រុមហ៊ុនត្រូវបានផលិតនៅទីតាំងនានាក្នុងប្រទេសកាណាដា សហរដ្ឋអាមេរិក និងម៉ិកស៊ិក។ ផលិតផលរបស់ក្រុមហ៊ុនក៏ត្រូវបានគ្របដណ្តប់ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកខាងជើង ដែលត្រូវបានចុះហត្ថលេខាដោយលោក Trump ក្នុងអាណត្តិដំបូងរបស់លោក និងត្រូវបានគេស្គាល់ថា CUSMA នៅកាណាដា និង USMCA នៅសហរដ្ឋអាមេរិក។ Bombardier គឺជាក្រុមហ៊ុនធំមួយរបស់កាណាដា តាមរបាយការណ៍ដែលត្រូវបានចាត់តាំងដោយក្រុមហ៊ុន Bombardier ក្រុមហ៊ុនបានរួមចំណែកប្រមាណ ៧.៤ពាន់លានដុល្លារកាណាដា ទៅក្នុងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសក្នុងឆ្នាំ២០២៤ និងជានិយោជកដ៏សំខាន់មួយក្នុងវិស័យផលិតកម្មរបស់ខេត្ត Quebec។

នាយករដ្ឋមន្ត្រីខេត្ត Quebec លោកស្រី Christine Fréchette បានហៅ Bombardier ថា ជាប្រភពមោទនភាពរបស់ខេត្ត និងជាផ្នែកសំខាន់នៃសេដ្ឋកិច្ចរបស់ខ្លួន។ លោកស្រីក៏បាននិយាយថា បានទាក់ទងទៅនាយកប្រតិបត្តិ Bombardier លោក Eric Martel និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលខេត្ត។ ជុំវិញការគំរាមកំហែងរបស់លោក Trump លោកស្រី Fréchette បានបញ្ជាក់ថា Quebec មិនចង់ឆ្លើយតបនឹងការបង្កហេតុដោយការបង្កហេតុឡើយ ហើយមិនអនុញ្ញាតឱ្យភាគីណាមួយកំណត់ថា ក្រុមហ៊ុនរបស់ខេត្តត្រូវផលិតនៅទីណា ដើម្បីអាចចូលទៅកាន់ទីផ្សារណាមួយឡើយ។

ភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរ បានកើនឡើងបន្ថែមទៀត បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មបានជាប់គាំងកាលពីចុងខែ។ បន្ទាប់ពីកាណាដាដកខ្លួនចេញពីតុចរចា សហរដ្ឋអាមេរិកបានដាក់ពន្ធថ្មី ៥០% លើទំនិញកាណាដាជាច្រើនប្រភេទ។

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានចោទប្រកាន់រដ្ឋបាលលោក Trump ថាបានដាក់លក្ខខណ្ឌដែលលោកចាត់ទុកថា «មិនយុត្តិធម៌» និងផ្អែកលើហេតុផលសេដ្ឋកិច្ចនៅនាទីចុងក្រោយ។ ខណៈមន្ត្រីអាមេរិកវិញបានចោទប្រកាន់លោក Carney ថាបដិសេធមិនចុះកិច្ចព្រមព្រៀងដោយសារហេតុផលនយោបាយ និងភាពមិនពេញនិយមរបស់លោក Trump នៅក្នុងប្រទេសកាណាដា ដែលជាការចោទប្រកាន់ដែលលោក Carney បានបដិសេធ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ BBC