[ម៉ូស្គូ]៖ យ៉ាងហោចណាស់មនុស្ស ១១នាក់បានស្លាប់ និង ៦នាក់ទៀតរងរបួស បន្ទាប់ពីការធ្លាក់ព្រិលដ៏ធំបានវាយប្រហារលើក្រុមអ្នកឡើងភ្នំ នៅតំបន់ Kabardino-Balkaria ភាគខាងជើងតំបន់ Caucasus របស់ប្រទេសរុស្ស៊ី។ តាមការបញ្ជាក់របស់ទីភ្នាក់ងារសង្គ្រោះបន្ទាន់ក្នុងតំបន់ ហេតុការណ៍នេះបានកើតឡើងនៅលើភ្នំ Mount Mizhirgi ដែលជាភ្នំខ្ពស់មួយក្នុងតំបន់ Caucasus ខាងជើង កាលពីវេលាប្រមាណម៉ោង ៥ល្ងាច ម៉ោងក្នុងតំបន់ កាលពីថ្ងៃអាទិត្យ។

ការធ្លាក់ព្រិលបានវាយប្រហារលើក្រុមអ្នកឡើងភ្នំចំនួន ៣៣នាក់ ដែលកំពុងធ្វើដំណើរនៅតំបន់ភ្នំ បណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់។ គិតត្រឹមម៉ោង ៩ព្រឹក ម៉ោងក្នុងតំបន់ កាលពីថ្ងៃចន្ទ អ្នកឡើងភ្នំចំនួន ១០នាក់ អាចចុះពីលើភ្នំដោយខ្លួនឯងបាន ខណៈជោគវាសនារបស់មនុស្ស ៦នាក់ទៀតនៅមិនទាន់ដឹងច្បាស់នៅឡើយ។

អាជ្ញាធរបានបញ្ជូនក្រុមអ្នកជួយសង្គ្រោះជាង ៥០នាក់ ចូលរួមក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះអ្នកដែលអាចនៅជាប់ក្រោមគំនរព្រិល។ ទោះជាយ៉ាងណា ប្រតិបត្តិការសង្គ្រោះកំពុងប្រឈមនឹងការលំបាក ដោយសារស្ថានភាពដីមានភាពលំបាក និងមានហានិភ័យនៃការធ្លាក់ព្រិលបន្ថែមទៀត ដែលអាចបង្កគ្រោះថ្នាក់ដល់ក្រុមអ្នកជួយសង្គ្រោះ។ អាជ្ញាធររុស្ស៊ីកំពុងបន្តប្រតិបត្តិការស្វែងរក ដើម្បីកំណត់ទីតាំងអ្នកដែលនៅបាត់ខ្លួន និងជួយសង្គ្រោះអ្នកដែលអាចនៅរស់រានមានជីវិតពីហេតុការណ៍នេះ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ CNN