[រុស្ស៊ី]៖ កប៉ាល់ហ្វឹកហាត់ «Perekop» របស់កងនាវាបាល់ទិករុស្ស៊ី បានចាប់ផ្តើមដំណើររុករកចម្ងាយឆ្ងាយពីទីក្រុង Baltiysk ដើម្បីផ្តល់ការបណ្តុះបណ្តាលជាក់ស្តែងនៅសមុទ្រ ដល់និស្សិតនៃស្ថាប័នអប់រំកងទ័ពជើងទឹកជាន់ខ្ពស់ ក្រោមក្រសួងការពារជាតិរុស្ស៊ី។ យោងតាមសេវាសារព័ត៌មានរបស់ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី៦ ខែកក្កដា បានឱ្យដឹងថា ក្រៅពីនិស្សិតរុស្ស៊ី ដំណើរនេះក៏មានការចូលរួមពីបុគ្គលិកយោធាបរទេសមកពីប្រទេសជាមិត្ត ដែលកំពុងសិក្សាជំនាញវិទ្យាសាស្ត្រកងទ័ពជើងទឹកនៅប្រទេសរុស្ស៊ីផងដែរ។
ក្នុងអំឡុងដំណើរនេះ និស្សិតនឹងទទួលការបណ្តុះបណ្តាលជាក់ស្តែងលើជំនាញនាវាចរណ៍ និងការគ្រប់គ្រងកប៉ាល់ ក្នុងស្ថានភាពសមុទ្រផ្សេងៗ រួមទាំងស្ថានភាពដែលមានភាពស្មុគស្មាញ។ ពួកគេក៏នឹងអនុវត្តតួនាទីជាមន្ត្រីឃ្លាំមើល និងអ្នកធ្វើនាវាចរណ៍ ដើម្បីពង្រឹងបទពិសោធន៍ និងជំនាញវិជ្ជាជីវៈ។

បន្ថែមពីនេះ និស្សិតនឹងចូលរួមវគ្គបណ្តុះបណ្តាលតាមរយៈឧបករណ៍ក្លែងធ្វើទំនើបៗ ដែលត្រូវបានដំឡើងនៅលើកប៉ាល់។ នៅចុងបញ្ចប់នៃកម្មវិធីបណ្តុះបណ្តាល មន្ត្រីកងទ័ពជើងទឹកនាពេលអនាគតនឹងត្រូវប្រឡងលើជំនាញឯកទេស និងមុខវិជ្ជាពាក់ព័ន្ធនឹងការបំពេញភារកិច្ចនៅសមុទ្រ។
តាមផែនការ ដំណើររុករករបស់កប៉ាល់ «Perekop» នឹងបន្តរហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៦។ ក្នុងអំឡុងពេលនោះ កប៉ាល់ត្រូវបានរំពឹងថានឹងធ្វើដំណើរចម្ងាយប្រមាណ ៣០,០០០ ម៉ាយល៍សមុទ្រ ដោយឆ្លងកាត់ផ្លូវសមុទ្រខាងជើង មហាសមុទ្រចំនួន៤ សមុទ្រចំនួន១៤ ច្រកសមុទ្រចំនួន២៣ និងឈូងសមុទ្រចំនួន៩។ កប៉ាល់នេះត្រូវបានគ្រោងឱ្យចូលទស្សនាកំពង់ផែចំនួន២០ ក្នុងនោះ ១២ កំពង់ផែស្ថិតនៅក្រៅប្រទេសរុស្ស៊ី។ កំពង់ផែរុស្ស៊ីដែលស្ថិតក្នុងផែនការរួមមាន Severomorsk, Arkhangelsk, Nikolskoye, Petropavlovsk-Kamchatsky និង Vladivostok។
សម្រាប់កំពង់ផែបរទេស វារួមមានឈូងសមុទ្រ Cam Ranh ប្រទេសវៀតណាម ក្រុងព្រះសីហនុ ប្រទេសកម្ពុជា Maputo ប្រទេសម៉ូសំប៊ិក Pointe-Noire នៃសាធារណរដ្ឋកុងហ្គោ Lomé ប្រទេសតូហ្គោ និង Conakry ប្រទេសហ្គីណេ ព្រមទាំងទីតាំងផ្សេងទៀត។ ជាក់ស្តែង នាវាហ្វឹកហ្វឺន «Perekop» គ្រោងនឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជា នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ ព្រឹក។ នេះបើយោងតាមព័ត៌មានផ្លូវការពីស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា។

ការចូលចតនៅកម្ពុជាលើកនេះ នឹងជាការចូលចតជាលើកទី២ របស់នាវាហ្វឹកហ្វឺន «Perekop» នៅកម្ពុជា។ នាវានេះធ្លាប់បានធ្វើទស្សនកិច្ចផ្លូវការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្តងរួចមកហើយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
កប៉ាល់ «Perekop» គឺជាកប៉ាល់ហ្វឹកហាត់គម្រោងលេខ 887 ដែលបានបម្រើការនៅក្នុងកងនាវាបាល់ទិករុស្ស៊ីតាំងពីឆ្នាំ១៩៧៧។ កប៉ាល់នេះមានប្រវែង ១៣៨ម៉ែត្រ និងមានទម្ងន់សរុបប្រមាណ ៧,២០០តោន។ សម្រាប់បេសកកម្មបណ្តុះបណ្តាល «Perekop» អាចផ្ទុកគ្រូបង្វឹកប្រមាណ ៣០នាក់ និងសិស្សទាហានប្រមាណ ៣០០នាក់។ កប៉ាល់នេះត្រូវបានបំពាក់ដោយថ្នាក់រៀន និងឧបករណ៍ក្លែងធ្វើនាវាចរណ៍ឯកទេស ដែលអាចឱ្យនិស្សិតអនុវត្តការសិក្សាតាមកម្មវិធីបណ្តុះបណ្តាល ខណៈកំពុងធ្វើដំណើរតាមសមុទ្រនានា។
ដំណើររបស់ «Perekop» នឹងក្លាយជាបេសកកម្មហ្វឹកហាត់ដ៏វែងមួយ ដែលមិនត្រឹមតែផ្តល់បទពិសោធន៍ជាក់ស្តែងដល់និស្សិតកងទ័ពជើងទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំកប៉ាល់នេះទៅកាន់កំពង់ផែអន្តរជាតិជាច្រើន រួមទាំងក្រុងព្រះសីហនុរបស់កម្ពុជាផងដែរ
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖