[អូស្លូ]៖ ក្រុមហ៊ុនអវកាសអាល្លឺម៉ង់ Isar Aerospace កាលពីថ្ងៃអាទិត្យ បានប្រកាសថា ខ្លួននឹងពន្លឿនការពង្រីកសមត្ថភាពបាញ់បង្ហោះផ្កាយរណប បន្ទាប់ពីរ៉ុក្កែត Spectrum របស់ខ្លួនបានឈានដល់គន្លងអវកាសជាលើកដំបូង ពីកំពង់ផែអវកាស Andøya នៅតំបន់អាក់ទិករបស់ប្រទេសន័រវែស។ ការបាញ់បង្ហោះនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អឺរ៉ុប ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពចូលទៅកាន់ទីអវកាសដោយឯករាជ្យ និងកាត់បន្ថយការពឹងផ្អែកលើសមត្ថភាពបាញ់បង្ហោះពីក្រៅតំបន់។
រ៉ុក្កែត Spectrum បានក្លាយជារ៉ុក្កែតពាណិជ្ជកម្មដំបូងដែលបាញ់ចេញពីទ្វីបអឺរ៉ុប និងអាចឈានដល់គន្លងអវកាស ដែលជារបកគំហើញសម្រាប់តំបន់មួយដែលកំពុងព្យាយាមចាប់យកចំណែកទីផ្សារបាញ់បង្ហោះផ្កាយរណប ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ លោក Daniel Metzler សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Isar Aerospace បានប្រាប់អ្នកសារព័ត៌មានថា សមត្ថភាពបាញ់បង្ហោះរបស់ក្រុមហ៊ុន ពេលនេះកំពុងក្លាយជាចំណុចសំខាន់មួយសម្រាប់ឧស្សាហកម្មទាំងមូល។ លោកបានបញ្ជាក់ថា Isar ដែលជាក្រុមហ៊ុនឯកជន នៅតែមានមូលនិធិគ្រប់គ្រាន់ ហើយការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង ឬ IPO មិនមែនជាផែនការដែលកំពុងស្ថិតលើតុរបស់ក្រុមហ៊ុននៅពេលនេះទេ។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានសាទរចំពោះការបាញ់បង្ហោះនេះកាលពីថ្ងៃសៅរ៍ ដោយហៅវាថា «ការចាប់ផ្តើមនៃយុគសម័យថ្មី»។ លោក Merz ធ្លាប់បានធ្វើទស្សនកិច្ចនៅទីតាំងបាញ់បង្ហោះរបស់ Isar កាលពីខែមីនា និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងស្វ័យភាពរបស់អឺរ៉ុប ខណៈសណ្តាប់ធ្នាប់ពិភពលោកកំពុងមានការផ្លាស់ប្តូរ។
យោងតាមក្រុមហ៊ុន Isar ការបាញ់បង្ហោះពីកំពង់ផែអវកាស Andøya បានដឹកផ្កាយរណបខ្នាតតូចចំនួន៥គ្រឿង រួមជាមួយការពិសោធន៍បច្ចេកវិទ្យាហោះហើរ។ រ៉ុក្កែត Spectrum ត្រូវបានរចនាឡើងដើម្បីបម្រើដល់ទីផ្សារដែលកំពុងកើនឡើង សម្រាប់ការបាញ់បង្ហោះបន្ទុកអវកាសខ្នាតតូច និងមធ្យម។ ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកការពារជាតិ និងអវកាស លោក Andrius Kubilius បានសរសេរនៅលើបណ្តាញសង្គម X ថា សមត្ថភាពរបស់អឺរ៉ុបក្នុងការចូលទៅកាន់ទីអវកាសដោយឯករាជ្យ ទើបទទួលបានការជំរុញដ៏សំខាន់មួយ។
នេះគឺជាការបាញ់បង្ហោះលើកទី២របស់ Isar ក្នុងរយៈពេល១៨ខែ។ ការបាញ់បង្ហោះលើកដំបូងរបស់ក្រុមហ៊ុនបានបរាជ័យ ដោយរ៉ុក្កែតបានធ្លាក់ចូលសមុទ្រ និងផ្ទុះភ្លាមៗបន្ទាប់ពីហោះចេញពីទីតាំងដដែល។ ហេតុការណ៍នោះមិនបានបណ្តាលឱ្យមានអ្នករងរបួសឡើយ។ Isar បានឱ្យដឹងថា ខ្លួនមានរ៉ុក្កែតចំនួន៥គ្រឿងកំពុងស្ថិតក្នុងដំណាក់កាលផលិត ហើយកំពុងផ្តោតលើការបង្កើនសមត្ថភាពប្រតិបត្តិការ ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើង។ ក្រុមហ៊ុនមានគោលដៅរយៈពេលវែង ក្នុងការបាញ់បង្ហោះរ៉ុក្កែតប្រហែល៤០ដងក្នុងមួយឆ្នាំ។

ក្រៅពីទីតាំងនៅប្រទេសន័រវែស ក្រុមហ៊ុនអាល្លឺម៉ង់ក៏កំពុងអភិវឌ្ឍទីតាំងបាញ់បង្ហោះទី២ នៅខេត្ត Nova Scotia ភាគខាងកើតប្រទេសកាណាដា។ ក្រុមហ៊ុនបាននិយាយថា ទីតាំងថ្មីនេះអាចត្រៀមរួចរាល់សម្រាប់ការហោះហើរនៅឆ្នាំ២០២៨។ Isar បានពិពណ៌នាការបាញ់បង្ហោះកាលពីថ្ងៃសៅរ៍ថា ជាបេសកកម្មសម្រាប់សាកល្បង និងបញ្ជាក់សមត្ថភាពរបស់រ៉ុក្កែត ព្រមទាំងជាការហោះហើរលើកដំបូងរបស់ខ្លួនដែលផ្ទុកបន្ទុកអវកាស។ រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មន័រវែស លោក Cecilie Myrseth បាននិយាយថា សមត្ថភាពក្នុងការបាញ់បង្ហោះផ្កាយរណបពី Andøya នឹងជួយពង្រឹងសន្តិសុខរបស់ន័រវែស និងអឺរ៉ុប នៅក្នុងបរិបទពិភពលោកដែលកំពុងមានភាពមិនប្រាកដប្រជា។
ទីផ្សារបាញ់បង្ហោះផ្កាយរណបពិភពលោកមានក្រុមហ៊ុនធំៗដូចជា SpaceX របស់លោក Elon Musk ដែលប្រតិបត្តិការពីសហរដ្ឋអាមេរិក និង ArianeGroup របស់បារាំង ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង Airbus និង Safran ហើយប្រើប្រាស់កំពង់ផែអវកាសនៅ French Guiana ក្នុងអាមេរិកខាងត្បូង។ប្រទេសស៊ុយអែត ដែលមានទីតាំងបាញ់បង្ហោះ Esrange និងចក្រភពអង់គ្លេស ដែលមានកំពង់ផែអវកាស SaxaVord នៅកោះ Shetland របស់ស្កុតឡែន ក៏កំពុងប្រកួតប្រជែងដើម្បីផ្តល់សមត្ថភាពបាញ់បង្ហោះពីទ្វីបអឺរ៉ុបផងដែរ។ គោលដៅរបស់ប្រទេស និងក្រុមហ៊ុនទាំងនេះ គឺដើម្បីជួយឱ្យអឺរ៉ុបមានស្វ័យភាពកាន់តែខ្លាំងក្នុងការហោះហើរអវកាស និងកាត់បន្ថយការពឹងផ្អែកលើសមត្ថភាពបាញ់បង្ហោះពីក្រៅតំបន់។
កាលពីសប្តាហ៍មុន Isar បានប្រកាសថា ខ្លួនទទួលបានមូលនិធិប្រមាណ២០០លានអឺរ៉ូ ឬប្រហែល២៣២លានដុល្លារ ពីទីភ្នាក់ងារអវកាសអឺរ៉ុប ដើម្បីជួយដល់ការអភិវឌ្ឍរ៉ុក្កែតជំនាន់ថ្មី និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការធ្វើតេស្ត និងបាញ់បង្ហោះ។ ការឈានដល់គន្លងអវកាសរបស់ Spectrum ដូច្នេះ ត្រូវបានមើលឃើញថាជាជំហានដ៏សំខាន់មួយសម្រាប់អាល្លឺម៉ង់ និងអឺរ៉ុប ក្នុងការពង្រឹងសមត្ថភាពបាញ់បង្ហោះផ្កាយរណបដោយខ្លួនឯង និងបង្កើនការប្រកួតប្រជែងក្នុងវិស័យអវកាសពិភពលោក។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters