កៀវ៖ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff និងលោក Jared Kushner ដែលជាកូនប្រសាររបស់ប្រធានាធិបតី Donald Trump បានជួបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ ដើម្បីពិភាក្សាអំពីផែនការសំខាន់សម្រាប់ជំហានបន្ទាប់ ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃសៅរ៍ មុនពេលបេសកជនអាមេរិកទាំងពីរធ្វើដំណើរបន្តទៅកាន់ទីក្រុងកៀវនៅថ្ងៃអាទិត្យ ដើម្បីជួបជាមួយមន្ត្រីអ៊ុយក្រែន និងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយសន្តិភាព។ មន្ត្រីសេតវិមានម្នាក់បាននិយាយថា លោក Witkoff និងលោក Kushner បានពិភាក្សាជាមួយលោក Putin អំពីរបៀបវារៈរបស់លោក Trump ស្តីពីការស្វែងរកសន្តិភាពក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

មន្ត្រីរូបនេះបានបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាអំពី «ផែនការសំខាន់» សម្រាប់ជំហានបន្ទាប់ ដែលគ្រោងនឹងប្រកាសក្នុងប៉ុន្មានសប្តាហ៍ខាងមុខ និងបានរំពឹងថា កិច្ចប្រជុំនៅអ៊ុយក្រែននឹងមានលទ្ធផលប្រកបដោយផលិតភាពដូចគ្នា។ ជំនួយការរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បានពិពណ៌នាកិច្ចពិភាក្សាថា មានភាពស្មោះត្រង់ និងបើកចំហ។ លោកបាននិយាយថា ភាគីអាមេរិកបានបង្ហាញគំនិតមួយចំនួនអំពីផ្លូវដែលអាចឈានទៅរកការដោះស្រាយជម្លោះ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតនៃសំណើទាំងនោះឡើយ។

លោក Ushakov ក៏បានបញ្ជាក់ថា ភាគីរុស្ស៊ីបានប្រាប់បេសកជនអាមេរិកថា ទីក្រុងមូស្គូមានទំនុកចិត្តថា ខ្លួនអាចសម្រេចបានគោលដៅយោធារបស់ខ្លួន ក្នុងការគ្រប់គ្រងទឹកដីភាគខាងកើតអ៊ុយក្រែន។ បន្ទាប់ពីជួបលោក Putin លោក Witkoff និងលោក Kushner បានធ្វើដំណើរទៅដល់ទីក្រុង Rzeszow ប្រទេសប៉ូឡូញ កាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងកៀវ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា លោករំពឹងថានឹងជួបបេសកជនអាមេរិកទាំងពីរនៅថ្ងៃអាទិត្យ។ នេះជាដំណើរទស្សនកិច្ចលើកទី៨របស់លោក Witkoff និងលោក Kushner ទៅកាន់ទីក្រុងមូស្គូ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង ប៉ុន្តែជាលើកដំបូងដែលពួកគេធ្វើដំណើរទៅកាន់រដ្ឋធានីអ៊ុយក្រែន។ ដោយសារដែនអាកាសអ៊ុយក្រែនត្រូវបានបិទចាប់តាំងពីរុស្ស៊ីចាប់ផ្តើមការឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ២០២២ មេដឹកនាំ និងមន្ត្រីបរទេសដែលធ្វើដំណើរទៅកៀវ តែងតែប្រើប្រាស់ផ្លូវរថភ្លើង។

មុនកិច្ចប្រជុំ លោក Putin បាននិយាយថា រុស្ស៊ីនឹងធានាសុវត្ថិភាពដល់បេសកជនអាមេរិកក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់កៀវ។ លោកបានបញ្ជាក់ថា រុស្ស៊ីនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីធានាសុវត្ថិភាពដល់ដំណើរការចរចា និងអ្នកសម្រុះសម្រួល។ លោក Putin ក៏បានថ្លែងអំណរគុណដល់លោក Trump ដែលបន្តខិតខំប្រឹងប្រែងស្វែងរកការបញ្ចប់សង្គ្រាម ដោយទទួលស្គាល់ថា ដំណើរការនេះមិនមែនជារឿងងាយស្រួលឡើយ។

លោក Trump បាននិយាយកាលពីថ្ងៃសុក្រថា បេសកជនរបស់លោកកំពុងនាំយក «សំណើ» មួយចំនួន ដើម្បីព្យាយាមបញ្ចប់ការប្រយុទ្ធគ្នា។ លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកមាន «គំនិតសម្រាប់សន្តិភាព» ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតឡើយ។ ទាំងរុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងផ្អាកការវាយប្រហារលើរដ្ឋធានីរបស់គ្នាទៅវិញទៅមករយៈពេល៣ថ្ងៃ ដើម្បីបង្កើតបរិយាកាសសម្រាប់ការចរចា។ 

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក Putin ក្នុងនាមជាអគ្គមេបញ្ជាការ បានបញ្ជាឱ្យបញ្ឈប់ការវាយប្រហារលើទីក្រុងកៀវរយៈពេល៣ថ្ងៃ ចាប់ពីពាក់កណ្តាលអធ្រាត្រ។ លោក Zelensky ក៏បាននិយាយថា អ៊ុយក្រែននឹងមិនវាយប្រហារទីក្រុងមូស្គូ ក្នុងអំឡុងពេលដូចគ្នានេះដែរ។ លោកបានបញ្ជាក់ថា អ៊ុយក្រែនបានត្រៀមខ្លួនជៀសវាងការវាយប្រហារលើទីក្រុងមូស្គូ រហូតដល់ចុងថ្ងៃចន្ទ។

លោក Putin បាននិយាយថា លោកបានកត់សម្គាល់ឃើញការថយចុះយ៉ាងខ្លាំងនៃការវាយប្រហាររបស់អ៊ុយក្រែនលើប្រទេសរុស្ស៊ី និងទីក្រុងមូស្គូ។ ទោះជាយ៉ាងណា ទីក្រុងកៀវបានរាយការណ៍ថា ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្ស១០នាក់នៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ រួមមានកុមារម្នាក់ និងសមាជិកគ្រួសាររបស់គាត់នៅតំបន់ Kharkiv ព្រមទាំងមនុស្សពីរនាក់នៅតំបន់ជាយក្រុងកៀវ។

លោក Zelensky បានចោទប្រកាន់ទីក្រុងមូស្គូថា ព្យាយាមរំខានដល់ដំណើរទស្សនកិច្ចរបស់បេសកជនអាមេរិក តាមរយៈការវាយប្រហារពេញមួយយប់ទៅលើអាកាសយានដ្ឋានចំនួនពីររបស់ទីក្រុងកៀវ និងគោលដៅស៊ីវិលមួយចំនួន។

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានអូសបន្លាយចាប់តាំងពីឆ្នាំ២០២២ បណ្តាលឱ្យមនុស្សរាប់សែននាក់ស្លាប់ និងរាប់លាននាក់ត្រូវភៀសខ្លួន។ ទោះបីកិច្ចខិតខំប្រឹងប្រែងការទូតរបស់សហរដ្ឋអាមេរិកបានបង្កើតការទាក់ទងរវាងភាគីទាំងពីរក៏ដោយ ក៏មិនទាន់មានកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយនៅឡើយទេ។ ការចរចាថ្មីរវាងទីក្រុងវ៉ាស៊ីនតោន មូស្គូ និងកៀវ ដូច្នេះ កំពុងត្រូវបានតាមដានយ៉ាងជិតស្និទ្ធ ខណៈភាគីពាក់ព័ន្ធព្យាយាមស្វែងរកផ្លូវឆ្ពោះទៅរកការបញ្ចប់សង្គ្រាមដ៏យូរអង្វែងនេះ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ The New Region