វ៉ាស៊ីនតោន៖ ពាក្យ «Low-key» ដែលប្រធានាធិបតីអាមេរិក លោក Donald Trump ប្រើដើម្បីពិពណ៌នាអំពីការចរចារបស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ បានក្លាយជាពាក្យដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈភាពតានតឹងរវាងប្រទេសទាំងពីរនៅតែបន្ត ហើយបញ្ហាការបើកច្រកសមុទ្រ Hormuz ឡើងវិញកំពុងក្លាយជាចំណុចសំខាន់ក្នុងការចរចា។

បន្ទាប់ពីអ៊ីរ៉ង់បានបង្កើនការទាមទាររបស់ខ្លួនកាលពីចុងសប្តាហ៍មុន ដើម្បីឱ្យមានការបើកច្រកសមុទ្រ Hormuz ឡើងវិញ លោក Trump មិនបានបញ្ចេញការគំរាមកំហែងភ្លាមៗអំពីការវាយប្រហារថ្មីលើអ៊ីរ៉ង់នោះទេ។ ផ្ទុយទៅវិញ លោកបានបង្ហាញថា សហរដ្ឋអាមេរិកអាចកំពុងប្រើប្រាស់សម្ពាធសេដ្ឋកិច្ច ដើម្បីធ្វើឱ្យអ៊ីរ៉ង់ប្រឈមនឹងបញ្ហាកាន់តែធ្ងន់ធ្ងរ។ ក្នុងបទសម្ភាសន៍ជាមួយ Axios លោក Trump បាននិយាយថា សហរដ្ឋអាមេរិកកំពុង «ចរចាពាក់កណ្តាល» ជាមួយអ៊ីរ៉ង់ ហើយបានបន្ថែមថា សហរដ្ឋអាមេរិកកំពុងមើលស្ថានភាពអ៊ីរ៉ង់ដែលកំពុងប្រឈមនឹងអតិផរណាខ្ពស់ និងបញ្ហាខ្វះខាតធនធានហិរញ្ញវត្ថុ។

ការប្រើប្រាស់ពាក្យបែបនេះ គឺខុសពីវោហាសាស្ត្រដែលលោក Trump ធ្លាប់ប្រើនៅពេលនិយាយអំពីអ៊ីរ៉ង់។ ជាទូទៅ លោកតែងតែបញ្ចេញសារយ៉ាងខ្លាំងក្លា ដោយព្រមានថាកិច្ចព្រមព្រៀងអាចនឹងកើតមានក្នុងពេលឆាប់ៗ ប៉ុន្តែក៏ព្រមានអ៊ីរ៉ង់អំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើប្រទេសនេះមិនព្រមធ្វើតាមការទាមទាររបស់សហរដ្ឋអាមេរិក។

ពាក្យ «low-key» ជាទូទៅមានន័យថា ធ្វើអ្វីមួយដោយស្ងាត់ៗ មិនបង្ហាញច្រើន មិនធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ឬរក្សាទម្រង់ទាប។ ប៉ុន្តែក្នុងបរិបទនយោបាយ និងការចរចាអន្តរជាតិ ការប្រើពាក្យនេះរបស់លោក Trump អាចមានន័យទូលំទូលាយជាងការបកប្រែតាមពាក្យ។ អ្នកជំនាញភាសាវិទ្យា និងអ្នកវិភាគមួយចំនួនយល់ថា លោក Trump អាចកំពុងចង់បញ្ជាក់ថា សហរដ្ឋអាមេរិកមិនកំពុងបង្ហាញសកម្មភាពការទូតរបស់ខ្លួនយ៉ាងខ្លាំងក្លា ឬបង្ហាញព័ត៌មានលម្អិតអំពីការចរចាជាសាធារណៈទេ។ និយាយម្យ៉ាងទៀត វាអាចជាការចរចាដែលធ្វើឡើងដោយស្ងាត់ៗ ខណៈរដ្ឋបាលអាមេរិករក្សាជម្រើសរបស់ខ្លួនទុក។

ការប្រើប្រាស់ «low-key» ក៏អាចបញ្ជាក់ថា លោក Trump មិនចង់បង្ហាញជាសាធារណៈថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភខ្លាំងចំពោះការទាមទាររបស់អ៊ីរ៉ង់នោះទេ។ ផ្ទុយទៅវិញ លោកអាចចង់បង្ហាញថា សហរដ្ឋអាមេរិកនៅតែមានឥទ្ធិពល និងអាចប្រើសម្ពាធសេដ្ឋកិច្ច ដើម្បីបង្ខំឱ្យអ៊ីរ៉ង់ពិចារណាឡើងវិញចំពោះជំហររបស់ខ្លួន។ នេះក៏មិនមែនជាលើកដំបូងដែលលោក Trump ប្រើពាក្យ «low-key» ក្នុងបរិបទទាក់ទងនឹងអ៊ីរ៉ង់នោះដែរ។ កាលពីដើមខែមេសា នៅពេលការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់កំពុងបង្កការព្រួយបារម្ភថា អាចប៉ះពាល់ដល់ការចរចារវាងអាមេរិក និងអ៊ីរ៉ង់ លោក Trump បានប្រើពាក្យនេះដើម្បីពិពណ៌នាអំពីការសន្ទនារបស់លោកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu។

លោកបាននិយាយនៅពេលនោះថា លោកបានពិភាក្សាជាមួយលោក Netanyahu ហើយចង់ឱ្យស្ថានការណ៍មានលក្ខណៈ «low-key» បន្តិច ដោយសារលោកយល់ថា ភាគីពាក់ព័ន្ធគួរតែបន្ថយកម្រិតនៃការបង្ហាញសកម្មភាពជាសាធារណៈ។ តាមប្រវត្តិសាស្ត្រភាសា «low-key» មិនមែនជាពាក្យថ្មីទេ។ ការប្រើប្រាស់ដំបូងៗរបស់ពាក្យនេះ ត្រូវបានកត់ត្រាតាំងពីចុងសតវត្សទី១៨ ដើម្បីពិពណ៌នាអំពីសំឡេង ឬតន្ត្រីដែលស្ថិតក្នុងកម្រិតសំឡេងទាប។ នៅដើមសតវត្សទី១៩ ពាក្យនេះក៏ត្រូវបានប្រើក្នុងវិស័យសិល្បៈ និងការថតរូប ដើម្បីពិពណ៌នាអំពីរូបភាពដែលមានពណ៌ងងឹត ឬមានពន្លឺតិច។ ក្រោយមក អត្ថន័យរបស់វាបានវិវត្តទៅជាការពិពណ៌នាអំពីអ្វីដែលមានភាពស្ងប់ស្ងាត់ មិនសូវបង្ហាញខ្លួន ឬមិនមានភាពលេចធ្លោខ្លាំង។ នៅពាក់កណ្តាលសតវត្សទី២០ «low-key» បានចាប់ផ្តើមមានន័យក្នុងន័យសង្គមកាន់តែទូលំទូលាយ ដោយសំដៅលើភាពសាមញ្ញ ភាពអត់ធ្មត់ ឬការមិនធ្វើអ្វីមួយឱ្យមានភាពលេចធ្លោ។ ក្រោយមក ពាក្យនេះបានវិវត្តយ៉ាងខ្លាំងនៅក្នុងភាសាអង់គ្លេសសហសម័យ ជាពិសេសនៅក្នុងវប្បធម៌យុវជន និងបណ្តាញសង្គម។

អ្នកភាសាវិទូ Adam Aleksic ដែលត្រូវបានគេស្គាល់តាមអ៊ីនធឺណិតថា «Etymology Nerd» បានពន្យល់ថា «low-key» សព្វថ្ងៃអាចប្រើក្នុងន័យថា មនុស្សម្នាក់មានអារម្មណ៍ ឬចូលចិត្តអ្វីមួយ ប៉ុន្តែមិនចង់បង្ហាញវាខ្លាំងពេក។

ឧទាហរណ៍ ការនិយាយថា «ខ្ញុំ low-key ចូលចិត្ត Drake» អាចមានន័យថា អ្នកនិយាយពិតជាចូលចិត្តតន្ត្រីរបស់តារាចម្រៀងរូបនេះ ប៉ុន្តែមិនចង់ប្រកាសវាខ្លាំងជាសាធារណៈ។ ផ្ទុយទៅវិញ «high-key» មានន័យថា បង្ហាញចេញយ៉ាងច្បាស់ និងដោយបើកចំហ។ ដោយយកន័យនេះមកអនុវត្តចំពោះសុន្ទរកថារបស់លោក Trump អ្នកវិភាគយល់ថា ការនិយាយថា អាមេរិកកំពុង «low-keying» ការចរចាជាមួយអ៊ីរ៉ង់ អាចជាវិធីមួយក្នុងការបញ្ជូនសារពីរទិស។ សារមួយសម្រាប់សាធារណជន គឺថា សហរដ្ឋអាមេរិកមិនកំពុងប្រញាប់ប្រញាល់ ឬព្រួយបារម្ភខ្លាំងចំពោះការទាមទាររបស់អ៊ីរ៉ង់ឡើយ។ ប៉ុន្តែសារមួយទៀតសម្រាប់អ៊ីរ៉ង់ អាចជាការបង្ហាញថា វ៉ាស៊ីនតោននៅតែមានវិធានការផ្សេងទៀតដែលអាចប្រើបាន ប្រសិនបើការចរចាមិនទទួលបានលទ្ធផល។

លោក Aleksic បានយល់ថា ការប្រើពាក្យ «low-key» អាចជាវិធីមួយរបស់លោក Trump ក្នុងការបញ្ជៀសការបង្ហាញថា លោកកំពុងព្រួយបារម្ភខ្លាំងចំពោះស្ថានការណ៍ ខណៈពេលជាមួយគ្នា ក៏រក្សាសម្ពាធផ្នែកការទូត និងភូមិសាស្ត្រនយោបាយលើអ៊ីរ៉ង់។ លោក Jamaal Muwwakkil ជំនួយការសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Washington ដែលបង្រៀនផ្នែកមនុស្សសាស្ត្រ និងភាសាវិទ្យា បានកត់សម្គាល់ថា ការប្រើប្រាស់ពាក្យ «low-key» ក៏អាចបង្ហាញពីភាពស្ងប់ស្ងាត់ និងការរក្សាកម្រិតទាបផងដែរ។ លោកបានលើកឡើងថា លោក Trump មានរបៀបប្រើប្រាស់ភាសាដែលអាចធ្វើឱ្យសាររបស់លោកមានភាពមិនច្បាស់លាស់ ប៉ុន្តែនៅតែរក្សាសំឡេងដែលមើលទៅមានភាពសាមញ្ញ និងមិនផ្លូវការពេក។ ក្នុងន័យនេះ ការប្រើពាក្យ «low-key» អាចអនុញ្ញាតឱ្យលោក Trump មិនចាំបាច់ផ្តល់ចម្លើយលម្អិតអំពីថា ការចរចារវាងអាមេរិក និងអ៊ីរ៉ង់កំពុងឈានទៅដល់កម្រិតណា ឬថាតើមានកិច្ចព្រមព្រៀងជាក់លាក់ណាមួយកំពុងត្រូវបានពិភាក្សា។ 

ការប្រើប្រាស់ពាក្យ «low-key» របស់លោក Trump កើតឡើងនៅពេលការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើន ជាពិសេសជុំវិញការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបង្កើនលក្ខខណ្ឌ និងការទាមទាររបស់ខ្លួនជុំវិញការបើកច្រកសមុទ្រដ៏សំខាន់នេះឡើងវិញ ដែលធ្វើឱ្យការចរចាមានភាពលំបាកជាងមុន។ 

ច្រកសមុទ្រ Hormuz មានសារៈសំខាន់ខ្លាំងចំពោះពាណិជ្ជកម្មថាមពលពិភពលោក ហើយការរាំងស្ទះចរាចរណ៍តាមផ្លូវទឹកនេះអាចបង្កផលប៉ះពាល់ដល់ទីផ្សារប្រេង និងសេដ្ឋកិច្ចអន្តរជាតិ។ ក្នុងពេលជាមួយគ្នា លោក Trump បានអះអាងថា សហរដ្ឋអាមេរិកនៅតែរក្សាឥទ្ធិពលលើស្ថានការណ៍ ប៉ុន្តែសង្គ្រាមដែលលោកធ្លាប់និយាយថាអាចបញ្ចប់ក្នុងរយៈពេលប្រហែល៤ ទៅ៥សប្តាហ៍ បានអូសបន្លាយចូលជាច្រើនខែ ដោយមិនទាន់មានសញ្ញាច្បាស់លាស់ថានឹងបញ្ចប់នៅពេលណា។

ដូច្នេះ ការដែលលោក Trump និយាយថា សហរដ្ឋអាមេរិកកំពុង «low-key» ចរចាជាមួយអ៊ីរ៉ង់ អាចមិនមែនមានន័យថា ការចរចាកំពុងដំណើរការដោយរលូន ឬកំពុងឈានទៅរកកិច្ចព្រមព្រៀងនោះទេ។ វាអាចជាវិធីមួយរបស់លោកក្នុងការរក្សាភាពមិនច្បាស់លាស់ កាត់បន្ថយការបង្ហាញព័ត៌មានជាសាធារណៈ និងទុកសម្ពាធលើអ៊ីរ៉ង់ ខណៈដែលសហរដ្ឋអាមេរិកនៅតែស្វែងរកផ្លូវឆ្ពោះទៅរកដំណោះស្រាយ។

នៅទីបំផុត ពាក្យ «low-key» របស់លោក Trump អាចត្រូវបានយល់ថា អាមេរិកកំពុងនិយាយជាមួយអ៊ីរ៉ង់ ប៉ុន្តែមិនចង់បង្ហាញថាកំពុងខិតខំចរចាខ្លាំងប៉ុណ្ណា ឬកំពុងរៀបចំជំហានអ្វីខ្លះនៅពីក្រោយឆាក។ ហើយភាពមិនច្បាស់លាស់នេះ ក៏អាចជាផ្នែកមួយនៃយុទ្ធសាស្ត្រចរចារបស់លោក ដើម្បីរក្សាជម្រើស និងអំណាចចរចារបស់សហរដ្ឋអាមេរិកនៅក្នុងដៃ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ CNN