[ប៊ែរឡាំង]៖ អ្នកបើកបររថយន្តក្រុងម្នាក់ ត្រូវបានសមាជិកសភាអាល្លឺម៉ង់កោតសរសើរចំពោះសកម្មភាពដ៏ក្លាហាន បន្ទាប់ពីរូបគេបានចូលអន្តរាគមន៍បញ្ឈប់យន្តហោះដ្រូនមួយគ្រឿង ដែលត្រូវបានរកឃើញថាផ្ទុកគ្រឿងផ្ទុះ នៅក្នុងតំបន់អាកាសយានដ្ឋាន Leipzig/Halle ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញដ៏សំខាន់ និងមានតួនាទីពាក់ព័ន្ធនឹងប្រតិបត្តិការរបស់អង្គការណាតូ។

ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃអង្គារ ខណៈអ្នកបើកបររថយន្តក្រុងរូបនោះកំពុងបំពេញការងារនៅអាកាសយានដ្ឋាន។ តាមការបញ្ជាក់របស់លោក Detlef Seif សមាជិកសភាមកពីគណបក្សអភិរក្សនិយម CDU និងជាសមាជិកគណៈកម្មាធិការមហាផ្ទៃនៃសភា អ្នកបើកបរបានប្រទះឃើញដ្រូនមួយគ្រឿងហោះនៅកម្ពស់ទាប ហើយបានចូលអន្តរាគមន៍រហូតធ្វើឱ្យដ្រូននោះធ្លាក់ចុះមកលើដី។

លោក Seif បានពិពណ៌នាសកម្មភាពនេះថា ជាការប្រព្រឹត្តដ៏ក្លាហាន ប៉ុន្តែមានហានិភ័យខ្ពស់។ លោកបានលើកឡើងថា ការអន្តរាគមន៍របស់អ្នកបើកបររូបនេះ អាចជួយរារាំងការវាយប្រហារដែលអាចត្រូវបានគ្រោងទុកនៅក្នុងតំបន់អាកាសយានដ្ឋាន។

តាមព័ត៌មានដែលលោក Seif បានបង្ហាញ ដ្រូនដែលត្រូវបានបញ្ឈប់នោះ ត្រូវបានរកឃើញថាមានបំពាក់គ្រឿងផ្ទុះ និងឧបករណ៍បំផ្ទុះ។ បន្ទាប់ពីធ្លាក់ចុះមកដី អាជ្ញាធរបានចាប់ផ្តើមប្រមូលភស្តុតាង និងស៊ើបអង្កេតលើប្រភពដើម និងគោលបំណងនៃការប្រើប្រាស់ដ្រូននេះ។ អាជ្ញាធរអាល្លឺម៉ង់មិនទាន់បង្ហាញអត្តសញ្ញាណអ្នកបើកបររថយន្តក្រុងនោះទេ ហើយក៏មិនទាន់បញ្ជាក់ថា ដ្រូននេះមានប្រភពមកពីណា ឬតើវាអាចចូលទៅក្នុងតំបន់ដែលមានការរឹតបន្តឹងសន្តិសុខខ្ពស់របស់អាកាសយានដ្ឋានបានដោយរបៀបណានោះដែរ។

អាកាសយានដ្ឋាន Leipzig/Halle មានសារៈសំខាន់ខាងយុទ្ធសាស្ត្រ ដោយសារវាជាមូលដ្ឋានប្រតិបត្តិការសំខាន់សម្រាប់ Strategic Airlift International Solution (SALIS) ដែលជាកម្មវិធីដឹកជញ្ជូនតាមអាកាសរបស់បណ្តាប្រទេសសម្ព័ន្ធមិត្តណាតូ។ ប្រតិបត្តិការរបស់ SALIS ពឹងផ្អែកលើយន្តហោះដឹកទំនិញធុនធំប្រភេទ Antonov ដើម្បីដឹកជញ្ជូនសម្ភារៈ និងឧបករណ៍សម្រាប់បេសកកម្មផ្សេងៗ រួមទាំងការពង្រឹងសមត្ថភាពការពារនៅតំបន់ភាគខាងកើតរបស់អង្គការណាតូ។ ក្រៅពីតួនាទីពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ណាតូ អាកាសយានដ្ឋាននេះក៏ជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញដ៏សំខាន់មួយ និងត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ រួមទាំងក្រុមហ៊ុន DHL ផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានរាយការណ៍ថា ដ្រូនត្រូវបានរកឃើញនៅក្បែរយន្តហោះដឹកទំនិញ Antonov An-124 ជាច្រើនគ្រឿង ដែលជាយន្តហោះដឹកទំនិញធុនធំមួយក្នុងចំណោមប្រភេទធំបំផុតនៅលើពិភពលោក។ អ្នកសារព័ត៌មាន Reuters ក៏បានឃើញប៉ូលិសកំពុងប្រមូលភស្តុតាងនៅក្បែរយន្តហោះមួយគ្រឿង កាលពីព្រឹកថ្ងៃពុធ។

ជុំវិញហេតុការណ៍នេះ ក្រុមព្រះរាជអាជ្ញាសហព័ន្ធអាល្លឺម៉ង់បានបើកការស៊ើបអង្កេតប្រឆាំងភេរវកម្ម ដោយចាត់ទុកករណីនេះថាអាចជាការវាយប្រហារធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់សន្តិសុខរបស់ប្រទេស និងសន្តិសុខអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋ Saxony លោក Armin Schuster ក៏បានកោតសរសើរចំពោះភាពក្លាហានរបស់អ្នកបើកបររថយន្តក្រុងផងដែរ។ ទោះជាយ៉ាងណា លោកបានព្រមានថា សកម្មភាពបែបនេះមិនគួរត្រូវបានចាត់ទុកជាគំរូសម្រាប់សាធារណជនក្នុងការប្រឈមមុខនឹងដ្រូនដែលអាចផ្ទុកគ្រឿងផ្ទុះឡើយ ដោយសារវាអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំង។ លោក Schuster បានប្រាប់ស្ថានីយទូរទស្សន៍ក្នុងតំបន់ MDR ថា ការជូនដំណឹងទៅអាជ្ញាធរដែលមានសមត្ថកិច្ច គឺជាវិធីសាស្ត្រដែលមានសុវត្ថិភាពជាងសម្រាប់ប្រជាពលរដ្ឋនៅពេលប្រទះឃើញវត្ថុ ឬដ្រូនដែលគួរឱ្យសង្ស័យ។

ទន្ទឹមនឹងនេះ អធិការបតីអាល្លឺម៉ង់ Friedrich Merz បានធ្វើការហៅទូរស័ព្ទពិភាក្សាអំពីហេតុការណ៍ដ្រូននេះ ខណៈអ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា លោក Merz កំពុងរក្សាទំនាក់ទំនងជាបន្តបន្ទាប់ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Alexander Dobrindt និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត។

ហេតុការណ៍នេះកើតឡើងចំពេលអាល្លឺម៉ង់កំពុងបង្កើនការព្រួយបារម្ភអំពីការគំរាមកំហែងបែប “Hybrid Attacks” ដែលរួមមានសកម្មភាពរំខាន និងការវាយប្រហារដែលអាចកើតឡើងដោយមិនឈានដល់សង្គ្រាមបើកចំហ។ អាជ្ញាធរអាល្លឺម៉ង់កន្លងមកបានចោទប្រកាន់រុស្ស៊ីថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពប្រភេទនេះ ប៉ុន្តែទីក្រុងមូស្គូបានបដិសេធការចោទប្រកាន់។ រហូតមកដល់ពេលនេះ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងប៊ែរឡាំងមិនទាន់បានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ជុំវិញហេតុការណ៍ដ្រូននៅអាកាសយានដ្ឋាន Leipzig/Halle នោះឡើយ។

អាជ្ញាធរអាល្លឺម៉ង់កំពុងបន្តស៊ើបអង្កេត ដើម្បីកំណត់ប្រភពដើមរបស់ដ្រូន អ្នកដែលនៅពីក្រោយការបញ្ជូនវាចូលក្នុងតំបន់អាកាសយានដ្ឋាន និងគោលបំណងពិតប្រាកដនៃសកម្មភាពនេះ ខណៈហេតុការណ៍បានបង្កើនការយកចិត្តទុកដាក់លើសន្តិសុខនៅតាមហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់អាល្លឺម៉ង់។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters